ដឹងអត់? កាដូដែលអ្នកទទួលបាននៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ក៏មានអត្ថន័យបង្កប់ពីក្រោយដែរ
- 2020-02-14 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់? កាដូដែលអ្នកទទួលបាននៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ក៏មានអត្ថន័យបង្កប់ពីក្រោយដែរ
ក្នុងទិវានៃសេចក្តីស្រឡាញ់ មនុស្សម្នាគ្រប់ទិសទីនៅលើសកលលោកចែករំលែកក្តីស្រឡាញ់ឱ្យគ្នាតាមរយៈការឱ្យជាកាដូ ផ្កា ឬ ការចំណាយពេលជួបជុំគ្នាជាដើម។ យ៉ាងណាមិញ កាដូ ឬ ការណាត់ជួបគ្នាទាំងនោះសុទ្ធសឹងតែមានអត្ថន័យពីក្រោយ ជាពិសេសវាអាចប្រាប់ពីគោលបំណងរបស់អ្នកជូនទៀតផង៖
១. សូកូឡាមួយប្រអប់៖ បើគេជូនសូកូឡាទៅអ្នកជាកាដូក្នុងថ្ងៃពិសេសនេះ គេអាចជាមនុស្សដែលមានភាពផ្អែមល្ហែមព្រោះគិតឃើញទិញរបស់ដែលមានរសជាតិផ្អែមជូនអ្នក តែកាដូប្រភេទនេះក៏មានន័យថាគេម្នាក់នោះរួសរាន់ទិញវាភ្លាមៗដោយមិនបានមានគម្រោងទុកមុនឡើយ។
២. ផ្កាកុលាប ១ទង៖ អ្នកឱ្យផ្កាកុលាប១ទង គឺជាមនុស្សដែលមានភាពរ៉ូមែនទិក តែក៏មិនមែនប្រភេទងប់ងុលពេកដែរ។ គេព្យាយាមយកចិត្តអ្នក និង បង្ហាញពីក្តីស្រឡាញ់ចំពោះអ្នកតែមិនចង់បង្ហាញថាមានលក្ខណៈពិសេសអ្វីខ្លាំងនោះទេ។
៣. ផ្កាកុលាបមួយបាច់ធំ៖ ការឱ្យផ្កាក្នុងចំនួនច្រើនបែបនេះអាចមានន័យថា គេចូលចិត្តបង្ហាញឱ្យអ្នកដឹងថាអ្នកជាមនុស្សពិសេស និង សំខាន់សម្រាប់គេ ហើយគេក៏ដឹងថាអ្នកនឹងមានការរំភើបអបអរនឹងការថតរូបជាមួយបាច់ផ្កាដ៏ស្រស់ស្អាតនោះផងដែរ។
៤. គ្រឿងអលង្ការ៖ ថ្វីដ្បិតតែវាគឺកាដូដែលមានតម្លៃ ហើយ អ្នកគួរតែសប្បាយចិត្តនឹងទទួល ក៏ប៉ុន្តែវាបង្ហាញថាអ្នកដែលជូនកាដូប្រភេទនេះជាមនុស្សចូលចិត្តចំណាយច្រើន ហើយ អាចព្រោះគេគិតថាអ្នកជាមនុស្សចូលចិត្តភាពឆើតឆាយផងដែរ។
៥. កាដូដែលមិនសូវពេញនិយម៖ ការជូនផ្កា ឬ សូកូឡា គឺមានគ្រប់ទីកន្លែងទៅហើយ ដូច្នេះបើមានអ្នកដែលជូនប្រភេទកាដូដែលមានលក្ខណៈប្លែកពីអ្នកដទៃ វាអាចបង្ហាញថាគេបានគិតគូពិចារណាច្បាស់លាស់ និង ខ្វល់ខ្វាយពីអ្នកយ៉ាងខ្លាំង។
៦. អត់បានអីសោះ៖ ហេតុផលអ្នកមិនបានទទួលអ្វីពីគេព្រោះអ្នកគ្មានទំនាក់ទំនងស្នេហាជាមួយនរណា ឬ មិនសូវមានមិត្តភក្តិជាដើម។ យ៉ាងណាមិញ ហេតុផលមួយទៀតដែលអ្នកមិនបានទទួលអ្វីក្នុងថ្ងៃពិសេសនេះ ព្រោះអ្នកបានប្រាប់គេគ្រប់គ្នាថាអ្នកមិនចង់បានអ្វីនៅថ្ងៃនេះឡើយ។
៧. ការញុំាអាហារពេលល្ងាចជុំគ្នា៖ បើមានអ្នកបបួលអ្នកចេញទៅញុំាអាហារជាមួយគ្នាក្នុងថ្ងៃ ១៤កុម្ភៈនេះ មានន័យថាគេឱ្យតម្លៃលើពេលវេលាជាមួយអ្នកជាងកាដូ ឬ របស់មានតម្លៃគ្រប់ប្រភេទ។ វាក៏អាចមានន័យថា គេស្គាល់អ្នកច្បាស់ថាអ្នកមិនចូលចិត្តទទួលយកកាដូអ្វីឡើយ គឺគ្រាន់ចង់មានមនុស្សជាទីស្រឡាញ់នៅក្បែរ និង ចំណាយពេលវេលាជាមួយគ្នាគឺគ្រប់គ្រាន់ហើយ៕
អានបន្ត៖ រឿងដែលយុវវ័យគួរធ្វើក្នុងទិវានៃសេចក្តីស្រឡាញ់ ជាមួយមិត្តភ័ក្តិ គ្រួសារ និង គូសង្សារ