ស្ទើរស្រលាញ់ស្ទើរស្អប់ រសជាតិល្វីងបំផុតដែលអ្នកឲ្យ ចុងក្រោយខ្ញុំយំម្នាក់ឯង

  • 2019-10-08 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ដល់​ថ្ងៃ​នេះ ​ខ្ញុំ​ទទួល​ស្គាល់​ថា​នៅ​គិត​ពី​​អ្នក​ តែ​នោះ​មក​ពី​កំហុស​ខ្ញុំ ​បើ​ខ្ញុំ​​ឈប់​ចូល​មើល​​ Profile​ ​អ្នក​ទៀត ​មិន​មើល​​អនុស្សាវរីយ៍​ចាស់​ៗ​ ​ធ្វើ​ចិត្ត​ឲ្យ​ដាច់​ជាង​នេះ ​ប្រហែល​ពេល​នេះ​ខ្ញុំ​មិន​ឈឺ​ចាប់​ដល់​ម្លឹង​ទេ។ ពេល​ខ្ញុំ​ខូច​ចិត្ត​ដោយសារ​​អ្នក​ ​សុខភាព​ខ្ញុំ​តែង​ចុះ​ខ្សោយ ​សក់​ជ្រុះ ​ឆាប់​ខឹង ​ហើយ​មាន​អារម្មណ៍​មិន​ល្អ។ ​ដើម្បី​មនុស្ស​ក្បត់​ម្នាក់​ ខ្ញុំ​លះ​បង់​ច្រើន​ដល់​ថ្នាក់​នេះ​ទាំង​ដឹង​ថា​គ្មាន​បាន​អ្វី​តប​ស្នង​​ បាន​ត្រឹម​តែ​ខូច​​ចិត្ត​ម្នាក់​ឯង។

​ថ្ងៃ​នេះ​ខ្ញុំ​ខូច​ចិត្ត​ម្ដង​ទៀត​នៅ​ពេល​ដឹង​ថា ​​អ្នក​អត់​ទ្រ​ខ្ញុំ​សូម្បី​បន្តិច​សោះ ​​អ្នក​​គ្មាន​សូម្បី​រវល់​នឹង​ខ្ញុំ​បន្តិច ​​អ្នក​​ចាត់​ទុក​ខ្ញុំ​ជា​របៀប​មាន​ក៏​បាន ​អត់​ក៏​បាន​ អត់​សំខាន់។ ​ពី​ដើម​មក ​ខ្ញុំ​គិត​ម្នាក់​ឯង​ថា​​អ្នក​ឲ្យ​តម្លៃ​ខ្ញុំ ​ថា​​អ្នក​​ខ្វល់​ពី​ខ្ញុំ តែ​ការ​ពិត​អត់​ទេ ​​គឺ​អ្នក​អត់​ខ្វល់ ។ សូម្បី​តែ​ខ្ញុំ​ខឹង ​សូម្បី​តែ​​អ្នក​​ខុស​ក៏​​អ្នក​ធ្វើ​ឬក​ឡូយ​អត់​លួង​ខ្ញុំ​ដែរ។ ​

នេះ​មក​ពី​ខ្ញុំ​​គ្មាន​សូម្បី​នៅ​ក្នុង​ខួរ​ក្បាល​​របស់​អ្នក​ ​ខ្ញុំ​ប្រៀប​ដូច​ជា​ក្រដាស​មួយ​ដែល​គ្រាន់​តែ​ត្រូវ​ខ្យល់​ប៉ើង​កាត់​មុខ​​អ្នក​​ប៉ុណ្ណោះ​។ ​​អ្នក​បារម្ភ​តែ​មនុស្ស​ស្រី​ដែល​ជា​សង្សារ​ថ្មី​របស់​អ្នក ​​អ្នក​​ខ្លាច​គេ​ ​អ្នក​សុំ​ទោស​គេ​ពេល​​អ្នក​និយាយ​ស្ដី​មិន​សមរម្យ​ ​​អ្នក​ខ្វល់​ពី​គេ​​ណាស់ ឲ្យ​តម្លៃ​​គេ​គ្រប់​យ៉ាង។ ​ចំណែក​ខ្ញុំ​មាន​អី​ទៅ​ប្រៀប​នឹង​គេ​បាន ​ដូច្នេះ​គួរ​តែ​ដក​ខ្លួន​តាម​របៀប​ស្ងប់​ស្ងាត់​បែប​នេះ​ក៏​ល្អ​ដែរ។ ​ខ្ញុំ​ប្រហែល​ជា​ហត់​ហើយ ​គឺ​ហត់​នឹង​វិល​រក​អតីតកាល​ដែល​គ្មាន​ថ្ងៃ​ត្រលប់​ជា​ថ្មី ​អតីត​កាល​ដែល​​អ្នក​​បាន​ផ្លាស់​ប្ដូរ​ហើយ។ ​ពេល​នេះ​ ខ្ញុំ​គួរ​តែ​កាត់​ចិត្ត​បាន​ហើយ។ ​

ពេល​មនុស្ស​ម្នាក់​គេ​អត់​ស្រលាញ់​យើង ​គេ​នឹង​មិន​ខ្វល់​ថា​តើ​យើង​ខឹង​គេ​ឬ​អត់? ​គេ​មិន​នឹក​យើង ​គេ​មិន​ប្រើ​ពាក្យ​ពីរោះ ​គេ​ក៏​​មិន​បារម្ភ​ថា​យើង​ឈឺ​ចាប់​ឬ​អត់ រឹត​តែ​មិន​បក​ស្រាយ​អ្វី​ទាំង​អស់។ ​បើ​យើង​នឹក​គេ ​យើង​ទៅ​រក​គេ ​គេ​កាន់​តែ​បាន​ចិត្ត ​ហើយ​មិន​ឲ្យ​តម្លៃ​យើង។ ​មិន​មែន​គេ​អាណិត​ គេ​​មក​ខ្វល់​ពី​យើ​ង​ទេ។ ​គេ​នឹង​បន្ថែម​ឲ្យ​យើង​ឈឺ​ចាប់​ទៀត ​ដោយ​ការ​បញ្ឈឺ​ព្រោះ​គេ​ចង់​ឲ្យ​យើង​ចាក​ចេញ ​តែ​​យើង​នៅ​មុខ​ក្រាស់។ ​បើ​យើង​នៅ​តោង​ទាម ​គេ​កាន់​តែ​គ្មាន​យើង​ក្នុង​ភ្នែក​ព្រោះ​គេ​​គិត​ថា​យើង​អត់​គេ​មិន​បាន។ ​​គេ​មិន​មែន​សុខ​ចិត្ត​ធ្វើ​ឲ្យ​យើង​សប្បាយ​​ចិត្ត​ទេ ​តែ​គេ​នឹង​ផ្ដល់​ឲ្យ​​នូវ​ជម្រើស​មិន​អាច​ទៅ​រួច​មួយ។

​​រស​ជាតិ​ស្ទើរ​ស្រលាញ់​ស្ទើរ​ស្អប់​ដែល​អ្នក​ផ្ដល់​ឲ្យ​ខ្ញុំ ​ គឺ​ខ្ញុំ​ស្ទើរ​ក្លាយ​ជា​មនុស្ស​ឆ្កួត ​​វិល​វល់​ទៅ​ជា​ឈឺ​ក៏​មាន។ ​ជីវិត​ខ្ញុំ​ដុន​ដាប​ មួម៉ៅ​ពេល​ដឹង​ថា​អ្នក​និង​សង្សារ​ស្រលាញ់​គ្នា​បេះ​មិន​ចេញ។ ​ខ្ញុំ​ថ្ងៃ​នេះ ​ទទួល​បាន​គ្រប់​រស​ជាតិ​ទាំង​អស់​ពី​អ្នក ​គឺ​រស​ជាតិ​ចុង​ក្រោយ​ដែល​ល្វីង​បំ​ផុត​រហូត​​ខ្ញុំ​ឆ្អែត​លែង​ហា​មាត់​រួច ​សុំ​ឲ្យ​គ្រប់​យ៉ាង​ត្រលប់​វិញ។ ​​​

ថ្ងៃ​នេះ​ ខ្ញុំ​ដឹង​ថា​វា​ចប់​ហើយ ទោះ​អ្នក​នឹង​គេ​បែក​គ្នា ​ក៏​ខ្ញុំ​មិន​មែន​ជា​ជម្រើស​ដែល​អ្នក​ត្រូវ​ការ ​រឹត​តែ​គ្មាន​ផ្លូវ​ដែល​អ្នក​និង​គេ​បែក​គ្នា ​រឹត​តែ​គ្មាន​ផ្លូវ​ដែល​ខ្ញុំ​លើក​លែង​ទោស​ឲ្យ​អ្នក។ ​ដូច្នេះ សរុប​ទៅ​យើង​គ្មាន​ថ្ងៃ​ជួប​គ្នា ​យើង​គ្មាន​ថ្ងៃ​ល្អ​នឹង​គ្នា​ទេ។ ​បើ​ដឹង​​លទ្ធ​ផល​​រួច​ទៅ​ហើយ ​ទោះ​ខ្ញុំ​នឹក​អ្នក ខ្វល់​ពី​អ្នក ​ស្អប់​អ្នក ​ខូច​​ចិត្ត​​ទៀត​ក៏​អត់​បាន​អី​មក​វិញ​ដែរ។​ មាន​តែ​ឲ្យ​ពេល​វេលា​បញ្ចប់​ចំណង​នេះ​ ហើយ​ខ្ញុំ​ជូន​ពរ​ខ្លួន​ឯង​ឲ្យ​ឆាប់​ជួប​បុរស​ជា​គូ​ព្រេង​របស់​ខ្ញុំ៕

ចុចអាន៖ ​​ ងាកមើលអតីតកាលខ្ញុំឈឺចាប់ តែពេលនេះខ្ញុំប្រសើរជាងមុនក្រោយដឹងការពិតពីអ្នកច្បាស់

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម