ស្រីៗពេលរើសសង្សារ ឬគូស្រករ គួរទន្ទេញពាក្យទាំងនេះក្នុងចិត្ត ទើបកម្រប៉ះមនុស្សខុស
- 2019-01-13 08:12:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗពេលរើសសង្សារ ឬគូស្រករ គួរទន្ទេញពាក្យទាំងនេះក្នុងចិត្ត ទើបកម្រប៉ះមនុស្សខុស
១. ពេលរើសសង្សារ ឬគូស្រករ នារីត្រូវមើលពីទឹកចិត្តរបស់បុរសនោះដែលមានចំពោះម្ដាយ និងស្នេហាដំបូងរបស់គេ ព្រោះនារីទាំងពីរនាក់នេះហើយដែលអាចជាអ្នកកំណត់ការគិតរបស់បុរសចំពោះរឿងស្នេហាក្រោយៗទៀត។
២. នារីភាគច្រើនតែងគេងប្រាថ្នាបានបុរសក្នុងក្ដីស្រមៃមកជាគូ ដែលមានលក្ខណៈសម្បត្តិឥតខ្ចោះដូចជា សង្ហា មាន មានការងារខ្ពង់ខ្ពស់ ប្រាក់ខែច្រើន ចេះស្រឡាញ់និងយកចិត្តទុកដាក់គ្រួសារ និងប្រពន្ធកូនជាដើម។ ប៉ុន្តែសូមចងចាំមួយថា បុរសដែលមានគ្រប់ចំណុចបែបនេះកម្រនឹងមានណាស់ ហើយបើទោះបីជាមាន ក៏អ្នកត្រូវប្រកួតប្រជែងខ្លាំងទម្រាំបានគេដែរ។ ដូច្នេះ កុំបាច់ដាក់សម្ពាធខ្លួនឯងឱ្យគេងស្រមៃចង់បានបុរសបែបនេះអី គួរជ្រើសរើសបុរសណាដែលអាចរស់នៅជាមួយអ្នកបានយូរអង្វែងដោយមានក្ដីសុខផ្លូវចិត្តគឺជាការគ្រប់គ្រាន់ទៅហើយ។
៣. “រវល់" គ្រាន់តែជាលេសរបស់បុរសតែប៉ុណ្ណោះ។ អ្វីៗគ្រប់យ៉ាងគឺជាការសម្រេចចិត្តរបស់បុរសនោះ ថាតើគាត់មានចិត្តចង់ធ្វើដើម្បីនារីម្នាក់នោះដែរឬក៏អត់។ នារីដែលប្រាប់ខ្លួនឯងថា សង្សារ ឬមនុស្សដែលខ្លួនស្រលាញ់តែងរវល់ការងារនោះ គឺជាការកុហក លួងចិត្តខ្លួនឯងប៉ុណ្ណោះ។ ការពិតនាងដឹងច្បាស់ថា ជាអ្វីទៅហើយ។
៤. ត្រូវចេះប្រាប់ខ្លួនឯងថា មិនត្រូវឱ្យស្នេហាជាអ្នកកំណត់រឿងការងារ ឬអាជីពរបស់អ្នកឡើយ។ ហេតុផលគឺថា បើអ្នកជ្រើសយកស្នេហា ហើយអ្នកបាត់បង់វា អ្នកនឹងគ្មានអ្វីសេសសល់ទាំងអស់។ ប៉ុន្តែ បើអ្នកជ្រើសយកការងារ ទោះបីបាត់បង់ស្នេហា ក៏អ្នកអាចនៅមានសមត្ថភាពរកលុយបានដោយខ្លួនឯង មិនបាច់ពឹងគេទេ។
៥. ការចង់ទិញរ៉ូប ឬសម្លៀកបំពាក់ដែលស្អាតសម្រាប់ខ្លួនឯង យើងជាមនុស្សស្រីមិនចាំបាច់ត្រូវសុំការអនុញ្ញាត ឬយល់ព្រមពីអ្នកណាទើបអាចទិញបាននោះទេ។ ត្រូវចាំថា យើងមានសិទ្ធិលើខ្លួនឯង ហើយលុយយើងរកដោយខ្លួនឯង អាចធ្វើអ្វីដែលខ្លួនឯងស្រលាញ់បានគ្រប់ពេល កុំឱ្យតែហួសហេតុពេក។
៦. បើគេស្រលាញ់យើង យើងជាស្រីមិនចាំបាច់ធ្វើអ្វីច្រើនដើម្បីបានគេឡើយ ព្រោះគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យបានយើង។ ផ្ទុយទៅវិញ បើគេមិនស្រលាញ់យើង យើងក៏មិនបាច់ធ្វើអ្វីច្រើនដែរ ព្រោះវាជារឿងដែលអត់ប្រយោជន៍ និងមិនអាចជួយអ្វីបានដែរ។
៧. កុំទម្លាប់ប្រើទឹកភ្នែកដើម្បីឃាត់អ្នកណាម្នាក់ឱ្យនៅក្បែរយើង ព្រោះជួនកាលទឹកភ្នែកអាចធ្វើឱ្យអ្នកធ្លាក់តម្លៃទៅវិញ។
៨. ការនិយាយពាក្យបែករវាងមនុស្សស្រី និងមនុស្សប្រុសគឺខុសគ្នា។ មនុស្សស្រីប្រើពាក្យ "បែក" ដោយសារតែការខឹងមួយឆាវ ឬចង់បានការលួងលោមអង្វរពីដៃគូម្ខាងទៀត។ ប៉ុន្តែបើមនុស្សប្រុសនិយាយពាក្យថា "បែក" ហើយ គឺគេគិតច្បាស់ហើយទើបនិយាយចេញមកនោះ៕