ធ្វើរឿងទាំងនេះបាន ជីវិតគូជួបជម្លោះតិច តែក្ដីស្រលាញ់ចំពោះគ្នាកើនច្រើនឡើងៗ
- 2019-11-08 16:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើរឿងទាំងនេះបាន ជីវិតគូជួបជម្លោះតិច តែក្ដីស្រលាញ់ចំពោះគ្នាកើនច្រើនឡើងៗ
មិនថាជាគូសង្សារ ឬគូស្វាមីភរិយាទេ ឲ្យតែអនុវត្តន៍បានប៉ុន្មានចំណុចនេះ ជីវិតស្នេហាអ្នកមិនសូវជាឈ្លោះគ្នាទេ ហើយមានតែស្រលាញ់គ្នាច្រើ់នឡើងៗ។ ខាងក្រោមនេះជាវិធីបន្ថយជម្លោះ និងបង្កើនក្ដីស្រលាញ់ចំពោះគ្នា ដែលអ្នករស់នៅជាជីវិតគូគួរតែស្វែងយល់៖
**១.និយាយតិចស្ដាប់ច្រើន**
មូលហេតុដែលគូស្វាមីភរិយាឈ្លោះប្រកែកគ្នា គឺដោយសារការមិនបានស្ដាប់ពីគ្នាឲ្យបានច្រើន តែបែរជាប្រជែងគ្នានិយាយឲ្យបានច្រើនទៅវិញ។ ដោយសារតែគ្មាននរណាស្តាប់នរណានឹងហើយ បានជានាំឲ្យមនោសញ្ចេតនាខ្សោយទៅៗ។ ពេលខ្លះអ្នកនិយាយច្រើនប្រៀបដូចជាការនាំភ្លើងឲ្យភាគីម្ខាងទៀតកាន់តែខឹងទៅវិញទេ ដូចនេះ ប្រសិនបើចង់ឲ្យទំនាក់ទំនងរបស់អ្នកមិនរង្គោះរង្គើល ព្យាយាមនៅស្ងៀមស្ងាត់ និងស្តាប់នូវអ្វីដែលម្ខាងទៀតនិយាយ។
២.និយាយជាមួយគ្នាដោយសម្ដីផ្អែមល្ហែម
សំឡេងនៃការនិយាយក៏ជាដើមចមដែលនាំឲ្យគូស្នេហ៍មួយចំនួនអស់ក្ដីស្រលាញ់ចំពោះគ្នាដែរ។ ដូចនេះការនិយាយក្ដីទៅកាន់ដៃគូពេលអារម្មណ៍មិនសូវល្អ គួរតែប្រើសំឡេងថ្នម និងបង្កប់ដោយភាពផ្អែមល្ហែម។ មិនត្រឹមតែពេលខឹង ឬអាក់អន់ចិត្តនឹងគ្នាទេ ពេលធម្មតាគប្បីនិយាយស្ដីពាក្យល្អៗ និងពីរោះពិសារ។
៣.ទទួលយកនូវគុណវិបត្តិរបស់គ្នាទៅវិញទៅមក
ដើម្បីរស់នៅជាមួយគ្នាដោយរលូន ជាការសំខាន់បំផុតនោះគឺរៀនពីទម្លាប់របស់គ្នាទៅវិញទៅមក។ នៅពេលអ្នកទទួលបានផ្នែកល្អរបស់គ្នា អ្នកក៏ត្រូវតែទទួលយកគុណវិបត្តិខ្លះរបស់គ្នាផងដែរ។
៤.និយាយសុំទោស
ការសុំទោស គឺជាផ្នែកមួយនៃការជួយកែលម្អស្ថានភាពតានតឹង។ ការសុំអភ័យទោសមិនមែនមានន័យថាអ្នកចាញ់ឡើយ ប្រសិនបើអ្នកខុស កុំស្ទាក់ស្ទើរ ហើយបើអ្នកត្រូវក៏និយាយទៅមិនខុសដែរ ព្រោះវាជួយឲ្យស្នេហាវិលរកមកភាពល្អវិញ។ ស្ថានភាពជម្លោះភាគច្រើន គឺកើតឡើងដោយសារការចង់ឈ្នះចាញ់ និងមិនទទួលយកកំហុសខ្លួនឯងដែលអាចបណ្តាលឲ្យអ្នកទាំងពីរអាក់អន់ចិត្តគ្នា។
៥.ស្វែងរកដំណោះស្រាយជាមួយគ្នា
អ្វីដែលសំខាន់បំផុតក្នុងជីវិតគូ គឺត្រូវបើកចិត្ដ ដើម្បីនិយាយអំពីបញ្ហាកើតឡើងចំពើគ្នា។ បើសិនជាអ្នកទាំងពីរប្រកែកគ្នាជាញឹកញាប់ ហើយមិននិយាយរកគ្នានោះត្រឹមបីថ្ងៃគឺបានហើយ ចូលដល់ថ្ងៃទីបួន នៃការឈ្លោះប្រកែកគ្នា គួរតែងាកមកពិភាក្សាគ្នា ដើម្បីកុំឲ្យមានជម្លោះជាមួយគ្នាវិញ។
៦.កុំជីកកកាយរឿងចាស់ៗ
នេះជារឿងដែលអ្នកមានគូមិនគួរនិយាយ ឬធ្វើឡើយ។ នរណាក៏គេមានអតីតកាលដែរ តែទុកវាត្រឹមជារឿងកន្លងហួសទៅចុះ បើទោះជាពេលនោះស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ តែពេលនេះវាជាបច្ចុប្បន្នដូចនេះរស់នៅក្នុងបច្ចុប្បន្ន និងរៀបចំគម្រោងទៅអនាគតវិញល្អជាង៕
ចុចអាន៖ទម្លាយ ៤ មូលហេតុដែលគូស្នេហ៍កាន់តែឈ្លោះគ្នា កាន់តែស្រលាញ់គ្នាជ្រាលជ្រៅ