រៀបការយូរប៉ុណ្ណាក៏ស្នេហានៅតែរឹងមាំ បើប្តីប្រពន្ធអាចធ្វើរឿងទាំងនេះជាមួយគ្នា
- 2020-01-14 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការយូរប៉ុណ្ណាក៏ស្នេហានៅតែរឹងមាំ បើប្តីប្រពន្ធអាចធ្វើរឿងទាំងនេះជាមួយគ្នា
មានមនុស្សច្រើនណាស់ ដែលចង់ចំណាយជីវិតរស់នៅជាមួយដៃគូដែលខ្លួនស្រលាញ់រហូតទាល់តែចាស់សក់ស្កូវ។ ដើម្បីអាចឈានទៅដល់ចំណុចនោះ មិនមែនជារឿងងាយស្រួលដូចដែលបានគិតទុកឡើយ។ ស្នេហានិងជីវិតជាប្តីប្រពន្ធ ត្រូវឆ្លងកាត់បញ្ហាស្មុគស្មាញជាច្រើន ដូច្នេះហើយមានតែវិធីថែរក្សាការពារប៉ុណ្ណោះ ទើបអាចធ្វើឲ្យទំនាក់ទំនងនៅតែរឹងមាំ ជាមួយនឹងភាពរ៉ូមែនទិក និងក្តីសប្បាយរីករាយ។
១. ចែករំលែកក្តីស្រមៃឲ្យដៃគូបានដឹង
ការបង្ហើបប្រាប់ពីក្តីស្រមៃផ្ទាល់ខ្លួនទៅកាន់ដៃគូ មិនថាតូចឬធំក៏ដោយ វាជាវិធីមួយដែលអាចជួយផ្តល់ក្តីសង្ឃឹម ដើម្បីឈានទៅដល់គោលដៅរួមគ្នា។ អ្នកទាំងពីរ អាចគិតគូរពីរឿងសន្សំលុយដើរលេងក្រៅប្រទេស ទិញផ្ទះ ឬឡានថ្មីជាដើម។ កាលណាប្តីប្រពន្ធ ចេះស្រុះស្រួល និងចូលរួមលើកទឹកចិត្តក្នុងកិច្ចការនានា ភាពជិតស្និទ្ធនិងស្រស់បំព្រង នឹងកើនថែមមួយកម្រិតទៀត។
២. ព្យាយាមជួយបំពេញនូវបំណងតូចតាចជាមុនសិន
ក្តីសុខពិតប្រាកដ មិនរំពឹងតែលើរបស់ធំដុំថ្លៃលើសលប់ពេកក៏បាន។ ត្រឹមការយកចិត្តទុកដាក់នូវបំណងតូចតាច ដូចជាចងចាំថ្ងៃកំណើត ខួបអាពាហ៍ពិពាហ៍ ជូនទៅញ៉ាំអាហារដែលដៃគូចូលចិត្ត...ក៏សប្បាយចិត្តពេកពន់ណាស់ទៅហើយ។
៣. ចេះធ្វើឲ្យដៃគូរំភើបភ្ញាក់ផ្អើល
កុំមានទង្វើបែបនេះតែគ្រាដំបូង។ ទោះបីជាស្រលាញ់គ្នាយូរប៉ុណ្ណា គួរបន្តវិធីដែលអាចធ្វើឲ្យដៃគូ រំភើបចិត្ត ដោយការរៀបចំជាកាដូបន្តិចបន្តួច ជូនទៅកន្លែងដែលនាងប្រាថ្នាជាដើម។ ទាំងនោះហើយដែលសបញ្ជាក់ឲ្យឃើញពី ក្តីស្រលាញ់មិនប្រែប្រួល។
៤. មិនទម្លាក់កំហុសពេលឈ្លោះគ្នា
ប្រសិនបើអ្នកទាំងពីរឈ្លោះគ្នា ហើយពិបាកគ្រប់គ្រងអារម្មណ៍ គួរនៅឲ្យឆ្ងាយដាច់ពីគ្នាចំនួន ២០នាទីសិន។ ធ្វើបែបនេះដើម្បីទុកពេលវេលាឲ្យចិត្តត្រជាក់ និងអាចបែកចែកវែកញែកពីមូលហេតុនាំឲ្យឈ្លោះ។ ដាច់ខាតកុំទម្លាក់កំហុសឲ្យម្ខាងណាឲ្យសោះ។ បើដឹងខ្លួនជាអ្នកខុស ត្រូវហ៊ាននិយាយសុំទោស ឬរកដំណោះស្រាយសមរម្យមួយ។
៥. អនុវត្តវិធី ៣-១
ដើម្បីការពារមិនឲ្យមានរឿងស្មុគស្មាញច្រើន នៅពេលត្រូវសម្រេចចិត្ត គួរមានជម្រើស៣ សម្រាប់ឲ្យដៃគូទាំងសងខាងងាយស្រួលក្នុងការជ្រើសរើសយកតែមួយគត់ នូវអ្វីដែលខ្លួនចង់ធ្វើ។
៦. នៅឆ្ងាយពីគ្នាខ្លះ ដើម្បីបង្កើនការនឹករលឹក
ប្រសិនបើអ្នកចំណាយពេលនៅជាមួយគ្នាគ្រប់ពេល គ្រប់នាទីពេក ពេលខ្លះអាចបង្កទៅជាអារម្មណ៍ធុញទ្រាន់ទៅវិញ។ ត្រូវចេះបែងចែក ទុកពេលវេលាឲ្យគ្នាទៅវិញទៅមក ធ្វើរឿងផ្សេងគ្នាខ្លះ នៅឆ្ងាយពីគ្នាខ្លះ ទើបមានចិត្តនឹករលឹក និងបានយល់ពីអារម្មណ៍ដែលគ្មានអ្នកយល់ចិត្តនៅក្បែរ។
៧. ជួយឲ្យប៉ាម៉ាក់ក្មេកនិងសាច់ដៃចូលចិត្តដៃគូ
ប៉ាម៉ាក់ក្មេកនិងសាច់ដៃអាចនឹងស្រលាញ់ឬមិនសូវចូលចិត្តដៃគូរបស់អ្នក វាជារឿងទូទៅ ដែលនរណាក៏ជួនបប្រទះ។ យ៉ាងណាមិញ ក្នុងនាមជាប្តីប្រពន្ធល្អ គួររិះរកវិធីណាដែលជួយឲ្យពួកគាត់ត្រូវរ៉ូវគ្នា ហើយព្យាយាមលើកចំណុចវិជ្ជមានជាក់ស្តែងឲ្យគាត់ដឹងផង។
៨. ធ្វើការងាររួមគ្នា
ចេះបង្កើតកិច្ចការរួមគ្នា ដូចជាចម្អិនម្ហូប ជួសជុលតុបតែងផ្ទះសម្បែងជាដើម។ នៅពេលដែលបានធ្វើចប់សព្វគ្រប់ នោះអ្នកទាំងពីរ ប្រាកដជាត្រេកអរជាមួយនឹងស្នាដៃ ដែលបានសាងរួមគ្នា។
៩. ថ្នាក់ថ្នម
ការប៉ះអង្អែលរបស់មនុស្សពិតជាមានឥទ្ធិពលខ្លាំងណាស់ នៅក្នុងទំនាក់ទំនងស្នេហា ដែលមានន័យជាងពាក្យសម្តីទៅទៀត។ ការថ្នាក់ថ្នម អាចបញ្ចេញអ័រម៉ូនម្យ៉ាងឈ្មោះថា អុកស៊ីតូស៊ីន (អ័រម៉ូនស្នេហា) ដែលអាចជួយឲ្យអ្នករួមទាំងដៃគូ សប្បាយរីករាយ មានអារម្មណ៍សុវត្ថិភាព និងកាន់តែផ្អែមល្ហែម។
១០. ចំណាយពេលមួយថ្ងៃ ដើម្បីធ្វើរឿងណាដែលដៃគូចង់ធ្វើ
ពេលខ្លះ ទោះបីវាមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកក៏ដោយ ត្រូវតែចំណាយពេលវេលា ហ៊ានលះបង់ ដើម្បីមនុស្សដែលខ្លួនស្រលាញ់។ ដរាបណា អ្នកទាំងពីរព្យាយាមសម្របខ្លួនទៅវិញទៅមក ភាពខុសប្លែកគ្នា មិនមែនជាឧបសគ្គរបស់អ្នកទៀតឡើយ៕
ចុចអានបន្ត៖ អត្តចរិតមនុស្សប្រុស ដែលស្ថិតនៅក្នុងក្តីស្រមៃនារីគ្រប់រូប