ក្លាយ​ជា​កូន​ប្រសា​ស្រី​ដ៏​អស្ចារ្យ ហើយ​ម្ដាយ​ក្មេក​ស្រលាញ់​ស្ទើរលេបតាម​ ៨ វិធីនេះ

  • 2019-09-26 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ កញ្ញា នឹង​បង្ហើប​ប្រាប់​​ពី​គន្លឹះ​ខ្លះ​ៗ ដើម្បី​ឲ្យ​អ្នក​មាន​​ទំនាក់​ទំនង​ល្អ​ជាមួយ​ម្ដាយ​ក្មេក ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​ចម្បង​សម្រាប់​ស្រី​ដែល​រៀប​ការ​រួច។ ស្ត្រី​​​​រៀបការ​ហើយ រមែង​ទទួល​ភាព​តាន​តឹង​ពី​ម្ដាយ​ក្មេក ពេល​ខ្លះ​វា​អាច​​បង្ក​ទៅ​ជា​ជម្លោះ​ដោយ​​សារ​តែ​អ្នក​គិត​ថា​គាត់​ចូល​ចិត្ត​​មក​ជ្រៀត​ជ្រែក​រឿង​របស់​អ្នក និង​ស្វាមី​ច្រើន​ពេក។ យ៉ាង​​ណា​ក្ដី កាល​ដែល​ក្លាយ​ជា​កូន​​​ប្រសា​ស្រី​​ជ្រក​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទៅ​ហើយ អ្នក​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានការណ៍ និង​អនុវត្ត​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖

១.គិត​អ្វី​ដែល​វិជ្ជមាន

ក្លាយ​ខ្លួន​ទៅ​ជា​កូន​ប្រសា​​ស្រី​មួយ​រូប ប្រហែល​ជា​រឿង​ថ្មី​ស្រឡាង​​​សម្រាប់​អ្នក ហើយ​វា​ក៏​​អាច​ជា​រឿង​ដែល​ថ្មី​សម្រាប់​​ម្ដាយ​ក្មេក​របស់​អ្នក​ដូច​គ្នា។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​គិត​អ្វី​ដែល​វិជ្ជមាន​ជាមួយ​គាត់ មិន​ត្រូវ​ប្រកាន់​យក​រឿង​បន្តិច​បន្តួច​មក​ដាក់​ក្នុង​ចិត្ត​ឲ្យ​ក្លាយ​ជា​រឿង​ធំ​នោះ​ទេ។

២.ចាត់​ទុក​ដូច​ជា​ម្ដាយ​បង្កើត

រឿង​នេះ​អាច​នឹង​ពិបាក​ធ្វើ​បន្តិច​ព្រោះ​មនោសញ្ចេតនា​រវាង​ម្ដាយ​ក្មេក និង​ម្ដាយ​បង្កើត គឺ​មាន​ភាព​ខុស​គ្នា ប៉ុន្តែ​អ្នក​ត្រូវ​តែ​ព្យាយាម​​​​ស្រលាញ់​ចាត់​ទុក​ម្ដាយ​ក្មេក​​ឲ្យ​ដូច​ជា​ម្ដាយ​បង្កើត​អ្នក​ដែរ។

រូបតំណាង

**៣.កុំ​ព្យាយាម​ប្រកួត​ប្រជែង​ជា​មួយ​គាត់**

ជា​ការ​ពិត​ណាស់ គាត់​បាន​បង្កើត​ចិញ្ចឹម​បី​បាច់​ស្វាមី​​អ្នក​តាំង​ពី​តូច​ក្រូចឆ្មារ រហូត​ដល់​​បាន​រៀប​ការ ស្វាមី​អ្នក​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​គាត់ ម្ល៉ោះ​ហើយ​គាត់​អាច​នឹង​​មាន​អារម្មណ៍​ថា​អ្នក​បាន​​​ដណ្ដើម​ក្ដី​ស្រលាញ់​​ដែល​ស្វាមី​អ្នក​​ធ្លាប់​មាន​ចំពោះ​គាត់។ ករណី​នេះ​​ដែរ​ តែង​កើត​មាន​ឡើង​ចំពោះ​គ្រួសារ​ដែល​មាន​កូន​ទោល។ ឧទាហរណ៍​ថា កូន​ប្រុស​គាត់​​​ចូល​ចិត្ត​ញ៉ាំ​ម្ហូប​គាត់​ធ្លាប់​​ធ្វើ​ឲ្យ​ពី​មុន​មក ប៉ុន្តែ​ឥឡូវ​បែរ​ទៅ​ជា​ចូល​ចិត្ត​​ម្ហូប​ដែល​អ្នក​ធ្វើ​ទៅ​វិញ នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​​លួច​មាន​ចិត្ត​ច្រណែន​មក​លើ​រូប​អ្នក ដូច្នេះ​​ចូរ​កុំ​ព្យាយាម​ប្រកួត​​ប្រជែង​​ជាមួយ​គាត់​អី។

៤. គោរព

ត្រូវ​ចេះ​គោរព​​ស្រលាញ់ ព្រោះ​គាត់​ជា​ចាស់​ទុំ​មួយ​រូប​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ក្នុង​ជីវិត។ ចឹង​អ្នក​គូរ​តែ​ចេះ​សួរ​នាំ​គាត់​ជីវិត​កាល​ពី​កុមារភាព​រហូតដល់​គាត់​​ធំ​ដឹង​ក្ដី​ ការ​ចិញ្ចឹម​បីបាច់​ទុក​ដាក់​កូន​ចៅ និង​បទ​ពិសោធន៍​​​ផ្សេងៗ​ក្នុង​ជីវិត។ ទាំង​នេះ​អាច​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ចូល​ចិត្ត និង​មាន​ភាព​ស្និទ្ធ​ស្នាល​ទៀត​ផង។

៥.កុំ​រំពឹង​​ខ្ពស់​ពេក

ដើម្បី​ឲ្យ​ស្គាល់​​ពី​គ្រួសារ​ខាង​ស្វាមី​ឲ្យ​បាន​ច្បាស់​អ្នក​​ត្រូវ​ប្រើ​ពេល​វេលា​យូរ​បន្តិច។ គ្រួសារ​ខ្លះ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពេល​ដែល​ចូល​ទៅ ប៉ុន្តែ​កុំ​ទាន់​អាល​ខូច​ចិត្ត​អី បើ​អ្នក​​ជួប​រឿង​​​មិន​ដូច​នូវ​ការ​រំពឹង​ទុក ត្រូវ​ចេះ​មាន​ការ​អំណត់​អត់​ធ្មត់ នៅ​តែ​ធ្វើ​ទង្វើ​ល្អ ទុក​ពេល​ឲ្យ​គាត់​ស្គាល់​អ្នក​ឲ្យ​បាន​ច្រើន​ជាង​មុន។

៦.ចេះ​យក​ចិត្ត

បើ​អ្នក​​​​មាន​ពេល​នៅ​ផ្ទះ ត្រូវ​ចេះ​ទៅ​អង្គុយ​និយាយ​លេង​ជាមួយ​គាត់ ធ្វើ​ម្ហូប ឬ​មួយ​ក៏​ចេញ​ទៅ​ដើរ​លេង​ខាង​ក្រៅ​ជាមួយ​គាត់​ខ្លះ​ទៅ នោះ​អ្នក​នឹង​ម្ដាយ​ក្មេក​អ្នក​ប្រាកដ​ជា​មាន​ទំនាក់​ទំនង​ល្អ​ជាង​មុន។

៧.រ៉ាយរ៉ាប់​ប្រាប់

​​មិនមែន​ត្រូវ​ប្រាប់​គាត់​គ្រប់​រឿង​នោះ​ទេ ប៉ុន្តែ​ដូច​ជា​ពេល​ដែល​​​អ្នក​មាន​កូន​ជា​​​ដើម​ត្រូវ​ចេះ​ផ្ញើ​រូប​កូន​អ្នក​​ឲ្យ​គាត់​មើល និង​រៀបរាប់​ក្នុង​ការ​មើល​កូន​បែបនេះ ឬ​បែបនោះ ពេល​ដែល​​បាន​ឮ បានឃើញ​ចៅ​ហើយ​គាត់​ច្បាស់​ជា​ស្រលាញ់​មិន​ខាន​ទេ។

៨.ប្រឹក្សា​យោបល់

ម្ដាយ​ក្មេក​​ជា​ចាស់​ទុំ​មួយ​រូប​​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង បើ​អ្នក​មាន​បញ្ហា​អី​មួយ​​កុំ​ភ្លេច​ទៅ​សុំ​យោបល់​ពី​គាត់ ទោះ​បី​ជា​អ្នក​មិន​ចង់​ធ្វើ​តាម​ក៏​ដោយ​ចុះ ត្រូវ​ចេះ​បើក​ចិត្ត​​ស្ដាប់​នូវ​គំនិត​​ដែល​គាត់​បាន​ផ្ដល់​ឲ្យ ទើប​បង្ហាញ​ថា​អ្នក​បាន​គោរព​គាត់៕

រូបតំណាង

ចុចអាន៖ឃើញ​ប្រពន្ធ​​​​​ចាស់​​ខ្លាំង​ពេក​ក៏​សុំ​លែង តែ​មិន​ដល់​មួយ​ថ្ងៃ​ផង​ត្រូវ​ទឹក​ភ្នែក​រហាម ព្រោះ​...

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម