ក្បាច់ការពារខ្លួន ៥ ស្រីៗគួរចេះសម្រាប់តតាំងជាមួយជនខិលខូច

  • 2019-10-03 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃ​នេះ មិន​ថា​ទៅ​ដល់​ទី​ណា គ្រោះ​ថ្នាក់​អាច​កើត​ឡើង​ចំពោះ​អ្នក​គ្រប់​ពេល​វេលា។ មនុស្ស​ប្រុស​អាង​កម្លាំង​ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ​ស្រី​ៗ​ក៏​គួរ​តែ​ចេះ​ក្បាច់​សំខាន់ៗ​ ទុក​សម្រាប់​តទល់​ជាមួយ​ជន​ខិល​ខូច​ណា​មួយ​ ដែល​មាន​បំណង​មិន​ល្អ​មក​លើ​អ្នក។ យ៉ាង​ហោច​ណាស់ អ្នក​អាច​គេច​ផុត​ពី​ហានិភ័យ​បាន​មួយ​គ្រា​ ប្រសើរ​ជាង​ការ​ភ័យ​ស្លន់ស្លោ មិន​ដឹង​ថា​ត្រូវ​ធ្វើ​បែប​ណា​ដែរ។

១. នៅ​ពេល​មាន​គេ​មក​ចាប់​ក​ដៃ​របស់​អ្នក

ក្នុង​ករណី​នេះ​ អ្វី​ដែល​ត្រូវ​ធ្វើ​គឺ យក​ដៃ​ទាំង​សង​ខាង​កាន់​ផ្អោប​គ្នា​ឲ្យ​ណែន​ ហើយ​ព្យាយាម​​ប្រើ​កម្លាំង​គ្រលាស់​កែង​ដៃ​ចុះ​ក្រោម​ឲ្យ​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ធ្វើ​បែប​នេះ​ ជន​ខិល​ខូច​នឹង​មិន​អាច​ចាប់​ដៃ​របស់​អ្នក​ជាប់​ទៀត​ទេ។

២. នៅ​ពេល​មាន​គេ​ចាប់​ឱប​ពី​ក្រោយ

ត្រូវ​ទប់​អារម្មណ៍​កុំ​ភ័យ​ស្លន់​ស្លោ​ បន្ទាប់​មក​ព្យាយាម​ទាញ​ខ្លួន​ជន​ខិល​ខូច​ឲ្យ​កៀក​នឹង​អ្នក ដើម្បី​ឲ្យ​ដៃ​របស់​គេ រលុង​ជាង​មុន​បន្តិច ទើប​អាច​ប្រើ​កែង​ដៃ​វាយ​បក​ត្រលប់​ទៅ​វិញ ហើយ​កុំ​ភ្លេច​ប្រើ​ជង្គង់​ទាត់​ឲ្យ​ចំ​កន្លែង​ពិសេស។

៣. នៅ​ពេល​មាន​គេ​ចាប់​ឱប​លើក​ឡើង​ពី​ក្រោយ

នៅ​ពេល​ដឹង​ថា​មាន​មនុស្ស​ចាប់​លើក​អ្នក​ពី​ក្រោយ​បែប​នេះ ត្រូវ​លើក​ជើង​ទាំង​ពីរ​ឡើង​ហើយ​ធាក់​ឲ្យ​ញាប់។ តិចនិក​នេះ អាច​ធ្វើ​ឲ្យ​ជន​ខិល​ខូច របូតដៃ​ប្រលែង​អ្នក​មក​វិញ​។

៤. នៅ​ពេល​មាន​គេ​ច្របាច់​ក

​ក្នុង​ស្ថានភាព​បែប​នេះ ត្រូវ​លើក​ដៃ​ម្ខាង​ឡើង​លើ​ឲ្យ​ខ្ពស់ បន្ទាប់​មក​ត្រូវ​ខំ​ប្រឹង​ប្រើ​កម្លាំង​ដៃ​និង​ទម្លាក់​ដង​ខ្លួន​មក​ផ្នែក​ម្ខាង​ទៀត ដើម្បី​ឲ្យ​​ដៃ​ជន​ខិល​ខូច​របូត​ពី​ក​របស់​អ្នក។ ពេល​ងើប​មក​វិញ ត្រូវ​ប្រើ​កែង​ដៃ​​វាយ​ឲ្យ​ចំ​មុខ​​គេ​តែ​ម្តង។

៥. នៅ​ពេល​​មាន​គេ​ចាប់​ទាញ​សក់​ពីក្រោយ

វា​ជា​ការ​វាយ​ប្រហារ​ដែល​កើត​ឡើង​ញឹកញាប់​ជាង​គេ ប្រសិន​បើ​អ្នក​ជួប​ករណី​បែប​នេះ មិន​ចាំ​បាច់​​ខំ​ប្រឹង​ប្រលេះ​សក់​ចេញ​​នោះ​ទេ ប៉ុន្តែ​ត្រូវ​ព្យាយាម ​ប្រើ​ដៃ​ទាំង​ពីរ ដើម្បី​ចាប់​ដៃ​ជន​ខិលខូច​ឲ្យ​ជាប់ ហើយ​កុំ​ភ្លេច​ដាក់​កែង​ដៃ​ទាំង​សង​ខាង​ដើម្បី​ការពារ​មុខ បន្ទាប់​មក​ទាញ​ដៃ​គេ​បក​​ត្រលប់​មក​ក្រោយ​ ដើម្បី​រួច​ផុត​ពី​គ្រោះ​ថ្នាក់​៕​

ចុចអានបន្ត៖ គុណប្រយោជន៍ធំៗ ៦ នៃការក្រោកពីព្រលឹមជាប្រចាំ អ្នកដេកស្ពឹកគ្មានថ្ងៃទទួលបានឡើយ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម