កុំឲ្យខកចិត្ត! រឿងមួយចំនួនគួរដឹង ពេលលង់ស្នេហ៍ប៉ះចំបុរសចាស់ទុំ
- 2019-11-19 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យខកចិត្ត! រឿងមួយចំនួនគួរដឹង ពេលលង់ស្នេហ៍ប៉ះចំបុរសចាស់ទុំ
មនុស្សប្រុសមានភាពចាស់ទុំម្នាក់ គឺជាក្ដីស្រមៃរបស់នារីគ្រប់រូប ដោយសារតែអត្តចរិតរបស់គាត់ចេះដឹងខុសត្រូវ គួរឲ្យគោរព។ បើអ្នកកំពុងមានចិត្តលើបុរសមានភាពចាស់ទុំម្នាក់ហើយមានអាយុលើសពី៣០ឆ្នាំ តែមិនដឹងថាត្រូវរៀបចំខ្លួនយ៉ាងណាដើម្បីឲ្យចំណងនេះដើរទៅមុខរលូន ព្រោះអ្នកមានអាយុក្មេងជាងគាត់ច្រើនពេក អត្ថបទខាងក្រោមអាចជួយអ្នកបាន។
**១. មានទំនុកចិត្តលើខ្លួនឯង**
នេះជាមន្តស្នេហ៍ខ្លាំងបំផុតដែលអ្នកអាចឆក់បេះដូងបុរសមានភាពស្រគត់ស្រគុំម្នាក់។ បើអ្នករកឃើញថាខ្លួនឯងមិនទាន់មានទំនុកចិត្តនៅឡើយទេ ត្រូវតែប្រញាប់ពង្រឹងបន្ថែម ដោយការរៀន តាមរយៈចូលរួមការងារសង្គម ធ្វើសកម្មភាពថ្មីៗ ដំណើរកម្សាន្តផ្សងព្រេង រុករកអ្វីមួយដើម្បីឲ្យមានបទពិសោធន៍ក្នុងជីវិតនិងភាពក្លាហាន។ វិធីនេះនឹងជួយតម្រង់អ្នកដោយផ្ទាល់ឲ្យទោរទន់ជាមនុស្សមានទំនុកចិត្តបានយ៉ាងឆាប់រហ័ស។
២. មានអាកប្បកិរិយាល្អ
អ្នកត្រូវបង្ហាញកាយវិការសមរម្យ មិនត្រូវរប៉ិលរប៉ូចនៅនឹងមុខមហាជនឬបុរសដែលអ្នកកំពុងចាប់ចិត្តនោះឡើយ ព្រោះទង្វើនេះអាចជារឿងគួរឲ្យធុញ។ មិនថានៅចំពោះមុខគាត់ ឬមិត្តភក្កិរបស់គាត់ទេ កុំធ្វើឬកពារងង៉ក់ ឬចរិតដូចក្មេងឲ្យគេទ្រពេក។ គ្រាន់តែបង្ហាញពីអាកប្បកិរិយាសមរម្យ មានការជជែករឿងចាំបាច់ នោះអ្នកនឹងក្លាយជាមនុស្សស្រីមានមន្តស្នេហ៍ក្នុងភ្នែកបុរសដែលអ្នកកំពុងចាប់ចិត្តមិនខាន។
៣. ដឹងពីចំណង់ចំណូលចិត្តរបស់គាត់
ដើម្បីអាចចូលកាន់តែកៀកជាមួយគាត់បាន អ្នកត្រូវដឹងពីរឿងរ៉ាវគាត់ខ្លះៗដែលនេះជាគុណសម្បត្តិមិនអាចខ្វះបាន។ ដឹងថាគាត់ចូលចិត្តអ្វី ចាប់អារម្មណ៍លើអ្វីជាងគេ ដែលបង្ហាញថាអ្នកមានទំនាក់ទំនងល្អអំពីគាត់។ វាក៏ធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់សំខាន់សម្រាប់អ្នក តែក៏ត្រូវប្រយ័ត្នកុំឲ្យដល់ថ្នាក់តាមដានគាត់ដូចប៉ូលិសស៊ើបអង្កេត។ អ្នកគួរដឹងពីគាត់តាមវិធីស្ងាត់ៗ ដែលមើលទៅទើបគួរឲ្យចាប់អារម្មណ៍ជាង។
៤. ជជែកពីរឿងដែលគាត់កំពុងចាប់អារម្មណ៍បំផុត
នៅពេលដែលអ្នកដឹងពីចំណង់ចំណូលចិត្តគាត់ហើយ ព្យាយាមបង្កើតការជជែកទាក់ទងនឹងប្រធានបទនោះឲ្យបានច្រើន។ ឧ៖ គាត់ចូលចិត្តការស្ទូចត្រី លេងតន្ត្រី ថតរូបជាដើម ដែលអ្នកអាចសួរគាត់ពីរបៀបរៀន បទពិសោធន៍ពីវា និងជួយឲ្យបង្រៀនអ្នក ដែលទាំងនេះជាឱកាសបង្កើតការសន្ទនាយ៉ាងស្និទ្ធស្នាលនិងមិនចេះធុញទ្រាន់ជាមួយគាត់បានយ៉ាងរីករាយ។
៥. មានភាពនឹងធឹង
នៅពេលអ្នកលង់ស្នេហ៍លើមនុស្សប្រុសមានភាពចាស់ទុំ អ្នកក៏ត្រូវមានភាពចាស់ទុំដូចគ្នា។ ភាពជាកូនក្មេងដែលអ្នកតែងតែប្រើអារម្មណ៍ ឆាប់ខឹង គឺត្រូវកាត់បន្ថយ។ អ្នកត្រូវគិតឲ្យបានច្រើនមុននិយាយស្ដីអ្វីចេញមក មិនត្រូវធ្វើចរិតដូចក្មេង ដែលធ្វើឲ្យបុរសដែលអ្នកកំពុងស្រលាញ់មានអារម្មណ៍ពិបាកនោះទេ។
ទោះយ៉ាងណាក៏ដោយ មិនត្រូវព្យាយាមខ្លាំងពេករហូតបាត់ភាពជាខ្លួនឯងនោះទេ ។ ថ្វីដ្បិតបុរសដែលអ្នកស្រលាញ់មានអាយុច្រើនលើសពី៣០ឆ្នាំក៏ដោយ ក៏មិនអាចបញ្ជាក់ថាគាត់មិនចូលចិត្តការកំប្លែង លេងសើចសោះនោះទេ។ សំខាន់អ្នកទាំងពីរចេះយល់ពីគ្នា និងពេលនៅក្បែរគ្នាកុំមានអារម្មណ៍ថាសម្ពាធនោះគឺស្នេហានេះចាប់ផ្តើមលូតលាស់ហើយ៕
ចុចអាន៖ ទង្វើ ៥ យ៉ាងបង្ហាញថា បុរសនោះចង់បានអ្នកជាសង្សារពិតប្រាកដហើយ