បើចូលដល់អាយុ៣-៤ខែហើយ កូនមិនទាន់ចេះរឿងទាំងនេះ អ្នកម្ដាយកុំគិតថាអត់អី!
- 2019-11-28 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើចូលដល់អាយុ៣-៤ខែហើយ កូនមិនទាន់ចេះរឿងទាំងនេះ អ្នកម្ដាយកុំគិតថាអត់អី!
ពីមួយថ្ងៃទៅមួយថ្ងៃ ទារកតែងមានការលូតលាស់តាមដំណាក់កាល និងតាមវ័យ។ ជាមួយការចិញ្ចឹមបីបាច់ ថែទាំ និងផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ កូនរបស់អ្នកអាចឆាប់លូតលាស់ទាំងផ្នែកបញ្ញា ស្មារតី និងសារពាង្គកាយ។ ថ្ងៃនេះយើងមកមើលការវិវត្តរបស់ទារកក្នុងអាយុ៣ទៅ៤ ខែ ថាតើរៀនចេះអ្វីខ្លះ ហើយគួរឱ្យស្រឡាញ់ប៉ុណ្ណា?
**ចាប់ផ្ដើមមើលឃើញមុខអ្នកនៅឆ្ងាយ និងមើលបាន១៨០ដឺក្រេ**
មិនដូច២ខែដំបូងដែលអ្នកត្រូវដើរទៅជិតទារក ដើម្បីឱ្យពួកគេឃើញនិងលេងជាមួយនោះទេ។ ដំណាក់កាលនេះ កូនរបស់អ្នកអាចមើលឃើញអ្វីៗដែលនៅឆ្ងាយ ត្រឹមមាត់ទ្វារ និងចាប់ផ្ដើមចំណាំមុខអ្នកស្គាល់បណ្ដើរៗហើយ។ បើអ្នកយករបស់អ្វីមួយដាក់ពីមុខកូន ហើយធ្វើចលនាជុំវិញក្បាលរបស់កូន ពួកគេចេះដេញតាមមើល។
ពេលឮសំឡេងធ្លាប់ស្គាល់ ចេះងាកតាមរក
ពេលឮសំឡេងអ្វីដែលចាប់អារម្មណ៍ ឬធ្លាប់ស្គាល់ ទារកចាប់ផ្ដើមចេះងាកក្បាលតាមរកប្រភពសំឡេងនោះ។ នេះជាសញ្ញាបញ្ជាក់ការ ខួរក្បាលកូនរបស់អ្នកចាប់ផ្ដើមលូតលាស់ ចំណែកសមត្ថភាពផ្នែកស្ដាប់ក៏មានពេញលេញផងដែរ។
ចេះមានប្រតិកម្មតប ពេលមានអ្នកលេងជាមួយ
ពេលមានអ្នកនិយាយលេងជាមួយ ទារកចាប់ផ្ដើមចេះលេងឬឆ្លើយតបនឹងការប្រឡែងរបស់អ្នកនៅក្បែរខ្លួន។ គេចេះបញ្ចេញសំឡេង និងធ្វើដៃធ្វើជើងក្នុងន័យឆ្លើយតបទៅវិញ។
កចាប់ផ្ដើមរឹង
កូនរបស់អ្នកក្នុងពេលនេះអាចគ្រប់គ្រងសាច់ដុំករបស់គេបានយ៉ាងល្អ ចេះទប់កឱ្យរឹង និងមានលំនឹងមិនផ្អៀងចុះផ្អៀងឡើងដូចមុន។ លើសពីនេះ ពេលក្រឡាប់ ទារកក៏អាចងើបកដោយខ្លួនឯងបាន។
ទធាក់ជើង ពេលលើកបញ្ឈរត្រង់ខ្លួន
ពេលលើកបញ្ឈរ កូនតូចរបស់អ្នកក្នុងអាយុនេះអាចនឹងធាក់ជើងចុះឡើង ព្រោះពួកគេកំពុងរៀនឈរដោយជើងពួកគេ ទោះបីវាមិនទាន់រឹងមាំក៏ដោយ។
ចេះប្រើដៃទប់លំនឹងខ្លួន ពេលក្រឡាប់
មកដល់ចំណុចនេះ កូនរបស់អ្នកចេះដកដៃដែលនៅក្រោមខ្លួន ពេលក្រឡាប់ចេញមក ដើម្បីទប់លំនឹងខ្លួន និងងើបកបានយ៉ាងស្ទាត់ជំនាញ។ នេះគឺជាដំណាក់កាលដំបូងនៃការរៀនចេះវារហើយ។
យកដៃដាក់ចូលមាត់
ពួកគេនឹងចូលចិត្តយកដៃដាក់ចូលមាត់បៀម មិនថាមួយម្រាម ឬពីរបីម្រាមនោះទេ។
គេងតិចម៉ោងជាងមុន
ទារកដែលទើបកើត២ខែដំបូង ជាទូទៅត្រូវគេង១៦ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែពេលចូលដល់៣-៤ខែហើយ ពួកគេគេងតែ១៥ម៉ោងប៉ុណ្ណោះ ហើយភាគច្រើនថ្ងៃមិនសូវគេដូចមុន តែពេលយប់គេងលក់ មិនសូវក្រោកឡើយ។
ចេះញញឹម សើច
ចូលដល់អាយុ៣-៤ខែ អ្នកនឹងអាចឮសំឡេងកូនសើចញឹកញាប់ តាមរយៈការលេងជាមួយ ឬឱ្យគេលេងរបស់លេងជាដើម។ នេះក៏ព្រោះតែសមត្ថភាពក្នុងការមើល និងស្ដាប់លូតលាស់ពេញលេញ។
ចេះចំណាំមុខអ្នកដែលខ្លួនចូលចិត្ត
មកដល់នេះ ពួកគេចាប់ផ្ដើមស្គាល់មុខអ្នកនៅជុំវិញខ្លួន ហើយដឹងថាអ្នកណាដែលខ្លួនស្រឡាញ់ ចូលចិត្ត អ្នកណាចេះថ្នម អ្នកណាចូលចិត្តធ្វើបាបគេ។ ដូច្នេះគេចេះរំអុកទៅរកអ្នកដែលគេចូលចិត្ត ឬយំពេលនៅក្បែរអ្នកដែលគេមិនចូលចិត្ត។
ចំណុចអ្វីខ្លះគួរព្រួយបារម្ភ?
ទោះជាយ៉ាងណា បើអ្នកម្ដាយសង្កេតឃើញកូនអាយុ៣ឬ៤ខែហើយ បែរជាមានដូចចំណុចខាងក្រោម គួរតែយកចិត្តទុកដាក់បន្ថែម ព្រោះវាបង្ហាញពីការលូតលាស់យឺតជាងក្មេងធម្មតា ឬអាចមានបញ្ហាត្រូវពិគ្រោះជាមួយពេទ្យជាបន្ទាន់៖
-មិនញញឹមឬសើច ឬមិនមានប្រតិកម្មអ្វីចំពោះអ្នកដែលជួបរាល់ថ្ងៃ
-អត់បញ្ចេញសំឡេងអ្វីសោះ
-កនៅទន់រង៉ិករង៉ក់ មិនទាន់ចេះទប់លំនឹងបាន
-មិនទាន់ចេះកាន់របស់
ចុចអាន៖ អាហារ ៥ មុខបំផ្លាញស្បែក នាំឲ្យមុខឆាប់ជ្រួញជាទីបំផុត