ចំណុច​តូច​តាច​មួយ​ចំនួន​អ្នក​មិន​ចាប់​អារម្មណ៍ តែ​វា​ជា​ការ​បៀត​បៀ​ន​ផ្លូវ​ភេទ

  • 2019-09-13 08:30:00
  • ចំនួនមតិ 71 | ចំនួនចែករំលែក 180

សព្វថ្ងៃ បញ្ហា​ការ​បៀត​បៀន​ផ្លូវ​ភេទ​នៅ​តែ​ជា​កង្វល់​សម្រាប់​សង្គម​ជាតិ​ទាំងមូល។ ដោយ​សារ​តែ​យើង​មើល​ឃើញ​ថា​វា​ជា​ទង្វើ​មិន​គប្បី​មួយ កាល​ដែល​មនុស្ស​ម្នាក់​ឬ​ច្រើន​នាក់​ហ៊ាន​ទៅ​បំពាន​ឬ​លេប​​ខា​យ​ពាក្យសម្ដី​ទៅ​លើ​បុគ្គល​ម្នាក់​ដោយ​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​អារម្មណ៍​ខ្លាច​ឬ​មិន​ពេញ​ចិត្ត​ជា​​ដើម។

«​ការ​បៀត​បៀន​ផ្លូវ​ភេទ សំ​ដៅ​ទៅ​លើ​ឥរិយាបថ កាយ​វិការ ពាក្យ​សម្ដី​ទាក់​ទង​ទៅ​នឹង​សកម្មភាព​ផ្លូវ​ភេទ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត មិន​ចង់​បាន មិន​ស្វាគមន៍ អាប់​ឱន និង​មាន​ភាព​អា​ម៉ាស់​នឹង​សកម្មភាព​ទាំងនោះ»​។ តាម​ការ​លើក​ឡើង អ្នកស្រី ​ឃួ​ន ច័ន្ទ​ទេវី

អ្នកស្រី ឃួន ច័ន្ទទេវី ជា​ប្រធាន​ក្រុម​ការងារ​សិទ្ធិ​ស្រ្តី​នៃ​អង្គការ​អាក់​សិន​អេត​កម្ពុជា បាន​បន្ត​ថា​យើង​អាច​​កំណត់​សម្គាល់​ការ​បៀត​បៀ​ន​ផ្លូវ​ភេទ​បាន​តាម ៣ទម្រង់។

ទម្រង់​ទី១ យើង​ងាយ​ស្រួល​មើល​ជាង​គេ ដោយ​សារ​តែ​វា​ស្ដែង​ចេញ​តាម​រយៈ​ការ​ប៉ះ​ពាល់​រូបរាង​កាយ​ជន​រង​គ្រោះ​ផ្ទាល់ ដូច​ជា​ការ​ស្ទាប​អង្អែល ការ​លូក​លាន់ ការ​ថើប ព្រោះ​សា​ម៉ី​ខ្លួន​ដឹង​តែ​ម្ដង​ថា​ត្រូវ​គេ​បៀត​បៀន។ ដោយ​ឡែក​ទម្រង់ទី២ និង៣ យើង​ពិបាក​សម្គាល់​បន្តិច។

ទម្រង់ទី២ ស្ដែង​ចេញ​តាម​រយៈ​ពាក្យ​សម្ដី ហើយ​នេះ​ជា​អ្វី​ដែល​យើង​ជា​ជន​រង​គ្រោះ​មិន​បាន​ដឹង​ថា​ខ្លួន​ត្រូវ​បាន​គេ​បៀត​បៀ​ន។ តួយ៉ាង ការ​និយាយ​លេប​ខា​យ​ ការ​ហួច​ដាក់​ ការ​និយាយ​កំប្លុកកំប្លែង​អាសអាភាស ដែល​ចំណុច​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​​ផ្លូវ​ចិត្ត​ជន​រង​គ្រោះ ហើយ​ពេល​ខ្លះ យើង​មិន​បាន​ដឹង​ខ្លួន​ឯង​ថា​វា​ការ​ជា​បៀត​បៀ​ន​នោះ​ទេ។

ចំណែក​ឯ​ទម្រង់​ទី៣ ស្ដែង​ចេញ​តាម​រយៈ​ការ​ថត​រូប​អាស​អា​ភា​ស​ឬ​ការ​បញ្ចេញ​រូប​អាស​អាភាស​ជា​ដើម។

តាម​របាយ​ការណ៍​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី( Australian Bureau of Statistics) បង្ហាញ​ថា​ក្នុង​ចំណោម​មនុស្ស​ស្រី 2នាក់ មាន​មនុស្ស​ស្រី​ ១នាក់ ទទួល​រង​នូវ​ការ​បៀត​បៀ​ន​ផ្លូវ​ភេទ​ក្នុង​ជីវិត​របស់​ពួក​គេ។

បញ្ហា​នេះ​ផង​ដែរ​ ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខ​ភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ជនរងគ្រោះ។ សម្រាប់​បញ្ហា​ផ្លូវចិត្ត​ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បាក់​ទឹកចិត្ត បាក់ស្បាត ភ័យខ្លាច មិន​ហ៊ាន​ដើរ​ចេញ​ក្រៅ ព្រម​ទាំង​មិន​ហ៊ាន​ជួប​អ្នក​ដទៃ ប្រសិន​បើ​គាត់​ជួប​ករណី​ធ្ងន់ធ្ងរ ជន​រង​គ្រោះ​អាច​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​បាន។

​ដោយ​ឡែក​ផ្លូវ​កាយ​វិញ ជន​រង​គ្រោះ​អាច​គ្រោះ​ថ្នាក់​ខ្លាំង​មែនទែន ប្រសិន​បើ​ឈាន​ដល់​ការ​រំលោភ​បំពាន។ ព្រោះ​វា​ឲ្យ​មាន​របួស​ស្នាម ការ​មាន​កូន​ដោយ​មិន​ចង់​បាន និង​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ​របស់​គាត់​ផ្ទាល់​តែម្ដង។ អ្នក​ស្រី​បាន​បន្ថែម

អ្នកស្រី ឃួន ច័ន្ទទេវី បាន​រៀប​រាប់​ថា បើ​យើង​ដឹង​ថា យើង​ត្រូវ​បាន​គេ​បៀត​បៀន​ផ្លូវ​ភេទ ​សូម​ឲ្យ​អ្នក​និយាយ​វា​ចេញ​មក​ឬ​និយាយ​ជាមួយ​អ្នក​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន ព្រោះថា បើ​អ្នក​មិន​និយាយ​ពី​បញ្ហា​នេះ​ទេ នោះ​យើង​មិន​អាច​រក​ឬ​ស​គល់​នៃ​បញ្ហា​នេះ​បាន​ឡើយ។​ នៅ​ពេល​យើង​ពួក​គាត់​និយាយ​វា​ចេញ សូម​ស្ដាប់​រឿង​គាត់​ឲ្យ​ចប់​សិន កុំ​ទាន់​ធ្វើ​ការ​វិនិច្ឆ័យ​ទៅ​លើ​បញ្ហា​ពួក​គាត់។​

ចុចអានបន្ត៖អស្ចារ្យមែន! កូនខ្មែរបញ្ចេញស្នាដៃច្នៃម៉ូដសម្លៀកបំពាក់ បង្ហាញឲ្យពិភពលោកបានស្គាល់

អត្ថបទ៖ ង៉ាន់ សុគុន