ត្រូវជ្រើសរើសវិធីបង្កើតឲ្យជីវិតរីករាយ កុំរស់នៅដើម្បីគ្រាន់ចង់បានការសរសើរពីអ្នកដទៃអី

  • 2020-01-21 10:20:00
  • ចំនួនមតិ 49 | ចំនួនចែករំលែក 227

​ខាង​ក្រោម​នេះ ​​មាន​រឿង​​ចំនួន​២ ​ដែល​ធ្វើ​ឲ្យ​អ្នក​យល់​កាន់​តែ​ច្បាស់​ពី​អត្ថន័យ​ជីវិត។ ​ក្រោយ​អាន​រួច ​អ្នក​ប្រាកដ​ជា​​យល់​ព្រម​ឲ្យ​ថ្ងៃ​នីមួយ​ៗ​កន្លង​ទៅ​ដោយ​ភាព​សប្បាយ​រីក​រាយ ​និង​​ជំ​នឿ​​ជាក់។

​រឿង​ទី​១៖

​​​ឆ្នាំ​មួយ កាល​​ពី​អាយុ​១៨​ឆ្នាំ ​​មិត្តភក្កិ​ទាំង​អស់​របស់​ខ្ញុំ​បាន​រៀប​ចំ​វ៉ាលី​ដើម្បី​ចាក​ចេញ​ពី​ស្រុក​កំណើត ​ត្រៀម​បន្ត​ការ​សិក្សា​​​ក្នុង​សាកល​វិទ្យាល័យ​នៅ​ឯ​ទី​ក្រុង។ ​ចំណែក​ខ្ញុំ​ ​ជ្រើស​រើស​ការ​រៀន​សាកល​នៅ​ស្រុក​កំណើត។

រូបតំណាង

ពេល​អាយុ​២២​ឆ្នាំ ​គ្រប់​មិត្ត​ភក្កិ​បាន​ដល់​វេលា​ទទួល​សញ្ញា​បត្រ។ ​ពួក​គេ​ពាក់​អាវ​ទទួល​សញ្ញា​បត្រ​​ពេញ​ដោយ​ក្ដី​​រីក​រាយ​និង​រំភើប​ចិត្ត​ក្នុង​​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​គេ។ ​សម្រាប់​ខ្ញុំ​វិញ ​ខ្ញុំ​កំ​ពុង​ពាក់​ឯកសណ្ឋាន​បុគ្គលិក​ផ្នែក​ប្រមូល​ទិន្នន័យ​ក្នុង​បន្ទប់​​ធ្វើ​ការ​មួយ។

​ចូល​ដល់​អាយុ២៨​ឆ្នាំ ​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត ​ព្រោះ​ជា​​​លើក​ដំបូង​ក្នុង​ជីវិត​ការងារ​ដែល​គេ​បាន​ឡើង​តំ​ណែង។

​​ពេល​ឈាន​ដល់​អាយុ ​៣៣​ឆ្នាំ ​ខ្ញុំ​បាន​រៀប​ការ។ ​ខ្ញុំ​ជា​​នារី​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​​ថ្នាក់​​ជំនាន់​រៀន​ជាមួយ​គ្នា ​ដែល​លា​ភាព​នៅ​លីវ។

រូបតំណាង

​​​​នៅ​អាយុ ៣៤​ឆ្នាំ ​ខ្ញុំ​​បាន​ផ្ដល់​កំណើត​ដល់​កូន​របស់​ខ្ញុំ​ជា​លើក​ដំបូង។

​លុះ​ដល់​អាយុ ៣៥​ឆ្នាំ ​ខ្ញុំ​បាន​រក​ឃើញ​ពី​បំណង​ពិត​របស់​ខ្លួន​ឯង​ថា​ចង់​បាន​អ្វី ​ធ្វើ​អ្វី ​ហើយ​ចាប់​ផ្ដើម​រៀប​ចំ​គម្រោង​ដើម្បី​ទទួល​បាន​វា។

​​ចង្វាក់​ខ្សែ​បន្ទាត់​នៃ​ជីវិត​របស់​ខ្ញុំ ​ហាក់​ដូច​ជា​ដើរ​យឺត​និង​សាមញ្ញ​ជាង​អ្នក​ដទៃ។ ​មាន​ពេល​ខ្លះ ​ខ្ញុំ​គិត​ថា បើ​សិន​ខ្ញុំ​អាច​ចាប់​ផ្ដើម​គ្រប់​យ៉ាង​ម្ដង​ទៀត ​តើ​ខ្សែ​ជីវិត​របស់​ខ្ញុំ​នឹង​ខុស​ប្លែក​ពី​រាល់​ថ្ងៃ​ឬ​អត់? ​ខំ​ប្រឹង​សិក្សា ​ប្រលង​សាកល​វិទ្យាល័យ​ជាប់ ​រក​ការងារ​​ល្អ​ធ្វើ ​ឆាប់​រៀប​ការ​ជាមួយ​បុរស​អ្នក​មាន ...​តើ​ទាំង​នេះ​វា​អាច​ដូច​​អ្វី​ដែល​ខ្ញុំ​រំពឹង​ឬ​អត់?

រូបតំណាង

​ខ្ញុំ​គិត​ម្ដង​ហើយ​ម្ដង​ទៀត ​ហើយ​ខ្ញុំ​យល់​ថា​រាល់​ជំហាន​នីមួយៗ​ក្នុង​ជីវិត​ ​ប្រហែល​ជា​អំណោយ​របស់​ព្រហ្មលិខិត។ ​ភ្លក់​រស​ជាតិ​ជីវិត គឺ​អាច​យល់​ថា​ការ​ខំប្រឹង​​វា​សំខាន់​ប៉ុន​ណា។ ​​ជណ្ដើរ​ជីវិត​តែង​ឆ្លង​កាត់​​ការ​រលាក់ ផ្លូវ​ពិបាក​ដើម្បី​រស់​នៅ​។

​ឥលូវ​ ខ្ញុំ​អាយុ​៣៦​ឆ្នាំ​ហើយ ​និង​បាន​រក​ឃើញ​មាគ៌ា​​យ៉ាង​ភ្លឺ​មួយ ដែល​ហាក់​ដូច​ជា​បាន​ចាប់​ផ្ដើម​ម្ដង​ទៀត។ ​ខ្ញុំ​មិន​គិត​ថា​វា​យឺត​ពេក​ទេ ​។ ខ្ញុំ​បាន​កំណត់​គោល​ដៅ​រួច​ហើយ ​នឹង​ជឿ​ជាក់​ថា​វា​បន្ត​ឆ្ពោះ​ទៅ​មុខ ហើយ​នៅ​ពេល​គោល​ដៅ​ខ្ញុំ​បាន​សម្រេច ​ខ្ញុំ​នឹង​មិន​ស្ដាយ​ក្រោយ​ដែរ។

រឿង​ទី​២៖

ខ្ញុំ​​មាន​មិត្ត​ម្នាក់ ស្គាល់​គ្នា​ប្រហែល​ពីរ​បី​ឆ្នាំ​ហើយ។ ​ថ្ងៃ​​មួយ ​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​របស់​វា ​ស្រាប់​តែ​ឃើញ​សោ​ឡាន​នៅ​លើ​តុ។ ​​តាំង​ពី​ស្គាល់​គ្នា​មក ​ខ្ញុំ​មិន​ដែល​ឮ​ថា​ គ្រួសារ​វា​មាន​ឡាន ហើយ​ក៏​មិន​ដែល​ឮ​វា​និយាយ​ពី​​អារម្មណ៍​របស់​វា​​​អំ​ពី​ឡាន​នោះ​ម្ដង​ឡើយ។

រូបតំណាង

​ថ្ងៃ​នោះ ​វា​បាន​​ប្រាប់​ខ្ញុំ​ថា ​តាម​ពិត​ផ្ទះ​របស់​វា​មិន​ត្រូវ​ការ​ឡាន​ទេ បើ​មិន​ជឿ​មើល​មុខ​និង​ខោអាវ​វា​ទៅ​។ ​​វា​បាន​បន្ត​ថា ​បង​​ប្រុស​វា​បាន​រៀប​ការ ​​​ហើយ​បាន​ទិញ​ផ្ទះ ​និង​ទិញ​ឡាន​មួយ​។ ​បើ​សិន​គាត់​មិន​​ទិញ​ទេ ​នោះ​គាត់​នឹង​ប្រឈម​រឿង​អាម៉ាស​បំផុត​​ក្រោយ​រៀប​ការ​រួច។ ​ដូច្នេះ ​ពីរ​នាក់​ប្ដី​ប្រពន្ធ​​ក៏​ ​សម្រេច​ចិត្ត​ខ្ចី​លុយ​គេ​ទិញ​​ឡាន។

​បន្ទាប់​ពី​ទិញ​ឡាន​ហើយ ​ភាគ​ច្រើន​គឺ​ឡាន​ទុក​ចោល មិន​សូវ​ទៅ​ណា​​​ទាំង​អស់។ ​មាន​ពេល​ខ្លះ​បង​របស់​វា ​ថែម​ទាំង​មិន​ដឹង​ថា​ត្រូវ​ជិះ​ឡាន​ទៅ​ណា ដោយសារ​លុយ​ថ្លៃ​ឈ្នួល​ទុក​កន្លែង​ចត​ក៏​អស់​ច្រើន ​គ្រឿង​បន្លាស់​ក៏​ចំណាយ​ច្រើន។ ​​ពេល​ណា​ចង់​ចេញ​ទៅ​​ញ៉ាំ​​អី​ម្ដង​ៗ ទិញ​ខោ​អាវ​ស្អាត​ម្ដង​ៗ ​​​គ្រាន់​តែ​គិត​លើ​ថ្លៃ​ចំណាយ​ឡាន ​គ្រប់​ចំណង់​ទាំង​ប៉ុន្មាន​ក៏​រលាយ​អស់​រលីង​​ភ្លាម​ៗ​តែ​ម្ដង។

រូបតំណាង

​ដំបូង ពេល​ឃើញ​ផ្ទះ​​ពួក​ម៉ាក​មាន​ឡាន ​​​ក្នុង​ចិត្ត​ខ្ញុំ​​គិត​ថា​​គ្រួសារ​វា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់។ ​​​ល្បឿន​សម្បក​ក្រៅ​របស់​អ្នក​ដទៃ ​​ ​មើល​មួយ​ភ្លែត​ពិត​ជា​ទាក់​ទាញ​​ភ្នែក​អ្នក​ក្រៅ​​បាន​ណាស់។ ​​រឿង​ដ៏​ឆោត​បំ​ផុត ​គឺ​ថា​យើង​បាន​សាទរ​​ដោយ​ចង់​ធ្វើ​តាម​រឿង​ទាំង​នោះ​ដែរ ​​តែ​​ពិត​​​ជា​មិន​​មាន​ប្រយោជន៍​អ្វី​ដែល​យើង​​​គួរ​ធ្វើ​នោះ​ទេ។

​អនាគត​របស់​ពួក​យើង​គឺ​មិន​មែន​អាស្រ័យ​លើ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ដូច​​អ្នក​ដទៃ​ឡើយ តែ​ត្រូវ​ធ្វើ​តាម​តម្រូវ​ការ​របស់​ខ្លួន​វិញ​។ ​​ស្តង់​ដា​សុភមង្គល​គឺ​មិន​មែន​​មាន​វត្ថុ​ច្រើន​ក្នុង​ដៃ​​ទេ ​ប៉ុន្តែ​គឺ​របស់​ម្យ៉ាង​ដែល​ពួក​យើង​ចង់​បាន​​កម្រិត​ណា​។

រូបតំណាង

​​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់​​សុទ្ធ​តែ​មាន​សក្ដានុពល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ជីវិត​រស់​នៅ។ លទ្ធផល​វា​អាច​អាស្រ័យ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដែល​ជា​​ភាព​ខុស​ៗ​គ្នា​ដើម្បី​ធ្វើ​វា។ ​​តើ​អ្នក​ពិត​ជា​​អាច​ធ្វើ​តាម​បេះដូង​ខ្លួន​​បាន​ឬ​អត់? តើ​អ្នក​ធ្លាប់​បំផ្លាញ​ក្តី​សង្ឃឹម​​ខ្លួន​ឯង​ចោល​​ដែរ​ទេ? ​​តើ​វា​អាច​ទៅ​រួច​អត់ ​ដើម្បី​ស្វែង​រក​សុភមង្គល​សម្រាប់​ខ្លួន​ឯង? ​អ្នក​ដទៃ​មាន​លុយ​ច្រើន​​ជាង ​​ល្បី​ល្បាញ​ជាង ​មិន​មែន​មាន​ន័យ​ថា​អ្នក​ចាញ់​នោះ​ទេ ​តែ​គឺ​អ្នក​ដឹង​ពី​របៀប​រស់​នៅ​និង​ប្រឹង​ប្រែង​ធ្វើ​ការ​ ​ដើម្បី​ស្រវា​យក​គោល​ដៅ​របស់​​អ្នក។ ​នោះ​គឺ​ជា​ភារកិច្ច​ដែល​យើង​ត្រូវ​​មាន​សម្រាប់​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ។ ​រស់​នៅ​ដើម្បី​ខ្លួន​ឯង​សប្បាយ​ចិត្ត ​កុំ​រស់​នៅ​ដើម្បី​​ចង់​បាន​ការ​សរសើរ​ពី​អ្នក​ដទៃ​៕​​​​

​​​​​​​ ​អាន​បន្ត​៖ ​ បើចង់ដឹងនរណាចិត្តល្អឬអាក្រក់ អាចមើលតាមលក្ខណៈ៤យ៉ាងនេះគឺច្បាស់តែម្តង

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា