ក្បាច់ម៉ាស្សា ៤ ជួយបង្កើតខូឡាជែននិងធ្វើឱ្យស្បែកមុខតឹងណែនក្មេងស្អាត
- 2019-09-03 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់ម៉ាស្សា ៤ ជួយបង្កើតខូឡាជែននិងធ្វើឱ្យស្បែកមុខតឹងណែនក្មេងស្អាត
វ័យកាន់តែកើនឡើង បញ្ហាស្បែកជ្រីវជ្រួញមិនស្រស់ថ្លា មានស្នាមខ្មៅឬដក់ក្រោមភ្នែក នឹងកើតមានចំពោះមនុស្សគ្រប់រូប។ នេះដោយសារតែ ស្បែកបានបាត់បង់ខូឡាជែនពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្តោយយូរទៀតមិនបានទេ គួររកវិធីការពារឲ្យហើយ ដោយគ្រាន់តែចេះ ក្បាច់ម៉ាស្សាងាយៗ នោះស្នាមជ្រួញនឹងមិនងាយលេចចេញមក។ ជាពិសេសវាអាចជួយធ្វើឱ្យស្បែកតឹងណែន និងអាចជួយជំរុញនៃការផលិតខូឡាជែនផងដែរ។
មុននឹងធ្វើការម៉ាស្សាអ្នកអាចប្រើប្រេងឬឡេលាបមុខ បន្ទាប់ពីលាងមុខស្អាតហើយ។
ក្បាច់ទី១៖ ម៉ាស្សាផ្នែករង្វង់ភ្នែក
យកម្រាមដៃចង្អុលទៅចុចត្រង់កៀនខ្ទង់ច្រមុះខាងលើទាំងសងខាង បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗ ដោយទាញចេញទៅខាងក្រៅជារង្វង់ៗ ដើម្បីជួយឲ្យភ្នែកមើលទៅស្រស់ថ្លា មិនហើម មិននឿយហត់ និងជួយសម្រួលដល់ចលនាភ្នែកទៀតផង ពិសេសសម្រាប់អ្នកដែលធ្វើការសម្លឹងមើលកុំព្យូទ័រយូរម៉ោង។
ក្បាច់ទី២៖ ម៉ាស្សាផ្នែកសៀតផ្កា
ត្រូវបិទភ្នែក ហើយប្រើម្រាមដៃដើម្បីញីម៉ាស្សាថ្នមៗ ត្រង់បរិវេណសៀតផ្កាទាំងសងខាង។ បន្ទាប់មក ប្រើម្រាមដៃចង្អុលដើម្បីចុចនិងអូសបង្ហូតចុះមកក្រោមរហូតដល់ចង្កា។
ក្បាច់ទី៣៖ ម៉ាស្សាផ្នែកក្រោមថ្ពាល់
ក្បាច់នេះអាចជួយទប់ស្កាត់មិនឲ្យស្បែកមុខយារធ្លាក់ និងតឹងណែនស្អាត។ ដំបូងគ្រាន់តែលាបឡេឬគ្រីមលើមុខ បន្ទាប់មកយកម្រាមដៃម៉ាស្សាថ្នមៗជារង្វង់ៗ នោះស្បែករបស់អ្នកនឹងអាចស្រូបយកសារធាតុល្អៗពីផលិតផលដែលបានប្រើប្រាស់ ជួយរំលាយខ្លាញ់ធាត់នៅលើមុខ មិនងាយចាស់។
ក្បាច់ទី៤៖ ម៉ាស្សាផ្នែកចង្កា
ក្បាច់នេះមាននាទី ជួយបន្តឹងចង្កាមិនឲ្យឆាប់ជ្រួញនិងយារធ្លាក់។ អ្នកត្រូវយកម្រាមដៃមេ ដាក់លើគ្នាហើយសង្កត់ចំកណ្តាលចង្កានិងធ្វើការម៉ាស្សាជារង្វង់ៗ ជាការស្រេច។
ដើម្បីទទួលបានប្រសិទ្ធភាព អ្នកអាចធ្វើ២-៣ដង ក្នុងមួយសប្តាហ៍ ឬបើបានធ្វើរាល់ថ្ងៃកាន់តែល្អ៕
ចុចអានបន្ត៖ ស្អាតប្លែកទាំងសក់វែងនិងខ្លី ជាមួយនឹងម៉ូដមូរចុងតិចៗ