សូម​ឈប់​ជូនពរ​ស្រលាញ់​គ្នា​១០០​ឆ្នាំ ឆ្លង​ឲ្យ​តែ​ផុត​២​ឆ្នាំ​សិន​ទៅ ចាំ​និយាយ​ទៀត

  • 2019-09-26 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រៀង​រាល់​ពេល​ដែល​មនុស្ស​យើង​ស្គាល់ ចាប់​ផ្ដើម​មាន​ចំណង​មនោសញ្ចេតនា​ជាមួយ​មនុស្ស​ណា​ម្នាក់ ពួក​យើង​តែង​តែ​រអិល​មាត់​ជូន​ពរ​ពួក​គេ​ស្រលាញ់​គ្នា​១០០​ឆ្នាំ ឬ​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង តែ​មាន​អារម្មណ៍​ថា​ពាក្យ​ជូន​ពរ​លែង​ស័ក្ដិសម​ជាមួយ​បច្ចុប្បន្ន​ ​ដ្បិត​មនោសញ្ចេតនា​មួយ​ចំនួន​ឆ្លង​មិន​ផុត​គំនូស​២​ឆ្នាំ​ផង។

ខ្ញុំ​នៅ​ចាំ​យ៉ាង​ច្បាស់​ថា ចំពោះ​តាយាយ​ខ្ញុំ នៅ​ពេល​ទូរទស្សន៍​ចាស់​ខូច ក៏​ពួក​គាត់​នៅ​តែ​ព្យាយាម​ជួសជុល​វា ហើយ​បន្ត​ប្រើ​ទៀត។ មនោសញ្ចេតនា​របស់​ពួក​គាត់​ក៏​ដូច​គ្នា ទោះ​រកាំរកូស​ក៏​នៅ​មាន​គ្នា​ទៅវិញ​ទៅ​មក ទោះ​មាន​ការ​ឈ្លោះ​ប្រកែក​ក៏​ដោយ។

ក៏​ប៉ុន្តែ​ ពួក​យើង​គឺ​ខុស​ពី​នោះ។ សម័យ​ពួក​យើង គឺ​ទម្លាប់​នឹង​ការ​រស់​នៅ​បែប​ប្រញាប់ និង​មាន​ទុក្ខព្រួយ​ក៏​ដូច​ជា​ជម្រើស​ច្រើន​ជាង​មុន ហើយ​វា​មិន​អនុញ្ញាត​ឲ្យ​យើង នៅ​ជួស​ជុលរបស់​ដែល​ចាស់​បែប​នេះ​រហូត​ឡើយ។

នៅ​ពេល​ជួប​ឧបសគ្គ​ក្នុង​រឿង​ស្នេហា ពួក​យើង​ងាយ​ស្រួល​ដោះដៃ ហើយ​បំភ្លេច​រាល់​មនោសញ្ចេតនា​ដែល​ធ្លាប់​​មាន​ពី​មុន​មក។ រាល់​ពេល​មាន​បញ្ហា​ម្ដង​ៗ ជំនួស​​ឲ្យ​ការ​រក​ដំណោះ​ស្រាយ​រួម​គ្នា ដើម្បី​ពន្យល់​ឲ្យ​យល់​នោះ ពួក​យើង​បែរ​ជា​ទៅ​រក​អ្នក​ទី​៣ ឬ​យក​រឿង​នេះ​ទៅ​បក​អាក្រាត​លើ​បណ្ដាញស​ង្គម ធ្វើ​ឲ្យ​ចំណង​នេះ​រឹត​តែ​ស្មុគស្មាញ​ជាង​មុន ហៅ​គ្នា​លែង​ឮ។

និយាយ​សរុប​មក គឺ​យើង​ធ្វើ​គ្រប់​វិធី​ទាំង​អស់​ដើម្បី​ឈ្នះ តែ​ឈ្នះ​សម្រាប់​ខ្លួន​ឯង មិន​មែន​ឈ្នះ​ដើម្បី​ចំណង​មនោសញ្ចេតនា​របស់​ខ្លួន​ឡើយ។ នៅ​ចុង​បញ្ចប់ ភាព​អំនួត​របស់​យើង​នៅតែ​យក​ឈ្នះ​ក្ដី​ស្រលាញ់​ទាល់​តែ​បាន។

ដូច​នេះហើយ ជំនួស​ឲ្យ​ការ​ជូន​ពរ​ឲ្យ​ស្រលាញ់​គ្នា​១០០​ឆ្នាំ ឬ​ដល់​ចាស់​សក់​ស្កូវ​នោះ យើង​គួរ​តែ​ជូន​ពរ​ឲ្យ​គូ​ស្នេហ៍​ទាំង​ឡាយ​ទម្លាក់​ចិត្ត​អំនួត​បន្តិច​ ហើយ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​រាល់​ពេល​​មាន​បញ្ហា។ កុំ​ឲ្យ​មាន​អ្វី ក៏​បង្ហោះ​ខ្ទេចខ្ទី​លើ​បណ្ដាញ​សង្គម​អី ព្រោះ​វា​មិន​បាន​ជួយ​អ្វី​ទាំង​អស់ មាន​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​ឃ្លាត​ឆ្ងាយ​ពី​គ្នា៕

ចុចអាន៖ ​​ មេរៀនមានតម្លៃ ៥ ដែលអ្នកអាចរៀនសូត្រពីស្នេហាបរាជ័យ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម