ហេតុអ្វីពេលស្រលាញ់គ្នា មនុស្សចាំបាច់ត្រូវការភាពស្ងៀមស្ងាត់?

  • 2019-09-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កាល​ពី​មុន ​មាន​ក្មេង​ប្រុស​ចិត្ត​ល្អ​​ម្នាក់​​ឈ្មោះ ហុង ជា​មនុស្ស​គរ ​ចំណែក​ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់​​​ឈ្មោះ សូ​ភា រស់​ក្នុង​គ្រួសារ​អ្នក​មាន​ទ្រព្យ​​។ ​ពួក​គេ​ទាំង​ពីរ​រៀន​នៅ​សាលា​ជាមួយ​គ្នា លេង​ជាមួយ​គ្នា​ ​ហើយ​​​តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ​យ៉ាង​ស្និទ្ធ​ស្នាល​ជា​ទី​បំ​ផុត។ រវាង​​ពួក​គេ ​បាន​កសាង​អនុស្សាវរីយ៍​ជា​ច្រើន​រាប់​មិន​អស់ រហូត​មាន​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក។

ប៉ុន្តែ​​ហុង​​មិន​ហ៊ាន​សារភាព​ស្នេហ៍​​ទេ ព្រោះ​​ខ្លាច​​សូ​ភា​​មិន​យល់​ព្រម។ ​រហូត​ដល់​ថ្ងៃ​មួយ ​​សូ​ភា​មាន​​​អាការៈ​មិន​ស្រួល ក៏​ទៅ​មន្ទីរពេទ្យ​ទើប​ដឹង​ថា នាង​កើត​ជំ​ងឺ​មហារីក។ គ្រូ​ពេទ្យ​ប្រាប់​ថា ​ជំ​ងឺ​របស់​នាង​អាច​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ដល់​ជីវិត ​តែ​​បើ​ជា​ក៏​មិន​អាច​និយាយ​វិញ​បាន​ដែរ។ ​ថ្ងៃ​ដែល​សូភា​នៅ​ក្នុង​មន្ទីរពេទ្យ ហុង​តែង​តែ​ទៅ​មើល​ថែ​ទាំ​នាង​រាល់​ថ្ងៃ​។ ​នៅ​ពេល​នាង​ត្រូវ​ចូល​បន្ទប់​វះ​កាត់ ​សូភា​និយាយ​ខ្សាយៗ​​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា៖ ​" ​ខ្ញុំ​ចង់​រៀប​ការ​ជាមួយ​បង ​មិន​មែន​ដោយសារ​តែ​អាណិត​ទេ ​តែ​មក​ពី​អូន​ស្រលាញ់​បង​"។

ក្រោ​យ​ពី​ការ​វះ​កាត់ ​សូភា​បាន​រួច​ផុត​ពី​គ្រោះ​​ដល់​អាយុ​ជីវិត ​ប៉ុន្តែ​នាង​មិន​អាច​និយាយ​បាន​ត​ទៅ​ទៀត​ទេ។ ​ពួក​គេ​ទាំង​ពីរ​បាន​រៀប​ការ​ជាមួយ​គ្នា ​រស់​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​យ៉ា​ង​ស្ងៀម​ស្ងាត់ ពេញ​ដោយ​ក្តី​ស្រលាញ់។

​មិត្ត​ភក្កិ​ហុង​បាន​ទម្លាយ​រឿង​ពិត​របស់​ហុង គឺ​​ហុង​លែង​ជា​មនុស្ស​គ​រ យូរ​ណាស់​មក​ហើយ។ ​​មុន​​ពេល​សូភា​​​ឈឺ តាម​ពិត​ហុង​​ធ្លាប់​ព្យាបាល​រហូត​អាច​និយាយ​បាន​ធម្មតា។ ​ប៉ុន្តែ​ដោយសារ​ ហុង​ខ្លាច​ការ​បដិសេធ​ស្នេហ៍​របស់​សូភា ​ទើប​ហុង​បន្ត​ធ្វើ​ពុត​ជា​មនុស្ស​គរ ​រហូត​មក។

​​រឿង​រ៉ាវ​នេះ ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​និយាយ​ថា ​នៅ​ពេល​អ្នក​ខឹង​ សូម​កុំ​ស្ងៀម​ស្ងាត់ ​ត្រូវ​និយាយ​ចេញ​មក ។ ​កុំ​នៅ​ខាំ​មាត់​ស៊ូ​ទ្រាំ​ ព្រោះ​វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​លើស​មុន។ ​បើ​នៅ​និយាយ​រក​គ្នា​មាន​ន័យ​ថា ​នៅ​ស្រលាញ់ ​​បើ​នៅ​ស្តី​បន្ទោស​ឲ្យ​គ្នា ​មាន​ន័យ​ថា ​អ្នក​នៅ​ត្រូវ​ការ​ស្នេហា​នេះ​នៅ​ឡើយ។

​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​ដឹង​ទេ​ថា ​ការ​និយាយ​ចេញ​មក​ដោយ​មិន​បាន​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង ​គ្រាន់​តែ​ជា​ពាក្យ​ព្យា​បាទ ជាន់​ឈ្លី​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ដៃ​គូ​ប៉ុណ្ណោះ។ ​ការ​ស្ងប់​ស្ងាត់​​រក្សា​គម្លាត ប៉ុន្តែ​​ការ​និយាយ​​មិន​ត្រូវ​ពេល ​ក៏​ធ្វើ​ឲ្យ​ស្នេហា​ងាយ​ប្រេះ​ស្រ៊ាំ​ដែរ។

​​​​បើ​ឈ្លោះ​គ្នា​មិន​បាន​ផល​ទេ ​សុខ​ចិត្ត​ស្ងៀម​ស្ងាត់​វិញ​ល្អ​ជាង ​យ៉ាង​ហោច​ក៏​មាន​​ពេល​​អាច​រម្ងាប់​ចិត្ត​ឲ្យ​​ត្រជាក់​បាន​ដែរ។ នៅ​ពេល​អ្នក​យល់​និង​ចេះ​អត់​ធ្មត់​គ្រប់​គ្រាន់ ​​សឹម​និយាយ​ចេញ​មក។ ​​ក្តី​ស្រលាញ់​ត្រូវ​ការ​ពាក្យ​ផ្អែម​ល្ហែម ​​មិន​មែន​ពាក្យ​ស្តាប់​ហើយ​ឆ្អែត​បាយ​៣​ថ្ងៃ​ទេ។ ស្នេហា​​ត្រូវ​ការ​មនុស្ស​ពីរ​នាក់​ចេះ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​នោះ​គឺ​គ្រប់​គ្រាន់​ហើយ​៕​

​ចុចអាន៖ ​ ខ្ញុំរៀបការជាមួយបុរសដែលខ្ញុំស្រលាញ់ តែចុងក្រោយខ្ញុំត្រូវរស់នៅជាមួយប្រុសម្នាក់ផ្សេង

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម