ដុត​ទៀន​រាង​បេះដូងសារភាព​​ស្នេហ៍​ស្មាន​តែ​បាន​រ៉ូមេនទិក ពូ​សន្តិសុខ​ពន្លត់​ខ្ទេច អ្នក​អត់​គូ​ពេញ​ចិត្ត​ស្ដូក

  • 2019-10-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្មាន​តែ​ដុត​ទៀន​សុំ​ស្នេហ៍​ហើយ​នឹង​បាន​គេ​សរសើរ​ថា​ពូកែ​រ៉ូមេន​ទិក តែ​បុរស​ម្នាក់​បាន​ត្រឹម​ស្រងាក​ចិត្តនៅ​ពេល​ពូ​សន្តិសុខ​បាន​ពន្លត់​ភ្លើង​ទៀន​ខ្ទេច​ខ្ទី​ មិន​បាន​សារភាព​ស្នេហ៍​អ្វី​ទាំង​អស់។

សារភាព​ស្នេហ៍​នៅ​ទីសាធារណៈ​គឺ​ជា​វិធី​បង្ហាញ​មនោសញ្ចេនតនា​ដែល​ចង់​ឲ្យ​មនុស្ស​ច្រើន​បាន​ដឹង​ពី​ជម្រៅ​ចិត្ត​របស់​ខ្លួន។ ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ វិធី​សារភាព​ស្នេហ៍​ជា​សាធារណៈ​បែប​នេះ​ក៏​ចាប់​ផ្ដើម​ពេញ​និយម​ផង​ដែរ ដោយ​មាន​អ្នក​ធ្វើ​តាម​ជា​ច្រើន។

យ៉ាងណាក្ដី ផល​លំបាក​នៃ​ការ​សារភាព​ស្នេហ៍​បែប​នេះ​​គឺ ត្រូវ​ចំណាយ​ពេល​វេលា ក៏​ដូច​ជា​ថវិកា​ច្រើន​ដើម្បី​ត្រៀម។ ​រឹត​តែ​ពិបាក​ទទួល​យក​ជាង​គេ​ទៀត​នោះ​គឺ ត្រូវ​បាន​គេ​បដិសេធ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ជា​ច្រើន។ តែ​ក្រៅ​ពី​ចំណុច​អវិជ្ជមាន​ខាង​លើ នៅ​ពេល​នេះ​ទើ​ប​តែ​លេច​ចំណុច​ពិបាក​មួយ​ទៀត​នៅ​ពេល​សារភាព​ស្នេហ៍​នៅ​ទី​សាធារណៈ។ ជាក់​ស្ដែង មុន​នេះ​បន្តិច បុរស​ជា​និស្សិត​សកលវិទ្យាល័យ​មក​ពី​ប្រទេស​ចិន​ បាន​ពឹង​មិត្តភ័ក្ដិ​ខ្លួន​ច្រើន​នាក់​ដើម្បី​រៀប​ចំ​ទៀន​ជា​រាង​បេះដូង​ដើម្បី​សារភាព​ស្នេហ៍​ចំពោះ​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់​ជា​យូរ​មក​ហើយ។

ខណៈ​ភាគ​ច្រើន​គេ​ត្រូវ​ស្រងាក​ចិត្ត​ដោយ​សារ​តែ​ភាគី​ម្ខាង​ទៀត បដិសេធ​មិន​ព្រម​ទទួល​យក​ក្ដី​ស្រលាញ់​នោះ។ បុរស​ខាង​លើ​បែរ​ជា​ត្រូវ​ខក​ចិត្ត​ដោយ​សារ​ពូ​សន្តិសុខ​សាលា​ទៅវិញ។

តាម​នោះ​ដែរ ខណៈ​លោក​ត្រៀម​សារភាព​ស្នេហ៍​ចំពោះ​មុខ​មនុស្ស​រាប់​រយ​នាក់​នោះ ស្រាប់​តែ​ពូ​សន្តិសុខ​២​នាក់​កាន់​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ទៀន​អស់ ធ្វើ​ឲ្យ​គេ​លែង​បាន​សារភាព​អ្វី​ទាំង​អស់។ ខណៈ​អ្នក​ខ្លះ​អាណិត​បុរស​ខាង​លើ​ព្រោះ​ខំ​ត្រៀម​ដើម្បី​សុំ​ស្នេហ៍​គេ​តែ​មិន​បាន​សម្រេច​នោះ តែ​អ្នក​អត់​គូ​ហាក់​ពេញ​ចិត្ត​នឹង​សកម្មភាព​របស់​ពូ​សន្តិសុខ​ខ្លាំង​ណាស់ ព្រោះ​នឹង​ធ្វើ​ឲ្យ​បុរស​រូប​នេះ​សារភាព​មិន​បាន​សម្រេច​ ហើយ​អត់​គូ​ដូច​ពួក​គេ​ដែរ៕

ចុចអាន៖ ​ ស្រីស្អាតម្នាក់ ធ្វើឲ្យគេស្រឡាំងកាំងដោយសារផ្ទះមិន​ខុស​ពី​គំនរ​សំរាម

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel