៧ យ៉ាងមិនចាំបាច់លះបង់ ដើម្បីផ្គាប់ចិត្តមនុស្សក្នុងសង្គមបច្ចុប្បន្ន
- 2019-12-13 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ យ៉ាងមិនចាំបាច់លះបង់ ដើម្បីផ្គាប់ចិត្តមនុស្សក្នុងសង្គមបច្ចុប្បន្ន
ដោយសារតែមានគំនិតចង់ឲ្យមនុស្សគ្រប់គ្នាចូលចិត្តរាប់អាន អ្នកតែងតែខិតខំព្យាយាមធ្វើឲ្យខ្លួនឯង មើលទៅល្អឥតទាស់ ក្នុងភ្នែកអ្នកដទៃ។ យ៉ាងណាកុំភ្លេចថា គ្មាននរណាម្នាក់កើតមកល្អឥតខ្ចោះឡើយ។ អ្នកមិនអាចផ្គាប់មនុស្សរាល់គ្នាបានទេ ហើយក៏មិនចាំបាច់ប្រឹងធ្វើបែបនោះដែរ។ ដរាបណា អ្នកឲ្យតម្លៃធ្វើអ្វីជាខ្លួនឯង ជាជាងការខ្វល់ពីគំនិតអ្នកដទៃ សុភមង្គលនិងទំនាក់ទំនងពិតប្រាកដជារត់មកដោយឯងៗ។
ខាងក្រោមនេះ គឺជារឿងរ៉ាវមួយចំនួន ដែលអ្នកមិនចាំបាច់ធ្វើឬលះបង់ ដើម្បីទាមទារចំណាប់អារម្មណ៍ ការស្រលាញ់ចូលចិត្តពីអ្នកផ្សេង ដោយមិនបានឲ្យតម្លៃខ្លួនឯងជាធំ។
១. ប្រឹងបន្ទាបខ្លួនខ្លាំងពេក
ការខំប្រឹងដាក់ខ្លួន ធ្វើជាមិនចង់អួតអាង គ្មានអ្វីគួរឲ្យកោតសរសើរឡើយ។ មនុស្សប្រភេទនេះ ត្រូវបានគេចាត់ទុកថា ចូលចិត្តធ្វើជាត្អូញត្អែរដាក់ខ្លួន ចង់បង្ហើបប្រាប់ឲ្យគេដឹង ប៉ុន្តែមិនហ៊ាននិយាយចំៗ ធ្វើជាបញ្ឆិតបញ្ឆៀង ស្តាប់ទៅគួរឲ្យធុញទ្រាន់ខ្លាំងណាស់។ បើមិនចង់អួតអាងទេ អាចនៅស្ងៀមធ្វើធម្មតាៗបានហើយ តែបើជ្រុលជាចង់អួតទៅហើយ គួរបញ្ចេញត្រង់ៗតែម្តងទៅ ដើម្បីកុំឲ្យហត់ចិត្តនឹងការធ្វើពុតខ្លាំងពេក។
២. ធ្វើដំណើរកម្សាន្តដើម្បីចង់អួតអ្នកដទៃ ច្រើនជាងការសប្បាយរីករាយនឹងទិដ្ឋភាពពិត
នាសម័យបច្ចុប្បន្នមានមនុស្សជាច្រើន ចូលចិត្តទៅដើរលេងក្នុងស្រុកឬក្រៅស្រុក នៅកន្លែងស្អាតៗ ដើម្បីតែបានបង្ហោះ ទាមទារការចាប់អារម្មណ៍ពីអ្នកលេងក្នុងបណ្តាញសង្គម ជាហេតុធ្វើឲ្យខកខានឱកាសមិនអាចទទួលយកទិដ្ឋភាពជាក់ស្តែង និងភាពសប្បាយរីករាយពិតប្រាកដ។ រហូតដល់ពេលខ្លះ មានមនុស្សមួយចំនួន លែងចង់ស្រូបយកបរិយាកាសធម្មជាតិស្រស់ស្រាយ ដើម្បីលំហែអារម្មណ៍ ហើយបែរជាផ្តោតសំខាន់លើកន្លែងថតរូបតែមួយមុខទៅវិញ។
៣. មានស្នេហាដើម្បីឲ្យល្អមើលតែសំបកក្រៅ
ក្នុងសង្គមទំនើប ពេលណាត់ជួបគ្នាឬពេលមានស្នេហា ម្នាក់ៗបានវាយតម្លៃតែលើសំបកខាងក្រៅ ខ្វះក្តីស្មោះត្រង់ពិតប្រាកដ។ ភាគច្រើនដៃគូទាំងសងខាង ខ្វះភាពក្លាហានក្នុងការបញ្ចេញធាតុពិត ព្រោះខ្លាចភាគីម្ខាងទៀត មិនអាចទទួលយកចំណុចខ្វះខាតដែលខ្លួនមាន។ ជាក់ស្តែង មនុស្សដែលស្រលាញ់អ្នកពិត ច្បាស់ជាមើលឃើញពីតម្លៃពិតរបស់អ្នក។
៤. ស្លៀកពាក់ដើម្បីផ្គាប់ចិត្តអ្នកដទៃ
ស៊ូរឹបតឹងខ្លួនប្រាណ ចង្អៀតណែនធ្វើអ្វីក៏ពិបាក ដើម្បីតម្រូវភ្នែកអ្នកដទៃ។ មែនហើយ ពេលខ្លះភាពលេចធ្លោទាក់ទាញ ជាដំណើរមួយអាចនាំអ្នកឆ្ពោះទៅកាន់ភាពជោគជ័យក្នុងអាជីព។ យ៉ាងណាក៏ដោយ ក៏មិនគួរដាក់សម្ពាធហួសកម្រិតដល់ខ្លួនឯងដាច់ខាត។
៥. បង្អួតទំនាក់ទំនងស្នេហាក្នុងបណ្តាញសង្គមដែលផ្ទុយស្រឡះពីការពិត
គូស្នេហ៍មិនតិចទេ ដែលចូលចិត្តបង្ហោះបង្អួតភាពផ្អែមល្ហែម និងចង់បង្ហាញពិភពលោកឲ្យដឹងថា ស្នេហារបស់ពួកគេពិតជារឹងមាំ គ្មានអ្វីបំបែកបាន។ ផ្ទុយទៅវិញ តាមការសិក្សាមួយបានបញ្ជាក់ថា ជាទូទៅ គូស្នេហ៍ដែលនិយមធ្វើបែបនេះញឹកញាប់ តែងតែមានអារម្មណ៍ថាគ្មានសុវត្ថិភាពចំពោះគ្នា មានរឿងស្មុគស្មាញច្រើនជាងលំនឹងឋិតថេរ។
៦. គិតថាការរៀបការដោយភាពហ៊ឹកហ៊ាក់ជារឿងចាំបាច់
សព្វថ្ងៃនេះ សង្កេតឃើញថាការរៀបអាពាហ៍ពិពាហ៍ មិនត្រឹមតែជាពិធីមួយប៉ុណ្ណោះទេ វាក៏ជាការបង្អួតពីភាពស៊ីវិល័យ ហ៊ឹកហ៊ាក់ ដើម្បីទទួលស្វាគមន៍ភ្ញៀវជិតឆ្ងាយ។ វាគឺជាសិទ្ធិរបស់មនុស្សម្នាក់ៗ ដែលគេអាចធ្វើអ្វីៗទៅតាមទឹកលុយរៀងៗខ្លួន។ ហេតុនេះហើយ អ្នកក៏មិនចាំបាច់ដាក់សម្ពាធឲ្យខ្លួនឯង ធ្វើអ្វីហួសសមត្ថភាពនោះទេ។ ភាពស្ថិតស្ថេរគង់វង្សនៃស្នេហា សំខាន់ជាងការប្រារព្ធវិធីធំដុំ។
៧. បោះបង់ចោលក្តីស្រមៃ
ក្តីស្រមៃ គោលដៅជាក់លាក់ ដែលអ្នកខំប៉ងប្រាថ្នាចង់បានជាយូរមកហើយ ដាច់ខាតកុំបោះបង់ចោលពាក់កណ្តាលទីឲ្យសោះ។ ការខិតខំទាំងប៉ុន្មាន មិនគួរបណ្តោយឲ្យនរណាម្នាក់មកបញ្ចប់វាដោយងាយៗឡើយ។ ត្រូវបន្តភាពរឹងមាំតស៊ូ ដើម្បីសម្រេចបានគ្រប់យ៉ាងដែលអ្នកត្រូវការ៕
ចុចអានបន្ត៖ អានទៅមិនខាតទេ! សម្តីមានតម្លៃ ១០ឃ្លា ពីស្រ្តីជោគជ័យល្បីៗលើសកលលោក