សូម្បីតែការស្ទះចរាចរណ៍ ក៏បង្កផលប៉ះពាល់ជាច្រើនដល់សុខភាព ជាពិសេសបេះដូងតែម្តង
- 2020-01-15 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូម្បីតែការស្ទះចរាចរណ៍ ក៏បង្កផលប៉ះពាល់ជាច្រើនដល់សុខភាព ជាពិសេសបេះដូងតែម្តង
ចរាចរណ៍ដែលមានសភាពកកកុញ រកតែងាកបន្តិចមិនកើត បានត្រឹមរំកិលសន្សឹមៗ ទម្រាំបានទៅដល់គោលដៅនិមួយៗ ពិតជាគួរឲ្យធុញស្មុគស្មាញខ្លាំងណាស់។ ចេញមកពីផ្ទះតែងខ្លួនស្អាតបាត មានអារម្មណ៍ល្អប៉ុណ្ណាក៏ដោយ ឲ្យតែពេលជាប់គាំងស្ទះម៉ូតូឡានម្តងៗ ដឹងតែមួម៉ៅ មិនស្រឡះក្នុងចិត្តទាល់តែសោះ។
តាមការសិក្សាស្រាវជ្រាវថ្មី នៅប្រទេសអាល្លឺម៉ង់ បានបង្ហាញឲ្យឃើញថា ការស្ទះចរាចរណ៍ ក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ចំពោះសុខភាព ជាពិសេសមានហានិភ័យខ្ពស់ក្នុងការប្រឈមជាមួយនឹងជំងឺគាំងបេះដូង។ លើសពីនេះទៅទៀត វាអាចជះឥទ្ធិពលអាក្រក់ៗដល់អ្នកមានដូចជា៖
១. ប្រឈមខ្ពស់នឹងការគាំងបេះដូង
ត្រូវរង់ចាំយូរម៉ោងផង ថ្លង់សំឡេងម៉ាស៊ីនឡានម៉ូតូផង ធ្វើឲ្យកម្រិតនៃការខឹងមួម៉ៅកាន់តែកើនឡើង។ បន្ទាប់ពីបានធ្វើការសិក្សាវិភាគអស់រយៈពេល៤ឆ្នាំ លទ្ធផលបានបង្ហាញទៀតថា ការគាំងបេះដូងមានដល់ទៅ ១៥០០ ករណី ដែលបណ្តាលមកពីស្ទះចរាចរណ៍។
២. ធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ
ដោយសារតែគ្រប់គ្នាចង់គេចផុតពីចំណុចកកស្ទះ ធ្វើឲ្យម្នាក់ៗព្យាយាមបើករុលគ្មានភាពអធ្យាស្រ័យគ្នាទៅវិញទៅមក។ យ៉ាងណាកុំភ្លេចថានរណាក៏ចង់ប្រញាប់ដូចតែគ្នាដែរ។ មួយវិញទៀត ការស្រូបយកផ្សែងចេញពីបំពង់ស៊ីម៉ាំង អាចធ្វើឲ្យការចងចាំធ្លាក់ចុះ។
៣. ឡើងទម្ងន់
ការកកស្ទះរាប់ម៉ោង បានធ្វើឲ្យអ្នកបាត់បង់កម្លាំងថាមពល គ្មានកម្លាំងកំហែងហាត់ប្រាណ ឬអស់អារម្មណ៍គិតពីការធ្វើម្ហូបដែលផ្តល់ប្រយោជន៍ដល់សុខភាពជាដើម។
៤. មិនស្រស់ស្រាយ
អ្នកអាចនឹងចុចទូរស័ព្ទពេលជាប់គាំង ជក់បារី ឬស្តាប់បើចម្រៀងឮៗ ដើម្បីបន្លប់ស្រ្តេស ប៉ុន្តែវាមិនមែនជាភាពស្រស់ស្រាយពិតប្រាកដនោះទេ ថែមទាំងអាចបណ្តាលឲ្យអ្នកកាន់តែច្របូកច្របល់បន្ទាប់ពីនោះក៏មាន។
៥. ផលប៉ះពាល់ផ្សេងៗទៀត
អ្នកក៏អាចក្លាយទៅជាជនរងគ្រោះ ដោយសារការលើសសម្ពាធឈាម ជំងឺហឺតឬសួតជាដើម។
ការស្ទះចរាចរណ៍ដែលមានចម្ងាយដល់ទៅ ២០គីឡូម៉ែត្រ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដា ឆ្នាំ២០១៦ មានមនុស្ស១២នាក់បានស្លាប់ ព្រោះបញ្ហានេះកើតឡើងដល់ទៅ៣ថ្ងៃជាប់គ្នា។ ហេតុនេះហើយ ត្រូវប្រុងប្រយ័ត្នឲ្យបានល្អ រាល់ពេលធ្វើដំណើរនៅលើផ្លូវ។ ជ្រើសរើសមធ្យោបាយណា ដែលបង្កភាពងាយស្រួលនិងរហ័សប្រសិនបើអ្នកប្រញាប់ឬបន្ទាន់ខ្លាំង ហើយកុំភ្លេចដកដង្ហើមចេញចូលឲ្យបានវែងៗ ដើម្បីសុខភាព៕
ចុចអានបន្ត៖ ៧ យ៉ាងមិនគួរធ្វើ មុនពេលឡើងយន្តហោះ