ពាក្យ​ទាំង ៥​ហាម​និយាយ ​ទៅ​កាន់​មនុស្ស​កំពុង​​បាក់​ទឹក​ចិត្ត

  • 2020-01-30 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​អាច​នឹង​មិន​ដឹង​ថា​នៅ​ពេល​មនុស្ស​ក្បែរ​ខ្លួន​យើង​មាន​រឿង​ខូច​ចិត្ត ឬ​កំពុង​មាន​បញ្ហា ពាក្យ​សម្ដី​ខ្លះ​​​ដែល​យើង​​និយាយ​ដើម្បី​លួងលោម​គេ​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​លើស​ដើម ទាំង​យើង​មិន​បាន​តាំង​ចិត្ត​សូម្បី​បន្តិច។ ដូច្នេះ​ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​តិចនិក​ដើម្បី​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​លួងលោម​ដ៏​ល្អ ដោយ​គ្រាន់​តែ​ចៀសវាង​ ពាក្យ​ចំនួន ៥​ខាង​ក្រោម​នេះ៖

១. ហាម​និយាយ​ថា “កុំ​​បាច់​គិត​ច្រើន​ពេក”

ឧទាហរណ៍៖ នៅ​ពេល​​ផ្ទះ​មិត្ត​របស់​អ្នក​ត្រូវ​ចោរ​ប្លន់

A: ណ្ហើយ... កុំ​ទៅ​គិត​ច្រើន​អី

B: កុំ​ឲ្យ​គិត​ច្រើន​ម៉េច ហ្អែង​មិន​ជួប​ដូច​គ្នា​ ចេះ​តែ​និយាយ​បាន​ហើយ

អ្វី​ដែល​គួរ​ធ្វើ៖ ផ្ដល់​កម្លាំង​ចិត្ត

ខណៈ​ពេល​ដែល​មនុស្ស​ជុំវិញ​ខ្លួន​យើង​​កំពុង​ពិបាក​ចិត្ត សូម​កុំ​លួងលោម​ដោយ​ប្រើ​ពាក្យ “កុំ” ព្រោះ​ពាក្យ​នេះ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បង្ខំ ឬ​បញ្ជា​ច្រើន​ជាង​លួងលោម។ ដូច្នេះ​ហើយ​បើ​ជួប​ស្ថានភាព​បែប​នេះ គួរ​តែ​ផ្ដល់​កម្លាំង​ចិត្ត និង​សាកល្បង​នាំ​គេ​ធ្វើ​សកម្មភាព​អ្វី​​មួយ ដែល​​អាច​​ឲ្យ​គេ​ចាក​ចេញ​ពី​ការ​កើត​ទុក្ខ​បាន ដូចជា​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ​ធ្វើ​បុណ្យ ដាំ​ដើម​ឈើ ឬ​ទៅ​ដើរ​លេង​អី​ជា​ដើម។

២. ហាម​និយាយ​ថា​៖ ហ្អែង​ខុស​ខ្លួន​ឯង​តើ​!

ឧទាហរណ៍៖ មិត្ត​អ្នក​កំពុង​ខូច​ចិត្ត​រឿង​ស្នេហា

A: អើ ហើយ​ហ្អែង​ក្បត់​​ចិត្ត​គេ​មុន​ធ្វើ​អី... ដល់​គេ​បោះបង់​ចោល​បាន​មក​អង្គុយ​យំ​អីចឹង

B: ហ្អែង​មិត្ត​ភ័ក្ដិ​អញ​ ឬ​ក៏​អី​ឥលូវ​នេះ?

អ្វី​ដែល​គួរ​ធ្វើ៖ ប្រាប់​​ពី​អ្វី​ដែល​គួរ​ធ្វើ

ការ​​រក​កំហុស ឬ​​លើក​​កំហុស​របស់​គ្នា​មក​និយាយ​ដដែល​ៗ គឺ​មិន​អាច​ជួយ​អ្វី​ឡើយ ព្រោះ​ភាគ​ច្រើន មនុស្ស​ដែល​ធ្វើ​ខុស​គឺ​គេ​បាន​ដឹង​ពី​កំហុស​របស់​ខ្លួន​ស្រាប់​ហើយ។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​​ប្រាប់​ពី​អ្វី​ដែល​ត្រឹមត្រូវ​ដល់​គេ​វិញ ដូច​ជា​ប្រាប់​គេ​ថា “ភាព​ស្មោះត្រង់ និង​​ច្បាស់​លាស់​​អាច​ធ្វើ​ឲ្យ​ឯង​មាន​ស្នេហា​ល្អ​មួយ​បាន”។

៣. ហាម​និយាយ​ថា៖ “ខ្ញុំ​ក៏​ធ្លាប់​អីចឹង​ដែរ”

ឧទាហរណ៍៖ សត្វ​ចិញ្ចឹម​ដ៏​គួរ​​ឲ្យ​ស្រឡាញ់​របស់​មិត្ត​អ្នក​ទើប​តែ​ងាប់ ហើយ​អ្នក​ជួយ​លួងលោម​គេ​ដោយ​និយាយ​ថា

A: ហ៊ឺ... ឆ្កែ​ឯង​ទើប​ងាប់​ម្សិលមិញ

B: ខែ​មុន ឆ្កែ​ឯង​ក៏​ទើប​ឡាន​បុក​ងាប់​ដូច​គ្នា អាណិត​វា​ដល់​ហើយ ឆ្កែ​សំណព្វ​ចិត្ត​ឯង​ទៀត... (ហើយ​ក៏​បែក​អូរ​ហូរ​ស្ទឹង)

អ្វី​ដែល​គួរ​ធ្វើ៖ ស្ដាប់​ឲ្យ​ច្រើន​ជាង​និយាយ

ការ​លួងលោម​ដែល​ល្អ​បំផុត​គឺ​ការ​ទទួល​ស្ដាប់​នូវ​អ្វី​ដែល​គេ​និយាយ ព្រោះ​ពេល​ខ្លះ​មនុស្ស​ដែល​កំពុង​កើត​ទុក្ខ​គឺ​មិន​​បាន​ចង់​បាន​វិធី​ដោះស្រាយ​បញ្ហា​អ្វី​នោះ​ទេ គឺ​ត្រូវ​ការ​ត្រឹម​តែ​អ្នក​ដែល​អង្គុយ​ស្ដាប់​​រឿងរ៉ាវ​របស់​គេ​ប៉ុណ្ណោះ។  

៤. ហាម​និយាយ​ថា៖ ហើយ​ម៉េច​ក៏​មិន…?

ឧទាហរណ៍៖ នៅ​ពេល​មិត្តភ័ក្ដិ​និយាយ​ពី​បញ្ហា​ជីវិត​ឲ្យ​អ្នក​ស្ដាប់

A: ស្រ្តេស​ដល់​ហើយ​អ្ហើយ ឯង​ត្រូវ​អ្នក​នៅ​កន្លែង​ធ្វើ​ការ​បំបិទ គ្មាន​អ្នក​ណា​និយាយ​រក​ទេ​ឥលូវ​

B: ចុះ​ហ្អែង​ម៉េច​មិន​ទៅ​និយាយ​ជាមួយ​គេ​មុន​ទៅ គេ​និយាយ​ជាមួយ​ហើយ

អ្វី​ដែល​គួរ​ធ្វើ៖ សួរ​​ពី​អារម្មណ៍​របស់​គេ

គ្រប់​ពេល​ដែល​លួងលោម​អ្នក​ដទៃ សូម​ព្យាយាម​កុំ​ប្រើ​សំណួរ​ដែល​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា “ម្ដេច​ក៏​មិន...?” ព្រោះ​វា​នឹង​ធ្វើ​​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ថា​​ត្រូវ​គេ​រិះគន់​ដោយ​ប្រយោល ប៉ុន្តែ​សូម​សួរ​គេ​ថា “មាន​អារម្មណ៍​ដូចម្ដេច​ចំពោះ​ហេតុការណ៍​ហ្នឹង?” ដើម្បី​ឲ្យ​អ្នក​ដែល​កំពុង​កើត​ទុក្ខ អាច​បញ្ចេញ​អារម្មណ៍​ដែល​កប់​​ក្នុង​ចិត្ត​ និង​បាន​រំឭក​ពី​អារម្មណ៍​របស់​ខ្លួន​​ម្ដង​ទៀត។  

៥. ហាម​និយាយ​ថា៖ លួង​ហើយ​​ត្រូវ​ឈប់​កើត​ទុក្ខ

ឧទាហរណ៍៖ ក្រោយ​និយាយ​លួងលោម​មិត្ត​បាន ៣ថ្ងៃ

A: ហ៊ឺ ហ៊ឺ... ម៉េច​ក៏​គេ​ធ្វើ​បែប​នេះ​ដាក់យើង??

B: ស្រឡះ​ចុះ ឯង​ខំ​និយាយ​លួង ៣ថ្ងៃ​ហើយ​អត់​ទាន់​បាត់​ខូច​ចិត្ត​ទៀត... ហើយ​ពាក្យ​ដែល​អញ​ណែនាំ​នោះ អត់​មាន​ស្ដាប់​ទេ​អី?  

កុំ​រំពឹង​ខ្លាំង​ពេក​ថា​ការ​លួងលោម​របស់​យើង​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្បែរ​ខ្លួន​ឈប់​កើត​ទុក្ខ​បាន​ភ្លាម​ៗ។ ជួន​កាល​​មនុស្ស​យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ភ្ញាក់​ខ្លួន និង​ត្រូវ​រង់​ចាំ​ឲ្យ​​អារម្មណ៍​អស់​សង្ឃឹម​នោះ​បាត់​ទៅ​ដោយ​ខ្លួន​ឯង ទើប​អាច​ឆ្លង​ផុត​ពេល​វេលា​ខូច​ចិត្ត​បាន។  

អ្នក​លួងលោម​មាន​នាទី​ត្រឹម​តែ​ជួយ​គេ​តាម​ដែល​យើង​អាច​ជួយ​បាន​ប៉ុណ្ណោះ បើ​វា​មិន​បាន​សម្រេច​ទេ ក៏​បណ្ដោយ​តាម​ហ្នឹង​ចុះ មុន​នឹង​ខ្លួន​ឯង​ក្លាយ​ជា​​មនុស្ស​បាក់​ទឹក​ចិត្ត​ម្នាក់​ទៀត ៕

ប្រភព៖ goodlifeupdate ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម