ប្រញាប់ទម្លាប់បរិភោគអាហារពេលព្រឹកវិញ បើអ្នកមិនចង់ប្រឈមនឹងបញ្ហាទាំងនេះ
- 2019-12-24 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រញាប់ទម្លាប់បរិភោគអាហារពេលព្រឹកវិញ បើអ្នកមិនចង់ប្រឈមនឹងបញ្ហាទាំងនេះ
អាហារពេលព្រឹកគឺ ជាអាហារដែលសំខាន់ជាងគេក្នុងចំណោមអាហារទាំង៣ពេលក្នុង១ថ្ងៃ។ វាជួយដាស់ឱ្យរាងកាយអ្នកមានភាពសកម្មពីព្រលឹម និង ផ្តល់នូវថាមពលដែលរាងកាយត្រូវការ។ លើសពីនេះទៀត អ្នកចំណាយពេលអស់មួយយប់សម្រាប់គេង ហើយរាងកាយមិនបានទទួលនូវអាហារសោះ ដូចនេះមានតែពេលព្រឹកនេះហើយដែលជាពេលវេលាសំខាន់ក្នុងការបំពេញនូវចំណីអាហារ ចៀសវាងក្រពះមានបញ្ហា។ ដោយឡែក មនុស្សមួយចំនួនធំបែរជាចូលចិត្តរំលងអាហារពេលព្រឹកនេះទៅវិញ ទោះដឹងថាវាសំខាន់ក៏ដោយ។ ការមិនទទួលទានអាហារពេលព្រឹកមានផលវិបាកដល់រាងកាយរបស់អ្នកដូចរៀបរាប់ខាងក្រោម៖
១. ធ្វើឱ្យមាត់របស់អ្នកមានក្លិនមិនល្អ
អ្នកដឹងទេថា អាហារពេលព្រឹកអាចប៉ះពាល់អារម្មណ៍របស់អ្នកពេញមួយថ្ងៃ? ការមិនទទួលវា គឺអាចធ្វើឱ្យអ្នកងាយម៉ួរម៉ៅ និង គិតអ្វីមិនចេញជាដើម។ មិនត្រឹមតែប៉ុណ្ណោះ វាធ្វើឱ្យបាក់តេរីនៅក្នុងមាត់ងាយកកើត និង ធ្វើឱ្យមាត់របស់អ្នកមានក្លិនមិនល្អ។ ដូចនេះ បើមិនចង់មានក្លិនមាត់មិនល្អនោះ អ្នកគួរចាប់ផ្តើមបរិភោគអាហារពេលព្រឹកវិញទៅ។
២. ប្រឈមនឹងគ្រួសក្នុងតម្រងនោម
នៅពេលគម្លាតពីអាហារពេលល្ងាច និង ពេលព្រឹកមានរយៈពេលយូរពេក ធ្វើឱ្យអ្នកប្រឈមនឹងការកើតនូវគ្រួសក្នុងតម្រងនោម ព្រោះក្រពះរបស់អ្នកគ្មានអ្វីកិនរហូតដល់លើសពី ១០ម៉ោង។ដូចនេះ វាមិនមែនជារឿងលេងសើចនោះទេ អ្នកគួរយកចិត្តទុកដាក់បន្តិចព្រោះអាចមានបញ្ហាដល់សុខភាព។
៣. ប្រឈមនឹងជំងឺបេះដូង
បើអ្នកទម្លាប់រំលងអាហារពេលព្រឹករយៈពេលយូរ អ្នកនឹងអាចប្រឈមនឹងជំងឹបេះដូង ព្រោះសរសៃឈាមត្រូវបានរាំងស្ទះដោយការធ្វើប្រតិកម្មខ្លាំងនៃចរន្តឈាម ដែលប្រតិកម្មនេះអាចធ្វើឱ្យប៉ះពាល់ដល់បេះដូង និង កកើតជាជំងឺខ្សោយបេះដូងទៀតផង។
៤. ប្រឈមនឹងការធាត់លើសដើម
នារីមួយចំនួនគិតថា ការតមអាហារពេលព្រឹកធ្វើឱ្យខ្លួនស្រកទម្ងន់ តែការពិតពេលរាងកាយមិនបានទទួលយកនូវអាហារពេលព្រឹកនឹងធ្វើឱ្យឃ្លានខ្លាំងនៅពេលបន្ទាប់ ឬ ពេញមួយថ្ងៃ។ ការឃ្លានខុសពេលធ្វើឱ្យអ្នកបរិភោគនូវចំណីចំណុកនានាច្រើនលើសការបរិភោគអាហារពេលព្រឹកទៅទៀត ជាពិសេស ធ្វើឱ្យអ្នកឃ្លានរបស់ផ្អែមៗ ដែលអាចឱ្យឡើងទម្ងន់ដោយមិនដឹងខ្លួន។
៥. ធ្វើឱ្យការចងចាំចុះអន់ខ្សោយ
អ្នកប្រហែលជាមិនដឹងទេថា ការរំលងអាហារពេលព្រឹកនឹងអាចធ្វើឱ្យអ្នកប្រឈមនឹងការចងចាំ និង ខួរក្បាលចុះអន់ខ្សោយ ពីព្រោះពេលអ្នកមិនបរិភោគរយៈពេលយូរពេល សម្ពាធឈាមក្នុងរាងកាយធ្លាក់ចុះ ហើយបញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរនៅពេលអ្នកកាន់តែចាស់។ ដូចនេះ បើមិនចង់ឱ្យខួរក្បាលចុះដុនដាបទេ អ្នកមិនគួររំលងអាហារពេលព្រឹកទៀតឡើយ។
ក្រោយពីបានយល់ដឹងនូវផលវិបាកដែលអ្នកអាចប្រឈមពីការមិនបរិភោគអាហារពេលព្រឹកនេះហើយ អ្នកគួរឈប់ព្រងើយកន្តើយ ហើយយកចិត្តទុកដាក់ជាមួយសុខភាពរបស់ខ្លួនវិញ ដោយការបរិភោគអាហារឱ្យបានគ្រប់៣ពេល ក្នុង ១ថ្ងៃ ជាពិសេសគឺអាហារពេលព្រឹកដែលសំខាន់ជាងគេសម្រាប់រាងកាយ៕
អានបន្ត៖ ទម្លាប់អាក្រក់ ៣ ធំៗ ធ្វើឲ្យអ្នកឡើងគីឡូហួសកំណត់