ខំប្រឹងធ្វើការខ្លាំងពេក អ្នកនឹងប្រឈមខ្ពស់ជាមួយជំងឺ ៩ មុខនេះ

  • 2020-02-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នា​សម័យ​​បច្ចុប្បន្ន​​មនុស្ស​ម្នាក់​ៗ​ខិត​ខំ​ស្វះស្វែង​ខ្លាំង​ណាស់ ដើម្បី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ រហូត​​មាន​ពេល​ខ្លះ​ប្រឹង​ធ្វើ​ការងារ​​ដល់​ថ្នាក់​ហួស​ម៉ោង មិន​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​សុខភាព ញ៉ាំ​អាហារ​មិន​ទៀង​ទាត់​ត្រឹម​ត្រូវ សម្រាក​ក៏​​មិន​បាន​គ្រប់គ្រាន់​ទៀត។ ទាំង​នោះ​ហើយ​ជា​មូលហេតុ បណ្តាល​ឲ្យ​រាង​កាយ​ឆាប់​​ចុះ​ខ្សោយ​ទ្រុឌ​ទ្រោម ប្រឈម​នឹង​ជំងឺ​ផ្សេងៗ ប្រាក់​ខែ​ច្រើន​ប៉ុនណា​ក៏​លែង​មាន​ន័យ​អី​ទៀត​ដែរ។

១. ប៉ះពាល់​សាច់ដុំ

រូបតំណាង

​ជំងឺ​ទូ​ទៅ​ដែល​តែង​តែ​កើត​មាន​ចំពោះ អ្នក​​ដែល​ធ្វើ​ការ​នៅ​ការិយាល័យ ហើយ​ចូល​ចិត្ត​អង្គុយ​មុខ​កុំព្យូទ័រ​យូរ​ម៉ោង មិន​​​សូវ​ផ្លាស់​ប្តូរ​កាយ​វិការ គឺ​អាច​បណ្តាល​ឲ្យ​សាច់​ដុំ​ប្រែ​ទៅ​ជា​​ រឹង ស្ពឹក​ស្រពន់ ឬ​ការ​រលាក​សាច់​ដុំ​ផង​ដែរ។

២. តឹង​ច្រមុះ

អាការៈ​ផ្តាសាយ​ ឈឺ​បំពង់​ក​ ហៀរសំបោរ​ ឬ​តឹង​ច្រមុះ ជា​ជំងឺ​​ទូ​ទៅ​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក ខំ​ប្រឹង​ធ្វើ​ការ​ខ្លាំង​ពេក ហើយ​សម្រាក​មិន​បាន​គ្រប់​គ្រាន់ នោះ​រាង​កាយ​​នឹង​ខ្សោះ​អស់​​កម្លាំង ប្រព័ន្ធ​ការពារ​រាង​កាយ​ក៏​ចុះ​ខ្សោយ បណ្តាល​ឲ្យ​អ្នក​ងាយ​​រង​ឥទ្ធិពល​ពី​ជំងឺ​ទាំង​នេះ​ញឹក​ញាប់​ខ្លាំង​ណាស់​។

៣. ឈឺក្បាល​ប្រកាំង

ឈឺ​មួយ​ចំហៀង​ក្បាល ឬ​ឈឺ​ក្បាល​វិល​មុខ សុទ្ធ​សឹង​តែ​បង្ក​មក​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​ហួស​កម្រិត។ ដោយ​សារ​ភាព​តាន​តឹង ស្រ្តេស អស់​កម្លាំង គេង​មិន​គ្រប់​ ទើប​បណ្តាល​ទៅ​ជា​បែប​នេះ​។

រូបតំណាង

៤. ឡើង​ទម្ងន់

​ការ​អង្គុយ​យូរ​ម៉ោង​ពេក​​រៀង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​រាង​កាយ​មិន​អាច​ដុត​បំផ្លាញ​កាឡូរី​បាន​ល្អ បង្ក​ទៅ​ជា​ឡើង​ការ​ឡើង​ទម្ងន់ ជំងឺ​ទឹក​នោម​ផ្អែម និង​សរសៃឈាម​បេះដូង​ជា​ដើម​។

រូបតំណាង

៥. ខ្សោយ​ភ្នែក

​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​នៅ​មុខ​កុំព្យូទ័រ​យូរ​ម៉ោង​ពេក អ្នក​អាច​នឹង​ភ្លេច​ព្រេច​ភ្នែក​ឲ្យ​បាន​ញឹក​ញាប់ ជា​ហេតុ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ភ្នែក ធ្វើ​ឲ្យ​​ភ្នែក​ស្ងួត​ ស្រវាំង​ ​ថែម​ទាំង​អាច​ឈឺ​ក្បាល ក និង​ស្មា​ផង​ដែរ។ បើ​នៅ​តែ​បន្ត​បែប​នេះ ភ្នែក​របស់​អ្នក​នឹង​ឆាប់​ចុះ​ខ្សោយ​មុន​វ័យ​​មិន​ខាន​ទេ។

៦. លើស​សម្ពាធ​ឈាម

ស្រេ្តស​ច្រើន ក៏​អាច​បណ្តាល​ឲ្យ​លើស​សម្ពាធ​ឈាម​បាន​ដែរ។ មិន​តែ​ប៉ុណ្ណោះ វា​នឹង​ចាប់​ផ្តើម​ចូល​ទៅ​បំផ្លាញ​សរីរាង្គ​ខាង​ក្នុង ធ្វើ​ឲ្យ​អ្នក​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់សរសៃឈាមខួរក្បាល ស្លាប់​មួយ​ចំហៀង​ខ្លួន ខ្សោយ​ក្រលៀន រួម​ទាំង​ជំងឺរ៉ាំរ៉ៃ​​ផ្សេង​ៗ​។

រូបតំណាង

៧. ​ជំងឺ​ទឹក​នោម​ផ្អែម

មាន​មនុស្ស​ជា​ច្រើន​បាន​ញ៉ាំ​របស់​ផ្អែម​ៗ ដើម្បី​បន្ធូរ​ភាព​តាន​តឹង​និង​ភាព​នឿយ​ហត់ ប៉ុន្តែ​​បើ​ឧស្សាហ៍​​ញ៉ាំ​ញឹក​ញាប់ កម្រិត​ជាតិ​ស្ករ​នឹង​ឡើង​កាន់​តែ​ខ្លាំង បណ្តាល​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។​

៨. ច្រាល​​ជាតិ​អាស៊ីដ

ជា​ធម្មតា​​អ្នក​ដែល​​​​ខិត​ខំ​ធ្វើ​ការ​ខ្លាំង តែង​ញ៉ាំ​អាហារ​លឿន និង​ចូល​ចិត្ត​ញ៉ាំ​របស់​ហឹរ​ ជូរ អាហារ​បំពង ឬ​ភេសជ្ជ​សូដា ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ជាតិ​អាស៊ីដ​ច្រាល​ឡើង​។

​​៩. ជំងឺ​រលាក​តម្រងនោម

ផឹក​ទឹក​បាន​តិច ឬ​ផឹក​កាហ្វេ​ជំនួស ធ្វើ​ឲ្យ​អ្នក​ខក​ខាន​មិន​បាន​ទៅ​បន្ទប់​ទឹក​​បត់​ជើង​តូច យូរ​ៗ​ទៅ​នឹង​ក្លាយ​ជា​ទម្លាប់​អាក្រក់​ បង្ក​ជា​​​ផល​ប៉ះ​ពាល់​ដល់​តម្រង​នោម​យ៉ាង​ខ្លាំង​។

ទោះ​បី​ការងារ​មមាញឹក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ គួរ​ឆ្លៀត​ពេល​គិតគូរ​ថែរក្សា​សុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ ពុំ​ដូច្នោះ​ទេ ទោះ​រក​លុយ​បាន​ច្រើន​ប៉ុនណា​ក៏​មិន​​អាច​ប្តូរ​ផ្លាស់​ជាមួយ​នឹង​សុខភាព​បាន​​ដែរ​៕​

រូបតំណាង

ចុចអានបន្ត៖ ​នៅ​ពេល​មនុស្ស​ស្ត្រេស​​ខ្លាំង​ដល់​កំពូល រាង​កាយ​នឹង​ចេញ​រោគ​សញ្ញា​​​ ១០​​នេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម