គុណប្រយោជន៍ធំៗ ៦ នៃការក្រោកពីព្រលឹមជាប្រចាំ អ្នកដេកស្ពឹកគ្មានថ្ងៃទទួលបានឡើយ
- 2019-10-02 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណប្រយោជន៍ធំៗ ៦ នៃការក្រោកពីព្រលឹមជាប្រចាំ អ្នកដេកស្ពឹកគ្មានថ្ងៃទទួលបានឡើយ
ការភ្ញាក់ពីព្រលឹម អាចនឹងពិបាកបន្តិច សម្រាប់អ្នកដែលមានទម្លាប់ដេកស្ពឹករាល់ថ្ងៃ ទោះម៉ោងរោទ៍ចង់ផ្ទុះ ក៏មិនព្រមក្រោក។ ល្មោភដេកយូរក្រងើបខ្លាំងពេក មិនត្រឹមតែខាតពេលវេលាប៉ុណ្ណោះទេ ថែមទាំងមិនអាចទទួលបានគុណប្រយោជន៍ធំៗ ដូចអ្នកដែលងើបពីព្រលឹមនោះឡើយ។
១. ក្រោកឡើងបានញ៉ាំអាហារពេលព្រឹកល្អបំផុតចំពោះសុខភាព
អ្នកដែលក្រោកពីព្រលឹម មានពេលគ្រប់គ្រាន់សម្រាប់ញ៉ាំអាហារពេលព្រឹក ចំណែកឯអ្នកដែលទម្លាប់ងើបយឺត តែងប្រញាប់ប្រញាល់ មិនបានញ៉ាំអាហារពេលព្រឹកឲ្យបានត្រឹមត្រូវឬខកម៉ោង ជួនកាលចេះតែញ៉ាំអាហារសម្រន់ឲ្យតែរួចៗ ជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៅថ្ងៃមុខ។
២. ជួយឲ្យស្បែកភ្លឺថ្លា
បន្ទាប់ពីគេងឆ្អែតពេញមួយយប់ ស្បែករបស់អ្នកនឹងស្រស់ថ្លានៅពេលព្រឹក។ ជាពិសេស ប្រសិនបើអ្នកក្រោកលឿន អ្នកប្រាកដជាមានពេលគ្រប់គ្រាន់ ក្នុងការថែរក្សាសុខភាពស្បែក មុនពេលចេញទៅខាងក្រៅ។ ដោយសារភាគច្រើន អ្នកដែលក្រោកយឺត តែងចូលគេងពេលយប់ជ្រៅ ទើបបណ្តាលឲ្យសភាពស្បែកស្រអាប់ ឆាប់ជ្រួញ គ្មានសុខភាពល្អ។
៣. អាចផ្តោតអារម្មណ៍បានល្អ
ការងើបពីព្រលឹម អាចជួយឲ្យអ្នកអាចផ្តោតអារម្មណ៍បានល្អ មិនឆាប់ធុញថប់ស្មុគស្មាញ ធ្វើកិច្ចការអ្វី ក៏រលូនជាងអ្នកដែលគេងទ្រមក់។
៤. ធ្វើការងារប្រកបដោយប្រសិទ្ធភាព
មនុស្សជោគជ័យភាគច្រើន ក្រោកឡើងនៅចន្លោះម៉ោង ៥-៦ព្រឹក ព្រោះពួកគេចង់ឲ្យការធ្វើការងារផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងអំឡុងពេលព្រឹកព្រលឹម អ្នកអាចធ្វើកិច្ចការសំខាន់ៗ ដោយគ្មានការរំខាន។
ខួរក្បាលក៏ស្រឡះល្អមិនស្ពឹកស្រពន់ គិតអ្វីបានលឿន និងមានលទ្ធផលល្អ។
អ្នកអាចបែកចែក ធ្វើការសម្រេចចិត្តបានច្បាស់លាស់និងប្រសើរជាងនៅពេលថ្ងៃឬពេលល្ងាច។
ការក្រោកលឿនធ្វើឲ្យអ្នកមានកម្លាំងកំហែងពេញមួយថ្ងៃ។
៥. គេងលឿនភ្ញាក់លឿន
កាលណារាងកាយរបស់អ្នកស៊ាំជាមួយនឹងការក្រោកពីព្រលឹមជាប្រចាំ នោះនៅពេលយប់អ្នកមិនពិបាកក្នុងការគេងទៀតទេ។ ប្រសិនបើអ្នកនៅបណ្តោយយូររហូតដល់ហួសម៉ោងគេង អ្នកច្បាស់ជា ពិបាកក្រោកខ្លាំងនៅពេលព្រឹក រាងកាយក៏មិនបានសម្រាកគ្រប់គ្រាន់ ដោយសារតែអ្នកមិនកំណត់ពេលគេងនិងពេលភ្ញាក់ឲ្យបានទៀងទាត់។
៦. រីករាយនឹងពេលវេលាស្ងប់ស្ងាត់
វាជាពេលវេលាដ៏ល្អបំផុត ដែលអ្នកអាចរីករាយក្នុងការហាត់ប្រាណ ឬដំណើរនៅតាមដងផ្លូវ ដោយពុំចាំបាច់បារម្ភពីការស្ទះចរាចរណ៍កកកុញគួរឲ្យធុញ៕
ចុចអានបន្ត៖ ម៉ាក់ៗគួរដឹង! ៣ ទីតាំងមានសុវត្ថិភាពបំផុតសម្រាប់កូនក្នុងផ្ទៃ