មុនបោះជំហានចូលទៅឆ្នាំថ្មី គួរត្រៀមរបស់ ៥យ៉ាងជាប់ខ្លួន ដើម្បីសុភមង្គលនៃជីវិត

  • 2019-12-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្មេច​បើក​ៗ​នៅ​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ឆ្នាំ​ចាស់​នឹង​កន្លង​ផុត​ទៅ ផ្លាស់​ចូល​ដល់​ឆ្នាំ​ថ្មី​​វិញ​ម្តង​។ មុន​​ទទួល​ស្វាគមន៍​ឆ្នាំ ២០២០ បើក​ទំព័រ​ថ្មី​នៃ​ជីវិត​ គួរ​ត្រៀម​របស់​ ៥​យ៉ាង​ ​ដើម្បី​​​ស្វែង​រក​​សុភមង្គល​​ឲ្យ​​ខ្លួន​ឯង​។

១. បំភ្លេច​រឿង​អាក្រក់​ៗ​ចេញ​ឲ្យ​អស់​​ ហើយ​​ត្រៀម​ចាំ​ទទួល​តែ​រឿង​ថ្មី​ល្អៗ

​បញ្ហា​តូច​ធំ រួម​ទាំង​រឿង​រ៉ាវ​មិន​ល្អ​នានា គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​វា​កើត​ឡើង ឬ​ទុក​ជាប់​នឹង​ខ្លួន​យូរ​ពេក​ទេ។ យ៉ាង​ណា​ក៏​ដោយ ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ រឿង​ល្អ​និង​អាក្រក់​តែងតែ​​ដើរ​ទន្ទឹម​គ្នា​ មិន​អាច​បញ្ជា​តាម​ចិត្ត​ចង់​បាន​ឡើយ។ អ្វី​​ដែល​សំខាន់​​បំផុត តើ​អ្នក​គួរ​ជ្រើស​រើស​មួយ​ណា ហើយ​គួរ​​បោះ​ចោល​មួយ​ណា? បើ​​ខួរ​ក្បាល​ផ្ទុក​តែ​បញ្ហា​ អ្នក​នឹង​ទទួល​បាន​អពមង្គល​​ ​បើ​​ចង​ចាំ​តែ​រឿង​ល្អ​ៗ អ្នក​នឹង​ទទួល​បាន​សុភមង្គល​ជាក់​ជា​មិន​ខាន​។

២. អភ័យ​ទោស​និង​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន

ចេះ​អត់​អោន​អភ័យ​ទោស​​ឲ្យ​ខ្លួន​ឯង មិន​ថា​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​​ដោយ។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​​ឲ្យ​អ្នក​មាន​ឱកាស​ច្រើន ដើម្បី​ខិត​ខំ​ព្យាយាម​​បន្ត និង​អាច​ស្វែង​រក​​តម្រូវ​ការ​ពិត​ប្រាកដ ដោយ​មិន​អង្គុយ​​​ចាំ​តែ​ស្តី​បន្ទោស​ខ្លួន​ឯង ឬ​អោប​ក្រសោប​វិប្បដិសារី​ជា​រៀង​រហូត។ ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ ៗ ទើប​មាន​កម្លាំង​ចិត្ត​​ទ្វេដង​ ក្នុង​ការ​សម្រេច​ក្តី​ស្រមៃ​ដែល​​បាន​គ្រោង​ទុក។

៣. ឈប់​និយាយ​ឬ​នឹក​គិត​ដល់​រឿង​អវិជ្ជមាន

ច្បាប់​ជីវិត​ដ៏​សំខាន់​បំផុត គឺ​ការ​បញ្ឈប់​នូវ​គំនិត​អវិជ្ជមាន​ ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អារម្មណ៍​របស់​អ្នក​។ ជីវិត​ពិត​ជា​ខ្លី​ខ្លាំង​ណាស់ បើ​​រវល់​តែ​ខ្ជះខ្ជាយ​ពេល​វេលា​​កើត​ទុក្ខ​ស្មុគស្មាញ​លើស​កម្រិត​។ ជាពិសេស​ អ្នក​គ្មាន​ពេល​គ្រប់​គ្រាន់ ក្នុង​ការ​​​ទទួល​យក​រឿង​វិជ្ជមាន​ចូល​មក​​ក្នុង​ជីវិត​នោះ​ទេ​។

៤. ​រក្សា​​ជំហាន​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច ​ ដាច់​ខាត​កុំ​ដើរ​បក​ក្រោយ​ឲ្យ​សោះ​ មិន​ថា​ផ្លូវ​ដែល​អ្នក​បាន​ជ្រើស​រើស​ មាន​ឧបសគ្គ​លំបាក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ត្រូវ​​តែ​ប្រើ​ភាព​វៃ​ឆ្លាត​ រក​ដំណោះ​ស្រាយ​សម​គួរ ដើម្បី​ជម្នះ​នូវ​បញ្ហា​ទាំង​នោះ​។ មិន​ត្រូវ​បណ្តោយ​ឲ្យ​អ្នក​ដទៃ​ឬ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ណាមួយ​ មក​អូស​ទាញ​ រារាំង​អ្នក​មិន​ឲ្យ​រីក​ចម្រើន​​លូត​លាស់​ទៅ​មុខ​នោះ​ទេ។ ពេល​វេលា​ដើរ​ចេះ​តែ​ដើរ​ទៅ​មុខ អ្នក​​ក៏​ត្រូវ​តែ​ដើរ​ឬ​រត់​​ឲ្យ​ទាន់​​វា​ជា​និច្ច។

៥. បរាជ័យ​ខ្លះ​ក៏​មិន​អី​ដែរ

គ្មាន​នរណា​ម្នាក់​កើត​មក​​មាន​តែ​ចំណុច​ល្អ​ឥត​ខ្ចោះ​ឡើយ​។ ជួន​កាល​គួរ​សាក​ល្បង​​ឲ្យ​ជីវិត​​ស្គាល់​រសជាតិ​បរាជ័យ​ខ្លះ​ក៏​ល្អ​ដែរ។ ពេល​នោះ​ហើយ អ្នក​នឹង​អាច​អភិវឌ្ឍ​ខ្លួន​​ឯង​ កាន់​តែ​ប្រសើរ និង​​អាច​ស្វែង​រក​​នូវ​អ្វី ដែល​គួរ​យក​មក​ប្រើប្រាស់​​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​។ បើ​​គ្មាន​កំហុស​សោះ ធ្វើ​ម៉េច​ទើប​អាច​​​រក​​បទ​​ពិសោធន៍​​ឲ្យ​ខ្លួន​ឯង​និង​រក​​វិធី​ទប់​ស្កាត់​ការពារ​​​នា​​ពេល​អនាគត​ទៅ​?

មុន​នឹង​បោះ​ជំហាន ឈាន​ចូល​ទៅ​ឆ្នាំ​ថ្មី​​ឆាប់​ៗ​នេះ សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា បាន​ត្រៀម​ខ្លួន​រួច​រាល់ ក្នុង​ការ​បង្កើត​សុភមង្គល​​សម្រាប់​ខ្លួន​ឯង​​៕

ចុចអានបន្ត៖ ៧ យ៉ាងមិនចាំបាច់លះបង់ ដើម្បីផ្គាប់ចិត្តមនុស្សក្នុងសង្គមបច្ចុប្បន្ន

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ ដេត ឈុនអ៉ី