ងរង៉ក់​ច្រើន ចង់​ឲ្យ​គេ​ខ្វល់​ខ្វាយច្រើន​ ជា​សញ្ញា​នៃ​​មនុស្ស​ស្រី​ដែល​មិន​ទាន់​រឹង​មាំ ​និង​ចាស់​ទុំ

  • 2020-02-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មជាតិ​នៃ​ក្មេង​ស្រី​គឺ​ចង់​ឲ្យ​គេ​ស្រឡាញ់ ចង់​ឲ្យ​គេ​ថ្នាក់ថ្នម​ទុក​ដូច​ជា​ព្រះ​នាង​អីចឹង ដូច្នេះ​ហើយ​នៅ​ពេល​ដែល​នាង​អន់​ចិត្ត​អី​បន្តិច​នាង​ក៏​ចាប់​ផ្ដើម​ងរង៉ក់​ចង់​ឲ្យ​គេ​លួង ចង់​ឲ្យ​គេ​ចាប់​អារម្មណ៍​ភ្លាម។

មនុស្ស​ស្រី​អាយុ ១៨​ឆ្នាំ​​ក្ដី ២០​ឆ្នាំ​ក្ដី ឬ​ក៏​ឈាន​ដល់​ ២២ ដល់​ ២៥​ឆ្នាំ​ក្ដី​ ឲ្យ​តែ​មាន​ចរិត​ងរង៉ក់​ច្រើន ឬ​ក៏​អន់​ចិត្ត​គ្រាន់​តែ​​គេ​មិន​បាន​ខ្វល់ខ្វាយ​នោះ គឺ​មិន​ខុស​អី​ពី​ក្មេង​ស្រី​នោះ​ទេ។ នេះ​មិន​មែន​មាន​ន័យ​ថា​មនុស្ស​ស្រី​ដែល​ចាស់ទុំ​មិន​អាច​អន់​ចិត្ត​បាន អ្នក​មិន​ត្រូវ​ការ​ឲ្យ​គេ​ខ្វល់ខ្វាយ​នោះ​ទេ តែ​គេ​មាន​ហេតុផល និង​រឿង​ដែល​ត្រូវ​ឲ្យ​រឿង​ងរង៉ក់​នោះ​កើត​ឡើង។

គ្រាន់​តែ​មិន​លើក​ទូរស័ព្ទ​អ្នក គ្រាន់​តែ​តប​សារ​អ្នក​យឺត គ្រាន់​តែ​មិន​បាន​និយាយ​ផ្អែម​ល្ហែម​ជាមួយ​អ្នក ហើយ​អ្នក​ក៏​ខឹង ក៏​ងរ​នោះ​អ្នក​ពិត​ជា​មនុស្ស​ស្រី​ទន់​ជ្រាយ និង​ក្មេង​ខ្ចី​ពេក​ហើយ។ មនុស្ស​ស្រី​ដែល​មាន​គំនិត​ចាស់​ទុំ និង​រឹងមាំ​គេ​មិន​ដែល​យក​ចិត្ត​ទុកដាក់ និង​ចំណាយ​ពេល​មិន​សប្បាយ​ចិត្ត ខឹង​អត់​ប្រយោជន៍​បែប​នេះ​នោះ​ទេ ព្រោះគេ​មាន​រឿង​រ៉ាវ​ច្រើន​ទៀត​ដែល​ត្រូវ​គិត និង​ធ្វើ​ឲ្យ​ខ្លួន​គេ​រីករាយ។

អ្នក​មិន​មែន​ជា​ក្មេង​ស្រី​ទៀត​នោះ​ទេ ហេតុ​អី​អ្នក​មិន​អាច​មើល​ថែ​ខ្លួន​ឯង​បាន ចាំ​បាច់​អី​ឲ្យ​តែ​ដៃ​គូ​អ្នក​គិត​ពី​អ្នក​គ្រប់​ជំហាន​នោះ។ ហេតុ​អី​មិន​គិត​ថា​នោះ​ដូច​ជា​ផ្ដល់​សម្ពាធ​ឲ្យ​គាត់​ពេក​ទេ​ដឹង? ពេល​ខ្លះ​ការងារ​គាត់​រវល់​សឹង​គ្មាន​ពេល​គេង ពេល​ខ្លះ​ការងារ​សាលា​ដាក់​សម្ពាធ​ឲ្យ​គេ​ពេក​ទៅ​ហើយ តែ​អ្នក​បែរ​ជា​មិន​ជួយ​ផ្ដល់​កម្លាំង​ចិត្ត ក៏​បែរ​ជា​បន្ថែម​រឿង​ស្មុគស្មាញ​ឲ្យ​គាត់​មួយ​ជាន់​ទៀត ធ្វើ​ឲ្យ​គាត់​ស្មុគស្មាញ​រឿង​ការងារ​ផង រៀន​ផង ហើយ​មក​ត្រូវ​អង្គុយ​លួង​អ្នក និយាយ​ជាមួយ​អ្នក​ទៀត។ ហេតុអី​ក៏​អ្នក​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​បែប​នេះ?

ចំណាយ​ពេល​ធ្វើ​ឲ្យ​ជីវិត​ស្នេហា​អ្នក​ចាស់ទុំ​ជាង​នេះ​ទៅ កុំ​មួយ​ថ្ងៃ​ៗ​គិត​តែ​រឿង​គេ​ទុក​អ្នក​ចោល គេ​មិន​ស្រឡាញ់​អ្នក ទាំង​ការ​ពិត​គាត់​មាន​សម្ពាធ​ខ្លាំង​ទាំង​ដែល​សង្សារ​ខ្លួន​ឯង​មិន​ដែល​យល់។

ចាំ​ណា! មនុស្ស​ស្រឡាញ់​គ្នា​មិន​បាច់​ទាមទារ​ពី​គ្នា​ពេក​នោះ​ទេ គេ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ក្ដី​ស្រឡាញ់​ដ៏​សមល្មម​មួយ​ដែល​រឹងមាំ ច្បាស់លាស់ មិន​មែន​អង្គុយ​មើល​មុខ​គ្នា ក៏​ឆ្អែត​មិន​បាច់​ត្រូវ​ការ​លុយ​ទិញ​បាយ​ញ៉ាំ​នោះ​ទេ។

រក​មនុស្ស​ដែល​រវល់​ដើម្បី​អនាគត​ទាំង​អស់​គ្នា ហើយ​ឆ្លៀត​ពេក​តិចតួច​ដែល​សល់​ប៉ុន្មាន​ដើម្បី​អ្នក ជាជាង​ចង់​បាន​មនុស្ស​ដែល​ចំណាយ​ពេល​ជាមួយ​អ្នក​ទាំង​គ្មាន​ការងារ​ផ្សេង​ត្រូវ​ធ្វើ​នោះ៕

ចុចអាន៖ទទួល​យក​ស្នេហា​បែប​ណា​ទើប​មិន​សូវ​ឈឺចាប់? អ្វី​ដែល​មនុស្ស​ស្រី​គួរ​ដឹង និងស្វែងយល់

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម