បុរសជោគជ័យ ច្រើនតែគេចមិនផុតពីធ្លាក់អន្លង់ស្នេហ៍នារី ដោយសារ៦ចំណុចនេះ

  • 2019-10-01 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​វី​ ភ្នែក​ធំ Cute ​ដូច​តុក្កតា ​មិន​មែន​ជា​នារី​ដែល​បុរស​ជោគ​ជ័យ​ចង់​ប្រាថ្នា​ជា​គូ​អនាគត​ឡើយ។ ​សំខាន់​គឺ​មិន​មែន​រូប​រាង​ខាង​ក្រៅ​មួយ​មុខ​ទើប​អាច​ចង​ចិត្ត​បុរស​បាន​ឡើយ ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​។ ​អាវុធ​៦​យ៉ាង​នេះ អាច​សម្លាប់​ចិត្ត​ឲ្យ​មនុស្ស​ប្រុស​ចង់​បាន​នារី​ម្នាក់​នោះ​ជា​ភរិយា​​លុះ​ក្ស័យ​បាន។

១. មាន​ភាព​ស្រស់​ស្អាត​ពី​ខាង​ក្នុង​

ភាព​ស្រស់​ស្អាត​ពី​ខាង​ក្នុង​របស់​នារី ​គឺ​ចេញ​ពី​បទ​ពិសោធន៍ ​ចំណេះដឹង ទំនុក​ចិត្ត ​ឥរិយាបថ សុភាព​រាប​សារ និង​ពាក្យ​សម្ដី។ ​ការ​មាន​ទំនុក​ចិត្ត​និង​ភាព​អង់​អាច ​​គឺ​ល្មម​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​បេះ​ដូង​មនុស្ស​ប្រុស​ទន់​ខ្សោយ។ សូម្បី​តែ​អ្នក​វិទ្យាសាស្ត្រ​ក៏​យល់​ថា ​សម្រស់​ខាង​ក្រៅ​របស់​មនុស្ស​ស្រី​ពិត​ជា​អាវុធ​មិន​អាច​ប្រកែក​បាន​ដែល​អាច​ទាក់​ទាញ​កែវ​ភ្នែក​បុរស។ ​ប៉ុន្តែ​សម្រស់​ខាង​ក្នុង​ទៅ​វិញ​ទេ ​ទើប​អាច​រក្សា​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ប្រុស​បាន ​ហើយ​នេះ​ទើប​ជា​រឿង​សំខាន់​ដែល​សូម្បី​កូន​ប្រុស​អ្នក​មាន​ក៏​មិន​អាច​គេច​ផុត​ដែរ។

​​២. មិន​ឲ្យ​ដៃ ​ចាប់​ប្រុស

មនុស្ស​ជា​​ច្រើន​យល់​ថា ​នារី​នឹង​មើល​ទៅ​ស្អាត​អស្ចារ្យ​ក្នុង​កែវ​ភ្នែក​បុរស ​នៅ​ពេល​គេ​ស្លៀក​ខោ​អាវ​ថ្លៃ​ៗ​និង​សិច​ស៊ី។ ​ប៉ុន្តែ​ផ្នត់​គំនិត​ពិត​របស់​សុភាព​បុរស​មិន​មែន​ត្រូវ​ការ​រស​និយម​បែប​នេះ​ទេ។ នារី​ស្អាត​អស្ចារ្យ ​គឺ​ដឹង​ពី​របៀប​ស្លៀក​ពាក់​ខោ​អាវ​យ៉ាង​ណា​សម​កាលៈ​ទេសៈ ​មិន​មែន​សំពត់​ហួស​សម័យ​ពេក ​បញ្ចេញ​សាច់​ពេក ឬ​ស្ដើង​ពេក​នោះ​ឡើយ។ មន្ត​ស្នេហ៍​របស់​នារី​​ម្នាក់​ធ្វើ​ឲ្យ​បុរស​លង់​ ​គឺ​កែវ​ភ្នែក​គួរ​ឲ្យ​ស្រលាញ់ បូក​រួម​នឹង​កាយ​វិការ ដែល​មិន​មែន​ចេញ​មក​ឲ្យ​ដៃ​គេ​នោះ​ទេ។

៣. ទំនុក​ចិត្ត​និង​ភាព​ឯក​រាជ្យ

បុរស​ជោគ​ជ័យ​តែង​ស្វែង​រក​នារី​ដែល​មាន​បុគ្គលិក​លក្ខណៈ​​នឹង​​ធឹង ទស្សនៈ​វិស័យ​រឹង​មាំ​ក្នុង​ជីវិត ​ព្រម​ទាំង​ចេះ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដទៃ​។ ​ក្នុង​សតវត្ស​ទី​២១​នេះ និយម​ន័យ​របស់​នារី​ឥត​ខ្ចោះ ​គឺ​សំ​ដៅ​លើ​ភាព​ឯក​រាជ្យ ​ទំ​នុក​ចិត្ត ​​ចេះ​គ្រប់​គ្រង​អារម្មណ៍ និង​រឹង​មាំ​លើ​ហិរញ្ញវត្ថុ ។ ​ម្យ៉ាង​ទៀត ​នាង​ត្រូវ​តែ​​ចេះ​ថែ​ទាំ​ខ្លួន​ឯង ទោះ​ស្ថិត​ក្នុង​ស្ថាន​ការណ៍​លំបាក​យ៉ាង​ណា​ក៏​ដោយ។

៤. សម្ដី​​សំ​ដៅ​មាន​ន័យ

សម្រាប់​មនុស្ស​ប្រុស​ជោគ​ជ័យ​ជា​ច្រើន ​បើ​មនុស្ស​ស្រី​​ចង់​យក​ឈ្នះ​​ចិត្ត​របស់​គាត់ ​នោះ​គឺ​សំដី​នេះ​ហើយ។ ​ក្នុង​ប្រធាន​បទ​មួយ​ ត្រូវ​និយាយ​ឲ្យ​ចូល​​គ្នា ​មិន​មែន​គាត់​និយាយ​ពី​មាន់ ​អ្នក​ជជែក​ពី​ទា​​នោះ​ទេ។ ​ ដូច្នេះ ​ការ​ពិភាក្សា​បែប​នេះ​នឹង​គ្មាន​ថ្ងៃ​បញ្ចប់។ ​ម្ល៉ោះ​ហើយ ​ទាម​ទារ​ភាព​ឆ្លាត​វៃ ​ចំណេះ​ដឹង ​និង​​​ការ​សន្ទនា​ដោយ​សប្បាយ​រីក​រាយ ​ដែល​នារី​គួរ​តែ​​ចេះ​បង្កើត។

៥. ​មាន​ក្ដី​សុបិន ​និង​ការងារ

យោង​តាម​ការ​ស្ទង់​មតិ​នៅ​ពេល​សួរ​​បុរស​ថា ​តើ​ចំណុច​ទាក់​ទាញ​អ្វី​របស់​នារី​ដែល​អ្នក​ទាក់​ចិត្ត​ខ្លាំង​​ជាង​គេ? ​ពួក​​គេ​ឆ្លើយ​ថា គឺ​នារី​មាន​ការងារ​ច្បាស់​លាស់ ​និង​ដឹង​ពី​របៀប​រក​ប្រាក់។ ​​​​ក្រៅ​ពី​នេះ ​នាង​ចេះ​​មើល​ថែ​ខ្លួន​ឯង ​មាន​ស្ទីល​ប្រចាំ​ខ្លួន ចេះ​ចំណាយ​ពេល​ជាមួយ​គ្រួសារ និង​មិត្ត​ភក្កិ។ ​នាង​អាច​រក​វិធី​ដើរ​កម្សាន្ត​ដោយ​ប្រាក់​ខ្លួន​ឯង ដើម្បី​កាត់​បន្ថយ​ស្រ្តេស។ ​លើស​ពី​នេះ ​នារី​ដែល​ចេះ​បង្កើត​ភាព​រីក​រាយ​ក្នុង​ជីវិត មិន​មែន​ជា​នារី​ដែល​ចាំ​តែ​បុរស​ការពារ​គ្រប់​ពេល។

៦. មិន​ក្រអឺត​​ក្រទម

​ជា​នារី​ឆ្លាត​​មិន​ទាន់​គ្រប់​គ្រាន់​ទេ ​តែ​ក៏​​កួរ​ចេះ​ដាក់​ខ្លួន​ខ្លះ​ទើប​ជា​ប្រភេទ​នារី​ដែល​បុរស​ជោគ​ជ័យ​​ជា​ច្រើន​ប្រាថ្នា។ ​ភាព​ក្រអឺត​ក្រទម ​​អំនួត​មិន​ស្គាល់​ខ្ពស់​ទាប ​ទោះ​មនុស្ស​ស្រី​នោះ​រៀន​ដល់​អស់​ថ្នាក់​ទៀត ក៏​មិន​​សម​ជា​ប្រពន្ធ​ល្អ​​​នោះ​ដែរ៕ ​

​ចុចអាន៖ ​ ចំណុចសំខាន់គួរដឹង ពេលCrush លើនរណាម្នាក់ កុំឲ្យគេចោទថាព្រាននារី

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម