ប្រយ័ត្នជ្រួញខ្លាំងកែលែងឡើង! គួរដឹងគន្លឹះសំខាន់ ៤ ដើម្បីការពារស្បែកមិនឲ្យឆាប់ចាស់

  • 2019-09-20 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​វិវត្ត​នៃ​អាយុ​កាល​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស។ វ័យ​កាន់​តែ​ច្រើន ស្បែក​​ក៏​កាន់​តែ​លេច​ចេញ​ស្នាម​ជ្រួញ មិន​អាច​ប្រកែក​បាន។ ក្នុង​​អំឡុង​ពេល​នេះ ជា​ពេល​ដែល​អ្នក​ត្រូវ​ទទួល​យក​ការ​ពិត ​​មិន​មែន​ខំ​ប្រឹង​លះបង់​កែកុន​ដើម្បី​ចង់​ឲ្យ​ក្មេង​នោះ​ទេ។ វិធី​ដ៏​ល្អ​មាន​តែ​ ការ​ការពារ​ឲ្យ​បាន​ទាន់​ពេល​វេលា មុន​ពេល​ស្នាម​ជ្រួញ​ចូល​មក​ដល់។

១. ផ្តល់​សំណើម​ដល់​ស្បែក​ឲ្យ​បាន​គ្រប់គ្រាន់

មិន​ថា​អាកាសធាតុ​ក្តៅ​ឬ​ត្រជាក់ ត្រូវ​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក​រាល់​ថ្ងៃ​បន្ទាប់​ពី​ងូត​ទឹក​រួច។ គួរ​សាប៊ូ​ដុស​ខ្លួន​ប្រភេទ​ជែល ផ្សំ​ចេញ​​ពី​ធម្មជាតិ​ ប្រសើរ​ជាង​សាប៊ូ​ដុំ ដែល​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត​ប្រេះ​បែក​ស្រកា និង​ឆាប់​ចាស់​មុន​វ័យ​។

២​. ញ៉ាំ​អាហារ​ជំនួយ​ដល់​សុខភាព​ស្បែក

ចង់​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​បាន​យូរ​ ត្រូវ​តែ​គិត​គូរ​បំប៉ន​ពី​ខាង​ក្នុង។ អាហារ​មួយ​ចំនួន​ ដែល​មាន​បន្ថែម​ពណ៌ ​រសជាតិ​ ឬ​ក្លិន​សិប្បនិម្មិត​ពិត​ជា​ប៉ះពាល់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ស្បែក។ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​មុន ស្បែក​ឆាប់​ប្រតិកម្ម​ រួម​ទាំង​បញ្ហា​នានា ត្រូវ​​តែ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ជ្រើសរើស​របប​អាហារ។

អាហារ​ដែល​អាច​ជំនួយ​ដល់​ស្បែក​រួម​មាន៖

  • អាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៖ ត្រី​សាល់ម៉ុន ត្រីសាឌីន សាច់​ត្រី walnuts ប្រេងអូលីវ...។

  • ​អាហារ​សម្បូរ​សេលេនីញ៉ូម៖ ក្តាម អយស្ទ័រ សាច់គោ បង្គា សាច់ចៀម ផលិតផល​ធ្វើ​ពី​សណ្តែក​សៀង ស៊ុត...។

  • អាហារ​សម្បូរ​​វីតាមីន A៖ បណ្តុំ​បន្លែ​និង​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ស្រស់។ ក្នុង​នោះ​រួម​មាន ដំឡូងផ្អែម កូន​ស្ពៃ ប៉េងប៉ោះ គ្រាបសណ្តែក ម្រេច ផ្លែ​ប៊ឺរី...។

  • ​​អាហារ​សម្បូរ​​វីតាមីន C៖ ខាត់ណា ឃីវី ក្រូចឆ្មារ​ ផ្លែក្រូច ម្ទេសហាវៃ​ក្រហម បន្លែ​បៃតង ល្ហុង...។

៣. ហាត់​យូហ្គា​និង​ធ្វើ​សមាធិ

ការ​ហាត់​យូហ្គា​និង​ធ្វើ​សមាធិ ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​រាង​កាយ ថែម​ទាំង​អាច​ការ​ពារ​អ្នក​មិន​ឲ្យ​ឆាប់​ចាស់​ទៀត​ផង។ ការ​បត់​បែន​ពត់​ដង​ខ្លួន អាច​ជួយ​បន្ថយ​ភាព​តានតឹង ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្រាល នាំ​ឲ្យ​ស្បែក​ស្រស់​ថ្លា។ បើ​អ្នក​អាច​​ឆ្លៀត​ពេល​ហាត់​​ជា​ប្រចាំ​ នោះ​​សភាព​ស្បែក​នឹង​ភ្លឺ​ចេញ​ពី​ខាង​ក្នុង មើល​​ទៅ​មិន​ស្រអាប់​ និង​មាន​សុខភាព​ល្អ​។

៤. រក្សា​ជាតិ​ខូឡាជែន

អាយុ​កាន់​តែ​ច្រើន​រាង​កាយ​ផលិត​ជាតិ​ខូឡាជែន​កាន់​តែ​តិច ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ថែរក្សា​និង​រក​វិធី​បន្ថែម​ខូឡាជែន​ដល់​​ស្បែក​ឲ្យ​បាន​គ្រប់​គ្រាន់ មាន​ដូច​ជា​​ការ​ញ៉ាំ​វីតាមីន លាប​គ្រីម​ថែរក្សា​ស្បែក​ជា​ដើម​៕​

ចុចអានបន្ត៖ ក្បាច់ម៉ាស្សា ៤ ជួយបង្កើតខូឡាជែននិងធ្វើឱ្យស្បែកមុខតឹងណែនក្មេងស្អាត

ប្រភព៖ fustany ប្រែ​សម្រួល៖ ដេត ឈុនអ៉ី