នារីវៃឆ្លាតនិងកាន់តែជោគជ័យ មិនដែលរំលងទម្លាប់ល្អៗប្រចាំថ្ងៃទាំងនេះទេ

  • 2020-02-03 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់​​ខុស​ៗ​គ្នា ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ទម្លាប់​ទាំង​នោះ​​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​ ៣​ខុស​ៗ​គ្នា​៖

  • ទី១៖ ទម្លាប់​ទូ​ទៅ​​ដែល​អ្នក​​មិន​សូវ​ចាប់​អារម្មណ៍ ប៉ុន្តែ​វា​គឺ​ជា​​សកម្មភាព​​ដែល​ចោល​មិន​បាន​​មាន​ដូច​ជា ការ​ដុសធ្មេញ ងូតទឹក ឬ​ស្លៀក​ពាក់​ជា​ដើម​។

  • ទី​២៖ ទម្លាប់​ល្អ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​មាន​ដូច​ជា ការ​ញ៉ាំ​អាហារ​ជំនួយ​ដល់​សុខភាព ការ​ហាត់​ប្រាណ និង​ការ​អាន​សៀវភៅ​ជា​ដើម។

  • ទី​៣៖ ទម្លាប់​អាក្រក់​ដែល​អាច​នាំ​ផល​អវិជ្ជមាន​​ដល់​អ្នក​មាន​ដូច​ជា ចូល​ចិត្ត​ពន្យារពេល​​មិន​ព្រម​បញ្ចប់​កិច្ចការ​ឲ្យ​រួច​រាល់ ជក់​បារី បំផ្លាញ​សុខភាព​...។

រូបតំណាង

ទម្លាប់​ប្រចាំ​ថ្ងៃ ប្រៀប​បាន​ដូច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​​ពី​ចំណេះ​ដឹង ​សមត្ថភាព ហើយ​ក៏​​ជា​ព្រួញ​ចង្អុល​បង្ហាញ​អ្នក​ទៅ​​កាន់​គោល​ដៅ​ រួម​ទាំង​ភាព​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​ផង​ដែរ។ ហេតុ​នេះ​ហើយ នារី​ដែល​វៃ​ឆ្លាត តែង​តែ​មាន​ទម្លាប់​ល្អ​ៗ​ទាំង​នេះ​ជាប់​ខ្លួន​ជានិច្ច​។

១. តាំង​ចិត្ត​ឲ្យ​ស្ងប់

រូបតំណាង

ជា​រៀង​រាល់​ព្រឹក បន្ទាប់​ពី​ភ្ញាក់​ឡើង​គួរ​ចំណាយ​ពេល​​​បន្តិច​​ដើម្បី​សមាធិ ឬ​សម្រួល​ចិត្ត​ឲ្យ​ស្ងប់ ដោយ​គិត​ដល់​រឿង​ល្អៗ ដើម្បី​ពង្រឹង​ផ្លូវ​ចិត្ត​ឲ្យ​រឹង​មាំ​នឹងន​​បាន​ពេញ​មួយ​ថ្ងៃ។ វា​ថែម​ទាំង​​​អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា មាន​​គំនិត​ថ្មី​ៗ ដើម្បី​ធ្វើ​​កិច្ចការ​​ផ្សេង​ៗ​ដោយ​​មិន​​ស្មុគស្មាញ​ទាល់​ច្រក។

២. ឲ្យ​តម្លៃ​នូវ​អ្វី​ដែល​ខ្លួន​ឯង​កំពុង​តែ​មាន

ជួនកាល​​អ្នក​បាន​ខ្ជះខ្ជាយ​ពេល​​វេលា​លើស​កម្រិត​ ដើម្បី​គិត​ទៅ​លើ​អ្វី​ដែល​មិន​ទាន់​មាន ជា​ហេតុ​បណ្តាល​ឲ្យ​អារម្មណ៍​យល់​ថា​ជីវិត​ហាក់​បី​ដូច​ជា​មិន​គ្រប់គ្រាន់​ទាល់​តែ​សោះ​ នៅ​តែ​ខ្វះ​នេះ​ខ្វះ​នោះ​មិន​ចេះ​ចប់​។ ថ្វី​ត្បិត​តែ​ជីវិត​ត្រូវ​មាន​​មហិច្ឆតា​ ដើម្បី​ជំរុញ​ឲ្យ​អ្នក​​ខំ​ប្រឹង​បន្ថែម​ ប៉ុន្តែ​​យ៉ាង​ហោច​ក៏​គួរ​ចេះ​ស្កប់ស្កល់ ពេញ​ចិត្ត​ឲ្យ​តម្លៃ​នូវ​អ្វី​ដែល​ខ្លួន​កំពុង​តែ​មាន ទើប​ទទួល​បាន​សន្តិភាព​ផ្លូវ​ចិត្ត​ និង​អាច​​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​​។​​​​​​

៣. ញញឹម

រូបតំណាង

មុន​នឹង​បន្ត​​អាន​អត្ថបទ​មួយ​នេះ តើ​អ្នក​អាច​ឈប់​មួយ​ភ្លែត​ហើយ​ញញឹម​បន្តិច​សិន​បាន​ទេ?

គ្រាន់​តែ​ញញឹម​ វា​មិន​ខាត​បង់​ឬ​ជា​រឿង​​ពិបាក​ធ្វើ​​អី​ឡើយ​​ មាន​តែ​ផ្តល់​ប្រយោជន៍​ជា​ច្រើន​នឹក​ស្មាន​មិន​ដល់​។ ការ​ញញឹម អាច​ជួយ​បន្ធូរ​ភាព​តាន​តឹង អាច​ធ្វើ​ឲ្យ​អ្នក​ផ្តោត​អារម្មណ៍​បាន​ល្អ និង​ស្រស់​ស្រាយ​ ប្រសើរ​ជាង​​ការ​ធ្វើ​មុខ​ក្រញូវ​​អត់​អំណោយ​ទាន ដូច្នេះ​កុំ​ភ្លេច​ញញឹម​ឲ្យ​សោះ​ណា៎។

ចុចមើលវីដេអូ

៤. ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ដោយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជំនួយ​ដល់​សុខភាព​

រូបតំណាង

អាហារ​ពេល​ព្រឹក​ពិត​ជា​​សំខាន់​​ ដែល​អ្នក​មិន​គួរ​រំលង​ដាច់​ខាត។ ដរាប​ណា​អ្នក​ចង់​ជោគជ័យ ត្រូវ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី ដោយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ឲ្យ​បាន​ឆ្អែត​ល្មម​ ទើប​អាច​ការពារ​ពី​ភាព​នឿយ​ហត់​អស់​កម្លាំង ​ភាព​មួម៉ៅ​​ រួម​ទាំង​​អារម្មណ៍​មិន​ល្អ​ទាំង​ឡាយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ការងារ​ផ្សេងៗ។

៥. ហាត់​ប្រាណ

រូបតំណាង

អ្នក​អាច​ហាត់​ប្រាណ ២-៣​ដង​ ក្នុង​មួយ​សប្តាហ៍ ឬ​រាល់​ថ្ងៃ​កាន់​តែ​ល្អ។ មិន​ចាំ​បាច់​ត្រូវ​រត់​ឬ​លើក​ដុំ​ដែក​ធ្ងន់​ៗ​ពេក​ក៏​បាន សំខាន់​ឲ្យ​តែ​​បាន​បញ្ចេញ​ញើស​ចាប់​ពី​២០-៣០​នាទី​ នោះ​ជាតិ​ពុល​​អាក្រក់​​ៗ​នឹង​​ចេញ​ពី​ក្នុង​រាង​កាយ ធ្វើ​ឲ្យ​សុខភាព​មាំ​មួន អារម្មណ៍​ក៏​ស្រស់​ថ្លា។

៦. គ្រប់​គ្រង​​ពេលវេលា​ឲ្យ​​ដូច​គ្នា​នឹង​ការ​គ្រប់គ្រង​លុយ​កាក់

​​​​ទម្លាប់​ល្អ​មួយ​ទៀត​ដែល​មិន​អាច​ខ្វះ​បាន​គឺ​ការ​ចេះ​គ្រប់​គ្រង​ពេល​វេលា។ មនុស្ស​ម្នាក់​ៗ​មាន​ពេល​ ២៤​ម៉ោង​ ក្នុង​មួយ​ថ្ងៃ​ដូច​ៗ​គ្នា ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​ នោះ​គឺ​ការ​ចេះ​លៃលក​បែង​ចែក​ពេលវេលា​ឲ្យ​បាន​ត្រឹម​ត្រូវ។ កុំ​​នៅ​អង្គុយ​រអ៊ូ​ថា​គ្មាន​ពេល ហើយ​បណ្តែត​បណ្តោយ​ឱកាស​ឲ្យ​​រសាត់​ទៅ​ទទេ​ៗ។ ការ​បាត់​បង់​ពេល​វេលា​មិន​ខុស​គ្នា​ពី​ការ​បាត់​បង់​លុយ​កាក់​ឡើយ។

៧. កំណត់​គោល​ដៅ​ប្រចាំ​ថ្ងៃ

រូបតំណាង

អ្នក​ប្រហែល​មាន​គម្រោង​បើក​មុខ​របរ​រក​ស៊ី ឬ​គោល​ដៅ​ធំ​ដុំ​មួយ​សម្រាប់​ជីវិត។ យ៉ាង​ណា​មិញ​ មុន​នឹង​ឈាន​ដល់​ចំណុច​​ទាំង​នោះ​ អ្នក​ក៏​ត្រូវ​​​ផ្តើម​ចេញ​​ពី​​​ការ​រៀប​ចំ​ផែន​ការ​តូច​ៗ​​​ប្រចាំ​ថ្ងៃ​​សិន​ដែរ​​ ដើម្បី​អភិវឌ្ឍ​បន្តិច​ៗ​ម្តង​ៗ រហូត​អាច​​សម្រេច​​នូវ​អ្វី​ដែល​បាន​គ្រោង​ទុក។

៨. ស្វែង​រក​កម្លាំង​ចិត្ត

និយាយ​ដល់​ត្រង់​ចំណុច​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​​​ទេ​ ដោយ​សារ​តែ​កម្លាំង​ចិត្ត​​មិន​​អាច​មាន​លំនឹង​​​ស្ថិត​ស្ថេរ​រហូត​បាន​​ឡើយ​។ មាន​ឡើង​មាន​ចុះ ពេល​ខ្លះ​អ្នក​​អាច​​នឹង​​​រឹង​មាំ ហើយ​ពេល​ខ្លះ​ទៀត​អ្នក​ក៏​គ្មាន​កម្លាំង​ចិត្ត​គ្រប់​គ្រាន់​ រួច​ក៏​គិត​ចង់​បោះ​បង់​ចោល​ម្តង​ៗ​ដែរ។ ទោះ​ជា​បែប​នេះ​ក្តី ត្រូវ​ចាំ​ថា ដរាប​ណា​គ្មាន​កម្លាំង​ចិត្ត​ អ្នក​នឹង​ប្រែ​ក្លាយ​​ជា​មនុស្ស​ទន់​ខ្សោយ កុំ​ថា​ឡើយ​អ្នក​ដទៃ​ សូម្បី​ខ្លួន​ឯង​ ក៏​ជួយ​សង្គ្រោះ​មិន​បាន​ដែរ ដូច្នេះ​ហើយ​មាន​ដង្ហើម ត្រូវ​តែ​រស់​នៅ​ដោយ​គំនិត​វិជ្ជមាន​ សុភមង្គល មិន​អោប​ក្រសោប​ទុក្ខ​យូរ​ពេក ទើប​អាច​ឆ្ពោះ​ទៅ​រក​ជោគជ័យ​​​បាន​យ៉ាង​ពិត​ប្រាកដ​៕​

រូបតំណាង

ចុចអានបន្ត៖ ពាក្យ​ទាំង ៥​ហាម​និយាយ ​ទៅ​កាន់​មនុស្ស​កំពុង​​បាក់​ទឹក​ចិត្ត

ប្រភព៖ lifehack ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម