ទទួលយកស្នេហាបែបណាទើបមិនសូវឈឺចាប់? អ្វីដែលមនុស្សស្រីគួរដឹង និងស្វែងយល់
- 2018-12-13 08:05:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលយកស្នេហាបែបណាទើបមិនសូវឈឺចាប់? អ្វីដែលមនុស្សស្រីគួរដឹង និងស្វែងយល់
ចែករំលែកបទពិសោធន៍ស្នេហាមួយទៅកាន់មនុស្សស្រីគ្រប់គ្នាដែលកំពុងមានស្នេហាដ៏ស្រស់បំព្រងក្ដី ឬកំពុងវេទនាចិត្តក្ដី ខ្ញុំសុទ្ធតែចង់ឲ្យអ្នកចំណាយពេលអានអត្ថបទខាងក្រោមនេះ។
អាយុ២៥ ឆ្នាំ ខ្ញុំខ្លួនឯងធ្លាប់មានសង្សារ ៣នាក់ ហើយម្នាក់គឺមានចរិតខុសគ្នា តែចង់ប្រាប់ថាពួកគេសុទ្ធតែជាអតីតកាលរបស់ខ្ញុំ ហើយពេលនេះគឺខ្ញុំគ្មានស្នេហាជាមួយអ្នកណាទេ។
សង្សារទី១ ជាមនុស្សប្រុសម្នាក់ចិត្តល្អ ចេះជួយយកអាសាណាស់ ។ គាត់ស្រឡាញ់ខ្ញុំណាស់ ជួយខ្ញុំគ្រប់រឿងឲ្យតែខ្ញុំពឹងគាត់ឲ្យជួយ តែទាក់ទងគ្នាបានប្រហែលមួយឆ្នាំខ្ញុំចាប់ផ្ដើមមានសម្ពាធផ្លូវចិត្តខ្លាំងរហូតមិនអាចបន្តជាមួយគាត់បាន។ គាត់រឹតត្បិតសេរីភាពខ្ញុំខ្លាំង រហូតសឹងតែមិនឲ្យទាក់ទងជាមួយមនុស្សប្រុសទាំងអស់ គាត់ហាមនេះហាមនោះ ហើយសូម្បីតែរឿងផ្ទាល់ខ្លួនខ្ញុំគាត់ក៏លូកដៃ និងទាមទារដឹងដែរ។ គាត់កាន់តែបែបនេះខ្ញុំកាន់តែធុញទ្រាន់ ហើយខ្ញុំសម្រេចចិត្តបែកគ្នាពីគាត់ឲ្យខានតែបានទោះបីគាត់ព្រមឬមិនព្រមក៏ដោយ។
សង្សារទី២ ក៏ជាមនុស្សប្រុសល្អម្នាក់ដែរ ហើយពួកយើងគឺមានចរិតត្រូវគ្នាល្អណាស់ ហើយសម្ពាធក៏គ្មានបញ្ហាដូចពីមុនដែរ តែកន្លងបាន ៣ឆ្នាំ ពួកយើងនៅតែបែកគ្នា។ បែកគ្នានេះមិនមែនពួកយើងលែងស្រឡាញ់គ្នាទេ តែដោយសារពួកយើងមិនចុះសម្រុងគ្នា រកាំរកូសមិនចេះចប់ហើយ រហូតក្លាយជាទម្លាប់។ នៅយូរកាន់តែឈឺចាប់ ដូច្នេះខ្ញុំក៏សម្រេចចិត្តដើរចេញតែម្ដង ទោះចិត្តនៅស្រឡាញ់គ្នាក៏ដោយ។
សង្សារទី៣ គឺខ្ញុំជាអ្នកស្រឡាញ់គេមុន រហូតគេក៏ស្រឡាញ់ខ្ញុំវិញ តែអ្វីដែលពិបាកនោះគឺគេមិនសូវខ្វល់ មិនសូវស្រឡាញ់ខ្ញុំដូចខ្ញុំស្រឡាញ់គេនោះទេ។ គេមិនសូវមានពេលសម្រាប់ខ្ញុំ គេមិនសូវសួរនាំពីខ្ញុំ ហើយគេតែងតែទុកខ្ញុំចោលជារឿយ។ តែដោយសារស្រឡាញ់គេពេកខ្ញុំក៏ចេះតែព្យាយាម ហើយមិនហ៊ានរករឿងអីច្រើនដែរ។ បានជិត២ឆ្នាំ ខ្ញុំក៏ចាប់ចាប់មានអារម្មណ៍ថាហត់នឿយ លែងមានអារម្មណ៍ពុះកញ្ជ្រោលតស៊ូទ្រាំទ្រទៅមុខទៀតបាន ព្រោះជីវិតខ្ញុំមានគាត់ និងគ្មានគាត់មិនខុសគ្នាទេ ហើយបើមានគាត់កាន់តែគ្រាំចិត្តព្រោះត្រូវទទួលការឈឺចាប់ គិតច្រើនតែម្នាក់ឯង។ ខ្ញុំក៏បានសុំគាត់បែកគ្នា ហើយមិនបានប៉ុន្មានគាត់ក៏សុំខ្ញុំត្រូវវិញហើយសន្យាថាមិនទុកខ្ញុំចោលទៀតទេ តែវាហួសពេលហើយ។
បទពិសោធន៍ស្នេហា៣ដងនេះសឹងតែធ្វើឲ្យខ្ញុំរាងចាលលើស្នេហា តែវាក៏បានបង្រៀនខ្ញុំឲ្យយល់អ្វីជាច្រើនដែលខ្ញុំមិនដែលដឹងពីមុនសោះ។
ការតឹងតែង ស្រឡាញ់ជ្រុលពេក ក៏មិនមែនជាស្នេហាដែលល្អដែរ។ ការមិនចេះយល់យោគគ្នា គិតតែត្រូវរៀងខ្លួនក៏មិនអាចរក្សាស្នេហាឲ្យល្អបានដែរ។ ការមិនខ្វល់ខ្វាយ ការព្រងើយកន្តើយពេកក៏មិនមែនជាស្នេហាដែលល្អសម្រាប់មនុស្ស ២នាក់ដែរ។
គ្មានអ្វីអាចល្អគ្រប់ដប់ទេ តែបើអ្នកមិនចង់ខកចិត្ត ឈឺចាប់លើស្នេហាអ្នកត្រូវចេះរបៀបស្រឡាញ់ និងរបៀបរើសមនុស្សដែលអ្នកត្រូវកាន់ដៃជាមួយ។
កុំបាច់ឲ្យអ្នកណាម្នាក់ស្រឡាញ់អ្នកខ្លាំងលើសពេក ហើយរឹតតែកុំស្រឡាញ់អ្នកម្នាក់ឲ្យអស់ពីខ្លួនពេក នោះទើបអ្នកមិនសូវឈឺចាប់។ រើសមនុស្សដែលអ្នកស្រឡាញ់គេ ហើយគេក៏ស្រឡាញ់អ្នកដូចគ្នា។ រើសមនុស្សដែលចេះស្ដាប់ហេតុផល ចេះអធ្យាស្រ័យ និងចេះចាញ់គ្នាម្ដងម្នាក់។ រើសមនុស្សដែលយល់ពីអ្នក ខ្វល់ពីអ្នក ហើយមិនទុកអ្នកជាតុក្កតាចង់ឱបក៏ ចង់ធាក់ចេញក៏ធាក់។
បើអ្នកនៅជាមួយអ្នកណាគិតថាមានសម្ពាធរហូតមិនអាចទ្រាំទ្របាន ក៏ចាកចេញទៅ ព្រោះជីវិតអ្នកមិនគួរណាបញ្ចប់ត្រឹមភាពសោកសៅបែបនេះឡើយ៕
ចុចអាន៖៦ យ៉ាងមនុស្សស្រីមិនគួរបណ្ដោយខ្លួនឲ្យមាន ទោះស្រឡាញ់គេខ្លាំងប៉ុណ្ណាក៏ដោយ