៧ យ៉ាងមិនគួរធ្វើ មុនពេលឡើងយន្តហោះ

  • 2020-01-13 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើ​ដំណើរ​នៅ​លើ​យន្ត​ហោះ អាច​ជា​រឿង​រំភើប​សប្បាយ​ សម្រាប់​អ្នក​ដែល​​​ជិះ​លើក​ដំបូង ប៉ុន្តែ​​វា​ក៏​ជា​រឿង​គួរ​ឲ្យ​ធុញ​ សម្រាប់​អ្នក​ដែល​​ជិះ​ញឹកញាប់​។ អ្វី​ដែល​នាំ​ឲ្យ​អ្នក​កាន់​តែ​ស្មុគស្មាញ​ខ្លាំង​ជាង​នេះ គឺ​ការ​អង្គុយ​រង់ចាំ និង​បញ្ហា​មួយ​ចំនួន​​​ដែល​​​​អាច​នឹង​​កើតឡើង​​ ដោយ​មិន​បាន​ព្រាង​ទុក​។ ដើម្បី​បញ្ចៀស​​ពី​​ភាព​រអាក់រអួល​​ មុន​ពេល​ឡើង​យន្តហោះ មិន​គួរ​មើល​រំលង​ពី​កំហុស​តិច​តួច​ដាច់​ខាត​។

១. ដាក់​ឯកសារ​នៅ​ក្នុង​កាបូប​តូច

អ្នក​ខ្លះ​ចូលចិត្ត​​ដាក់​ឯកសារ​​សំខាន់​ៗ​ក៏​ដូច​ជា​លិខិតឆ្លងដែន នៅ​ក្នុង​កាបូប​តូច​ៗ។ យ៉ាង​ណា​ត្រូវ​ចាំ​ថា កាបូប​តូច​ អ្នក​អាច​នឹង​ឧស្សាហ៍​ដក​ចុះ​ឡើង​ ពេល​ទិញ​កាហ្វេ​នៅ​ប្រលាន​ឬ​ហូត​លុយ​​ឲ្យ​តាក់ស៊ី​ជាដើម ដូច្នេះ​មាន​តែ​ការ​ដាក់​ក្នុង​កាបូប​ធំ​ប៉ុណ្ណោះ​ទើប​ងាយ​ស្រួល​ មាន​សុវត្ថិភាព​និង​មិន​វង្វេង​ដៃ​ផ្ដេសផ្ដាស។ ម្យ៉ាង​​វិញ​ទៀត​ គួរ​បែង​ចែក​ដាក់​លុយ​កាក់ ទាំង​​ក្នុង​កាបូប​តូច​និង​កាបូប​ធំ ដើម្បី​ទុក​សាគួរ។

២. ទៅ​កៀក​ម៉ោង​ខ្លាំង​ពេក

មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រលាន​មាន​ច្រើន​ប្រភេទ​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយ​សារ​តែ​ចរាចរណ៍​មិន​សូវ​អំណោយ​ផល ខ្លាច​ស្ទះ​​កាន់​តែ​យូរ​ខ្លាំង​​ខក​ជើង​ហោះ​ហើរ​ ដូច្នេះ​គួរ​ចេះ​លៃលក​ ឲ្យ​សល់​​ពេល​យ៉ាង​ហោច​ណាស់ ២-៣​ ម៉ោង​ មុន​យន្ត​ហោះ​ចេញ​។

៣. បង់​លុយ​សម្រាប់​វ៉ាលី​​លើស​គីឡូ

យល់​ល្អ​​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​គីឡូ​នៅ​ក្នុង​វ៉ាលី​របស់​អ្នក ដាច់​ខាត​កុំ​ដាក់​​ឥវ៉ាន់​លើស​ពី​ចំនួន​ដែល​គេ​កំណត់​ឲ្យ​សោះ​ ពុំ​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​ខាត​បង់​ទាំង​លុយ​កាក់​​និង​ពេល​វេលា​ទៀត​ផង។

៤. រុំ​វ៉ាលី

បន្ទាប់​ពី​បុគ្គលិក​រុំ​វ៉ាលី​របស់​អ្នក​ជិត​អស់​ហើយ ពេល​ខ្លះ​អ្នក​អាច​ភ្លេច​របស់​សំខាន់​អ្វី​មួយ​នៅ​ក្នុង​នោះ ជា​ហេតុ​បណ្តាល​ឲ្យ​ ត្រូវ​កាត់​រើ​សារ​ជា​ថ្មី​ម្តង​ទៀត​។ វិធី​​ល្អ​បំផុត​​ដើម្បី​ចំណេញ​ពេល​និង​មាន​សុវត្ថិភាព គួរ​ទិញ​​វ៉ាលី​ដែល​មាន​សោរ​ចាក់​ត្រឹម​ត្រូវ​។

៥. ឈរ​រង់​ចាំ​​នៅ​ជួរ​ដែល​មាន​មនុស្ស​ច្រើន​កក​កុញ

ជា​ទូទៅ​ ច្រក​​ឆែកឆេរ​ទី​១​និង​ទី​២ តែង​មាន​សភាព​កកកុញ​ មាន​មនុស្ស​ច្រើន​ជាង​ច្រក​ដទៃ​ទៀត។ ហេតុ​នេះ​គួរ​រក​មើល​ជួរ​ណា​ដែល​ខ្លី​​និង​មាន​មនុស្ស​តិច។ ជាពិសេស​របរ​របរ​​តូច​ៗ​ដែល​អ្នក​ត្រូវ​ដោះ​ចេញ ដាក់​នៅ​ក្នុង​ថាស​ជ័រ​ពេល​ត្រួត​ពិនិត្យ គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ល្អ​ ជៀស​វាង​ការ​ភ្លេច​យក​ចេញ​មក​វិញ​។

​៦. ភ្លេច​ពី​ច្បាប់​ហាម​ឃាត់​នៅ​ក្នុង​វ៉ាលី​យូរ​ដៃ

ជាក់​ស្តែង​នៅ​ក្នុង​វ៉ាលី​យូរ​ដៃ មិន​អនុញ្ញាត​ឲ្យ​ដាក់​របស់របរ​ផ្ទុក​សារធាតុ​​​រាវ​លើស​ពី ១០០មីលីលីត្រ​ឡើយ។ ប្រសិន​បើ​អ្នក​មិន​បាន​ដឹង​​ពី​ច្បាប់​ហាម​ប្រាម​ជាមុន​ មិន​មែន​​ត្រឹម​បង្ក​បញ្ហា​ដល់​ខ្លួន​ឯង​ប៉ុណ្ណោះ​​ទេ សូម្បី​អ្នក​ដទៃ​ដែល​តម្រង់​ជួរ​ជាមួយ​ ក៏​ត្រូវ​រង់​ចាំ​យូរ​ការ​​ដោយ​សារ​តែ​អ្នក​ម្នាក់។

៧. ញ៉ាំ​អាហារ​ដែល​មិន​សម​គួរ

នៅ​ពេល​បាន​ទៅ​លេង​នៅ​ឯ​ក្រៅ​​​ប្រទេស អ្នក​ប្រាកដ​ជា​ចង់​ភ្លក់​សាក​រសជាតិ​​ម្ហូប​អាហារ​ប្លែក​ៗ​ប្រចាំ​តំបន់​របស់​គេ។ យ៉ាង​ណា​មិញ កុំ​ភ្លេច​ថា​ក្រពះ​របស់​អ្នក អាច​មាន​ប្រតិកម្ម​​ជាមួយ​នឹង​អាហារ​ចម្លែក​ ឬ​អាហារ​ដែល​មាន​សារធាតុ​ពុល​ក្នុង​ប្រការ​ណា​មួយ វា​នឹង​បំផ្លាញ​ដំណើរ​កម្សាន្ត​ និង​សុខភាព​របស់​អ្នក​តែ​ម្តង។

សង្ឃឹម​ថា​ការ​ចែក​រំលែក​ចំណុច​ដែល​បាន​រៀប​រាប់​ខាង​​លើ អាច​ផ្តល់​ផល​ប្រយោជន៍​និង​នាំ​​ប្រិយមិត្ត​ទាំង​អស់​គ្នា ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព​និង​សប្បាយ​រីករាយ​​ដូច​ប្រាថ្នា៕​​

ចុចអានបន្ត៖ បើ​មាន​២០​ចំណុច​នេះ​ បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​រឹងប៉ឹង និង​​ឆ្លាត​​ខ្លាំង​ម្នាក់​ហើយ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី