មេរៀនមានតម្លៃ ៥ ដែលអ្នកអាចរៀនសូត្រពីស្នេហាបរាជ័យ
- 2019-09-25 10:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនមានតម្លៃ ៥ ដែលអ្នកអាចរៀនសូត្រពីស្នេហាបរាជ័យ
មនុស្សដែលធ្លាប់ឆ្លងកាត់ស្នេហាបរាជ័យកាលពីអតីតកាល អាចបន្សល់ទុក្ខនូវរសជាតិល្វីងជូរចត់ជាប់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន។ អ្នកខ្លះយួរភាពឈឺចាប់ជាប់ខ្លួនមិនព្រមលែងទាល់តែសោះ។ បើអ្នកអាចផ្លាស់ប្តូរការគិតតែបន្តិច អ្នកនឹងបានមើលឃើញថា តាមការពិតនៅពីក្រោយទុក្ខសោកទាំងនោះ សុទ្ធតែជាបទពិសោធន៍មានតម្លៃល្អៗ ដែលអ្នកអាចចាត់ទុកជាមេរៀនសម្រាប់ត្រាយផ្លូវឲ្យទៅជួបមនុស្សល្អជាងនេះនាពេលអនាគត។
**១. ដឹងពីសញ្ញាគ្រោះថ្នាក់ អាចបញ្ឈប់ទាន់ពេលវេលា**
វាប្រៀបបានដូចជាការចូលរៀននៅសាលាបើកបរដូច្នោះដែរ។ ពេលដែលអ្នកបានដឹងពីសញ្ញាគ្រោះថ្នាក់នៅខាងមុខ នោះអ្នកនឹងបង្កើនការប្រុងប្រយ័ត្ន ឬអាចបញ្ឈប់ទាន់ពេលវេលា ដោយមិនរងហានិភ័យអាក្រក់ចំពោះខ្លួនឯង។ អារម្មណ៍ត្រេកត្រអាលខ្លាំងក៏លែងសូវមានដូចមុន ព្រោះអ្នកបានប្រើពេលវេលាដើម្បីសង្កេតមើលដៃគូ មុននឹងលង់ស្រលាញ់ជ្រាលជ្រៅ។
២. ដឹងពីអ្វីដែលមិនគួរធ្វើ
ក្រោយបានដឹងពីកំហុសរួចមក អ្នកប្រាកដជាព្យាយាមការពារមិនឲ្យវាកើតឡើងម្តងទៀត។ អ្នកមិនបង្ខំទាមទារក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ពីមនុស្សដែលមិនខ្វាយខ្វល់ពីអ្នកសូម្បីតែបន្តិច។ មនុស្សប្រភេទនេះ មិនស័ក្តិសមជាមួយនឹងតម្លៃ និងការលះបង់ដែលមានចំពោះគេឡើយ។
៣. មិនស្របតាមតែគំនិតគេ ដោយគ្មានជំហរផ្ទាល់ខ្លួន
មនុស្សស្រីភាគច្រើនគិតថា នៅពេលដែលនាងយល់ស្របគាំទ្រដៃគូគ្រប់ពេលវេលា នោះស្នេហានឹងដើររលូនទៅមុខដោយគ្មានបញ្ហា។ ផ្ទុយទៅវិញ បើអ្នកខ្វះភាពក្លាហានក្នុងការបញ្ចេញគំនិតផ្ទាល់ខ្លួន ព្រោះបារម្ភខ្លាចការបែកបាក់គ្នា សូម្បីតែពេលដៃគូធ្វើខុស វាមិនមែនជាជម្រើសដ៏ល្អទេ។ យូរឬឆាប់អ្នកនឹងក្លាយទៅជាជនរងគ្រោះ ដែលបើកឱកាសឲ្យគេច្រើនជាងខ្លួនឯង។
៤. ដឹងច្បាស់ពីអ្វីដែលអ្នកត្រូវការពីដៃគូ
នេះជាមេរៀនសំខាន់មួយទៀត ដែលអ្នកជួបស្នេហាបរាជ័យអាចទទួលបាន។ កាលពីមុនអ្នកសុខចិត្តជ្រើសរើសមនុស្សដែលខ្លួនឯងស្រលាញ់ខ្លាំង ទោះបីជាគាត់ឆេវឆាវ ធ្វើឲ្យអ្នករស់នៅជាមួយភាពភ័យខ្លាច គ្មានអារម្មណ៍ថាសុវត្ថិភាព ក៏អ្នកព្រមសម្របខ្លួន។ ដល់ពេលជួបភាពឈឺចាប់គាំទ្រូង ទើបដឹងថា បុរសម្នាក់ដែលមានភាពអត់ធ្មត់ មានទឹកចិត្តល្អស្មោះត្រង់ មានក្តីស្រលាញ់ពេញលេញសម្រាប់អ្នក ទើបជាអ្វីដែលអ្នកគួរទទួលបាន។
៥. ដឹងពីភាពរឹងមាំរបស់ខ្លួនឯង
បន្ទាប់បានឆ្លងផុតពីទុក្ខសោករួចមក អ្នកនឹងដឹងថាខ្លួនឯងរឹងមាំកម្រិតណា។ នៅពេលបែកបាក់ស្នេហាភ្លាមៗ គ្មាននរណាអាចជៀសផុតពីការខូចចិត្តស្រក់ទឹកភ្នែកបានទេ សំខាន់អ្នកអាចបំភ្លេចវាចោលនៅពេលដែលយំអស់ចិត្តហើយ។ នៅទីបំផុត ពេលអ្នកអាចធ្វើបាន អ្នកនឹងដឹងថា ខ្លួនឯងពិតជារឹងមាំ មិនមែនទន់ខ្សោយ រស់នៅខ្វះគេមិនបាននោះទេ៕
ចុចអានបន្ត៖ មិនចង់ឲ្យគេមើលងាយ សូមរស់នៅដោយកុំអាស្រ័យលើអ្នកណាទាំងអស់