វេលាវេទនាផ្លូវចិត្តរបស់បុរសពេលស្រលាញ់នរណាម្នាក់ ដែលនារីច្រើនមិនដឹង

  • 2019-10-09 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​មិន​រឹង​មាំ​គ្រប់​ពេល​ដូច​ដែល​នារី​​ជា​ច្រើន​គិត​នោះ​ទេ។ ​ពេល​ខ្លះ គាត់​ក៏​ចេះ​ទន់​ខ្សោយ​​ ចេះ​យំ និង​ព្រួយ​បារម្ភ​ច្រើន​ដែរ។ ​ពេល​​បុរស​ជួប​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ហើយ ​ពេល​នោះ​គាត់​ពិត​​​ជា​​​ដាក់​ចិត្ត​ដាក់​កាយ​ចង់​នៅ​ជាមួយ​យ៉ាង​ពិត​ប្រាកដ។ ​

​ប៉ុន្តែ​អារម្មណ៍​ល្អ ​ការ​រំពឹង​ទុក​ពី​ស្នេហា​មួយ​នោះ​បែរ​ជា​សាប​រលាប នោះ​ជា​ពេល​ដែល​គាត់​រស់​ដូច​ស្លាប់ វេទនា​ផ្លូវ​ចិត្ត​បំ​ផុត។

១. ​ពេល​មនុស្ស​ដែល​គាត់​ស្រលាញ់​មិ​ន​នៅ​ក្បែរ

​នៅ​ពេល​ដាក់​ចិត្ត​ស្រលាញ់​នារី​ណា​ម្នាក់ ​គាត់​តែង​ចង់​នៅ​ជិត​នារី​​ម្នាក់​នោះ​ ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​នាង​បាន​ខ្លាំង​បំ​ផុត។ ​គ្រាន់​​តែ​ឃើញ​នាង ​គាត់​ក៏​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ភ្លាម​។ ​​តែ​ពេល​នាង​មិន​នៅ ​នេះ​​ជា​ពេល​វេទ​នា​បំ​ផុត​សម្រាប់​គាត់។ បើ​ពេល​ណា​មនុស្ស​ស្រី​ម្នាក់​នោះ​មិន​តប​សារ​ បិទ​ទូរសព្ទ​ទៀត ​គាត់​ច្បាស់​ជា​គេង​មិន​លក់​ពេញ​មួយ​យប់​។

២. ​ពេល​កំពុង​ស្រលាញ់ ​បែរ​ជា​នាង​សុំ​បែក

​​​គ្មាន​អ្វី​យ៉ាប់​បំផុត ពេល​នារី​ដែល​គាត់​កំពុង​ស្រលាញ់​ពេញ​បេះ​ដូង​ប្រាប់​ថា​បែក​​គ្នា ​ទុក​ឲ្យ​គាត់​នៅ​ម្នាក់​ឯង​នោះ​ឡើយ។ ​ប្រាកដ​ណាស់ របួស​បេះ​ដូង​មិន​អាច​ជា​សះ​​​លឿន​បាន​ឡើយ​។ ​បេះ​ដូង​គាត់​កំពុង​ពេញ​ដោយ​រឿង​រ៉ាវ​ល្អ​ៗ​អំ​ពី​នារី​ម្នាក់​នោះ។ ​គាត់​ចង​​ចាំ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​បួង​សួង​ឲ្យ​នាង​និង​គាត់​វិល​ត្រលប់​មក​ដូច​ដើម។ ​​ប៉ុន្តែ​គ្រប់​យ៉ាង បែរ​ជា​​បង្ខំ​ឲ្យ​គាត់​ព្យាយាម​យ៉ាង​លំបាក​លុប​អនុស្សាវរីយ៍​ពី​​ការ​ចង​ចាំ​ ហើយ​បំភ្លេច​ចោល​នារី​ម្នាក់​នោះ​។

៣. ទៅ​កន្លែង​ដែល​គាត់​និង​មនុស្ស​ស្រលាញ់​ធ្លាប់​មក​ជាមួយ​គ្នា

គូ​ស្នេហ៍​បែក​គ្នា​ច្រើន​ឆ្នាំ​ហើយ ​នៅ​ពេល​បុរស​​នោះ​ដើរ​កាត់​ដង​ផ្លូវ​ដែល​គាត់​និង​នាង​ធ្លាប់​មក​ជាមួយ​គ្នា ធ្លាប់​មក​ញ៉ាំ​អី​​ជា​មួយ​គ្នា​ គ្រប់​យ៉ាង​ក៏​ផុស​​ក្នុង​កែវ​ភ្នែក​គាត់​ឡើង​វិញ។ ​ទាំង​អស់​នោះ​ពេល​ខ្លះ ​ដូច​ដំបង​មក​វាយ​គាត់​យ៉ាង​ដំណំ​ពោរពេញ​ដោយ​ការ​ឈឺ​ចាប់ ​សោក​ស្ដាយ​និង​ជូរ​ចត់​បំ​ផុត៕​

ចុចអាន៖ ​​ ស្ទើរស្រលាញ់ស្ទើរស្អប់ រសជាតិល្វីងបំផុតដែលអ្នកឲ្យ ចុងក្រោយខ្ញុំយំម្នាក់ឯង

ប្រភព៖ Phunuonline ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម