មុខក៏ស្អាត ចំណេះក៏មាន តែអត់មានអ្នកសុំស្រឡាញ់ ប្រហែលមកពីមូលហេតុ៥យ៉ាងនេះ
- 2019-09-05 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខក៏ស្អាត ចំណេះក៏មាន តែអត់មានអ្នកសុំស្រឡាញ់ ប្រហែលមកពីមូលហេតុ៥យ៉ាងនេះ
ធ្លាប់ឆ្ងល់អត់? ហេតុអីអ្នកខ្លះអត់សូវស្អាត តែមានអ្នកតាមសុំស្រឡាញ់ហូរហែ ចំណែកខ្លួនឯងវិញ ថាស្អាតក៏បាន ចំណេះក៏មាន តែបែរជាគ្មានអ្នកមកហាមាត់សុំស្រឡាញ់អីបន្តិច មានតែអ្នករាប់អានធម្មតា រកន័យស្នេហាដូចគេមិនឃើញសោះ? បើពិតជាអត់បែបហ្នឹងមែន សាកសង្កេតមើលខ្លួនឯងមើល ក្រែងលោមានចំណុចណាមួយដូចខាងក្រោម ព្រោះវាជាមូលហេតុដែលនាំឱ្យមនុស្សប្រុសមិនព្រមបង្ហាញការស្រឡាញ់ដល់អ្នក។
១. ពេលនិយាយ មិនចូលចិត្តមើលភ្នែកគេឱ្យចំ
អ្នកប្រហែលមិនធ្លាប់ដឹងទេថា ការនិយាយដោយមើលភ្នែកអ្នកណាម្នាក់ឱ្យចំអាចធ្វើឱ្យគេលង់ស្នេហ៍ និងជឿជាក់លើយើងបាន។ ដូច្នេះហើយ សាកចំណាំមើលចុះ ស្រីៗដែលមិនចូលចិត្តសម្លឹងមុខដៃគូសន្ទនា ឬមិនមើលឱ្យចំភ្នែកគេទេនោះ ច្រើនតែធ្វើឱ្យប្រុសៗមិនហ៊ានបញ្ចេញសញ្ញាស្រឡាញ់ទៅកាន់ ព្រោះពួកគេយល់ថានាងប្រហែលមិនចាប់អារម្មណ៍នឹងពួកគេ ឬនាងមើលទៅមិនគួរឱ្យស្រឡាញ់តែម្ដង។
២. ទៅណា ឬធ្វើអីក៏រវល់ចុចតែទូរសព្ទ
នារីណាដែលទៅណាមកណាឱនមុខចុចតែទូរសព្ទច្រើនតែគ្មានប្រុសណាមកក្បែរ ឬបង្ហាញការស្រឡាញ់ ដោយសារតែពួកគេយល់ថានាងប្រហែលកំពុងរវល់ Chat ជាមួយសង្សារ ឬមនុស្សជាទីស្រឡាញ់ហើយ ទើបមិនហ៊ានមករវីរវល់។ អ៊ីចឹងហើយ បើអ្នកអត់មានគូទេ ហើយចង់ឱ្យបុរសដែលលួចចាប់អារម្មណ៍អ្នកហ៊ានបើកចំហអារម្មណ៍ពិតដើម្បីសាងស្នេហាមួយនេះឱ្យចេញជារូបរាងឡើង គួរកាត់បន្ថយការចុចទូរសព្ទ ហើយងាកមកនិយាយលេងជាមួយអ្នកជុំវិញខ្លួនវិញទើបល្អ។
៣. ជាមនុស្សស្រីដែលមានទំនុកចិត្តលើខ្លួនឯងខ្លាំងពេក
មែន! ការមានទំនុកចិត្តលើខ្លួនឯងគឺជារឿងល្អ តែនារីដែលមានទំនុកចិត្តខ្លាំងពេកបែរជាមិនល្អសម្រាប់រឿងស្នេហាទៅវិញ។ ហេតុផលដែលបុរសមិនហ៊ានសារភាពសុំស្រឡាញ់អាចមកពីមូលហេតុមួយនេះ គេអាចនឹងគិតថាអ្នករឹងមាំជ្រុល ថ្ងៃក្រោយអាចពិបាករស់នៅជាមួយគ្នា ព្រោះនាងជាមនុស្សឯករាជ្យ ប្រហែលមិនចូលចិត្តស្ដាប់សម្ដីរបស់ដៃគូ ឬសម្រេចចិត្តអ្វីអាចធ្វើដោយខ្លួនឯង មិនពិភាក្សាគ្នាក៏ថាបាន។ ម្យ៉ាងទៀត គេក៏អាចគិតដែរថា នារីដែលបង្ហាញថាខ្លួនឯងមានជំនឿចិត្តលើខ្លួនឯងខ្ពស់ពេក តែងចាត់ទុកខ្លួនឯងជាមនុស្សអស្ចារ្យ រហូតប្រុសៗលែងហ៊ានចង់ចូលទៅជិត។
៤. ជាមនុស្សស្រីដែលមើលពិភពលោកក្នុងផ្លូវអវិជ្ជមានជានិច្ច
មិនថាតែប្រុសៗទេ សូម្បីតែមនុស្សស្រីដូចគ្នាក៏មិនចូលចិត្តអ្នកដែលមើលអ្វីក្នុងផ្លូវអាក្រក់ទាំងអស់ដែរ។ ទង្វើនិងការគិតបែបនេះគឺជាឧបសគ្គមួយដែលរារាំងអ្នកដទៃឱ្យមើលឃើញអ្នកក្នុងផ្លូវល្អដូចគ្នា ព្រោះការគិតអវិជ្ជមានអាចនាំផលអាក្រក់ច្រើនដល់ទំនាក់ទំនងក្នុងសង្គម ហើយគេនឹងគិតថាអ្នកជាមនុស្សឆាប់ម៉ៃស្ថានការណ៍ មិនវិភាគរកចំណុចល្អនៃរឿងនោះឱ្យឃើញសិន បែរជាចាំតែចាប់កំហុស។ ប្រុសៗខ្លាចថាបើបានប្រពន្ធបែបនេះ ថ្ងៃក្រោយច្បាស់ជាមិនអាចសុភមង្គល គ្មានភាពរីកចម្រើនឡើយ។
៥. ជាមនុស្សស្រីដែលចូលចិត្តធ្វើអីច្រងេងច្រងាង ឥតសុជីវធម៌
នារីដែលចូលចិត្តនិយាយឮៗ ចំអេសចំអាស ឆ្ការដៃឆ្ការជើង ឬសកម្មភាពគ្មានសុជីវធម៌ ទោះស្អាតយ៉ាងណាក៏គេមើលមិនចូលភ្នែកដែរ។ និយាយនេះមិនមែនឱ្យមនុស្សស្រីត្រូវតែនិយាយសុភាពរាបសា ដូចសំពត់ក្នុងផ្នត់ពេកដែរ តែគួរដឹងស្ថានភាព និងរៀបចរិយាឱ្យបានត្រឹមត្រូវ ព្រោះពាក្យសម្ដី និងកាយវិការរបស់មនុស្សអាចជាចំណុចលេចធ្លោផង និងលិចដុនដាបផង បើមិនបានគិតគូរ មុននឹងធ្វើទេ៕
ចុចអាន៖ ស្រីៗពេលរើសសង្សារ ឬគូស្រករ គួរទន្ទេញពាក្យទាំងនេះក្នុងចិត្ត ទើបកម្រប៉ះមនុស្សខុស