មិនចង់ឲ្យគេមើលងាយ សូមរស់នៅដោយកុំអាស្រ័យលើអ្នកណាទាំងអស់
- 2019-09-23 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឲ្យគេមើលងាយ សូមរស់នៅដោយកុំអាស្រ័យលើអ្នកណាទាំងអស់
កើតមកជាមនុស្សស្រី រស់នៅដោយឯករាជ្យ រកលុយខ្លួនឯងដើម្បីទិញអ្វីដែលខ្លួនស្រលាញ់ រស់ជីវិតមួយដែលខ្លួនប្រាថ្នា។ ដល់ពេលលំបាកក៏មិនត្រូវឱនក្បាល ក្រាបសំពះលាដៃសុំជំនួយពីអ្នកដទៃ។
ប្រសិនជាកើតមកជាមនុស្សប្រុសគឺប្រឹង១ មនុស្សស្រីយើងត្រូវប្រឹងឲ្យលើសគេ ២ ទៅ៣ដង ហើយមិនឈប់ឈរ ព្រោះសង្គមមួយនេះនៅមានសម្ពាធលើមនុស្សស្រីច្រើននៅឡើយ។ មិនមែនតែដើម្បីចង់បានជីវិតរស់នៅសុខស្រួលដូចជំទាវនោះឡើយ គ្រាន់តែចង់បានកន្លែងបង្អែករបស់ខ្លួនឯងប៉ុណ្ណោះ។ ព្រោះជីវិតពណ៌ផ្កាឈូកជានិរន្តនោះមិនមែនកើតឡើងចំពោះនារីគ្រប់រូបនោះឡើយ។ តថភាពជាក់ស្ដែង គឺព្រៃផ្សៃជាងក្នុងរឿងភាគកូរ៉េឆ្ងាយណាស់។ ក្រៅពីឪពុកម្ដាយ កម្រមានអ្នកណាស្រលាញ់អ្នកដោយឥតលក្ខខណ្ឌណាស់។
មនុស្សស្រី អាចរកបានប្រាក់ចំណូលខ្លួនឯង នឹងទទួលបានការគោរពពីមនុស្សគ្រប់គ្នា។ ទោះបីជាថ្ងៃក្រោយមានសំណាងបានប្ដីជាអ្នកមានមែនពិត ក៏មិនខ្លាចសំដីអ្នកផងនិយាយថា យកគេដោយសម្លឹងឃើញតែលុយ។ បើជាអកុសលត្រូវបែកគ្នា ក៏មិនខ្លាចអត់អង្ករច្រកឆ្នាំង ព្រោះដៃយើងរកបានលុយ។ រាល់ថ្ងៃរស់នៅដោយគ្មានភាពភ័យខ្លាច ពេលគេដោះដៃ អត់មានអ្វីសោះនៅក្នុងខ្លួន។
ការពិតទៅ សម័យនេះមនុស្សប្រុសមានទ្រព្យសម្បត្តិច្រើនគឺមិនតិចឡើយ តែអ្នកដែលអាចស្រលាញ់អ្នកយូរ កាន់ដៃអ្នកដើរដល់ចាស់ គឺកម្រណាស់។ ស្មានអ្វីត្រូវ ស្មានចិត្តមនុស្សមិនត្រូវ។ មានតែអ្វីនៅក្នុងដៃយើងប៉ុណ្ណោះ ទើបសុវត្ថិភាព។
មនុស្សប្រុសសម្បូរលុយ រឹតតែជាមិនមែនមនុស្សឆោតឲ្យគេបោក បើគេឃើញថាមនុស្សស្រីមករកគេ ដើម្បីតែលុយ អស់សប្បាយហើយ គេនឹងដើរចេញហើយ។ មិនស្រួលពេលដើរចេញនោះ ដៀលយើងមួយម៉ាត់ទៀតថា គ្មានសមត្ថភាព។
ដូចនេះ បើចង់រស់នៅដោយងើយក្បាលបានខ្ពង់ខ្ពស់នឹងគេនឹងឯង ក្រៅពីមានភ្នែកសម្លឹងមនុស្សឲ្យត្រូវមុនពេលសម្រេចចិត្តដើរជាមួយគ្នា សូមឲ្យមានអាជីពនៅក្នុងដៃ ទោះតូច ឬធំក្ដី ទើបគ្មានអ្នកណាមើលងាយយើងបាន៕
ចុចអាន៖ របៀបបែកគ្នាទាំង៥ដែលឈឺចាប់បំផុត ធ្វើឲ្យមនុស្សស្រីខ្លាចជាងគេ