ប្រការគួរនិងមិនគួរធ្វើ សម្រាប់ស្រ្តីបំបៅទារកដោយទឹកដោះ

  • 2019-09-04 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មាន​គក៏ សុបិ​ន​ដ៏​ធំ​បំ​ផុត​របស់​ស្រ្តី​គ្រប់​រូប​គឺ​កូន​កើត​មក​សុខភាព​ល្អ។ ​​ក្រោយ​សម្រាល ​ជា​ពេល​ដែល​​អ្នក​ម្តាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទារក​យ៉ាង​ម៉ត់​ចត់។ ​សម្រាប់​ស្រ្តី​ដែល​អាច​បំបៅ​កូន​ដោយ​ទឹក​ដោះ​បាន គឺ​មាន​រឿង​២​ត្រូវ​ដឹង ​មួយ​គឺ​អ្វី​ដែល​គួរ​ធ្វើ និង​មួយ​ទៀត​គឺ អ្វី​ដែល​មិន​គួរ​ធ្វើ​។ ​ខាង​ក្រោម​នេះ ​ជា​ប្រការ​២​យ៉ាង​ដែល​ស្រ្តី​គួរ​យល់​ដឹង ចៀស​វាង​បង្កើត​បញ្ហា​ដោយ​អចេតនា៖

អ្វី​ដែល​​អាច​ធ្វើ​បាន​៖

-បរិភោគ​ថ្នាំ​គ្រាប់​វីតាមីន​

​ដើម្បី​បំប៉ន​សុខភាព​​ក្រោយ​សម្រាល ​អ្នក​ម្ដាយ​អាច​​បន្ថែម​វីតាមីន​ដល់​រាង​កាយ​​បាន​បើ​ទោះ​ជា​បំ​បៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ក៏​ដោយ។

-លេប​ថ្នាំ​ពន្យារ​កំណើត

​អំ​ឡុង​បំ​បៅ​ដោះ​កូន ​អ្នក​ម្ដាយ​អាច​​លេប​ថ្នាំ​ពន្យារ​កំណើត​បាន។ ​តែ​គួរ​ជ្រើស​យក​ប្រភេទ​ថ្នាំ​ផ្ទុក​ប្រូ​សេ​ស្តេ​រ៉ូន ​ដែល​ចាត់​ទុក​ជា​ពពួក​ថ្នាំ​មាន​សុវត្ថិភាព មិន​ជះ​ឥទ្ធិពល​ដល់​ការ​ផលិត​ទឹក​ដោះ។

-ញ៉ាំ​អាហារ​ប្រូតេអ៊ីន​ធម្មតា

​ស្ត្រី​ជា​ម្ដាយ​អាច​បរិភោគ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូច​ជា​ សាច់ ​ទឹក​ដោះ ​ស៊ុត ឬ​អាហារ​សមុទ្រ​បាន​ធម្មតា។ ប៉ុន្តែ​រឿង​ដែល​​ត្រូវ​យក​ចិត្ត​ទុក​​ដាក់​កុំ​ភ្លេច​សង្កេត​មើល​ទារក​តើ​គេ​មាន​ប្រតិកម្ម ឬ​ អាឡែហ្ស៊ី​នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​នោះ​ឬ​អត់។ ដោយសារ​ទឹក​ដោះ​សម្រាប់​កូន​បៅ ​នឹង​បញ្ចេញ​ជីវជាតិ​​ដូច​ចំណី​អាហារ​ដែល​អ្នក​ញ៉ាំ​ដែរ​ដល់​ទារក​ ដូច្នេះ​បើ​អ្នក​រក​ឃើញ​សញ្ញា​មិន​ធម្មតា​ គួ​បញ្ឈប់​ការ​ហូប​អាហារ​ទាំង​នោះ​ភ្លាម​។

​អ្វី​ដែល​មិន​គួរ​ធ្វើ៖

-ចៀស​វាង​ហូប​ខ្ទឹម​ស ម្ទេស

ហូប​ខ្ទឹម​ស​នឹង​ធ្វើ​ឲ្យ​ទឹក​ដោះ​មាន​ក្លិន​មិន​ល្អ ជា​ហេតុ​ធ្វើ​ឲ្យ​ទារក​ឆ្អើម​មិន​ចង់​បៅ។ មិន​ត្រឹម​តែ​ខ្ទឹម​ស​ទេ​ដែល​ត្រូវ​ចៀស​វាង សូម្បី​ម្ទេស​ ឬ​អាហារ​ឆួរ​ក្លិន​ពេក​ក៏​មិន​គួរ​បរិភោគ​ដែរ​។

-កុំ​លេប​ថ្នាំ​សម្រក​ទម្ងន់

​ថ្នាំ​សម្រក​ទម្ងន់​ភាគ​ច្រើន​ផ្ទុក​សារ​​ជាតិ ស្តេរ៉ូ​អ៊ីត ដែល​ជះ​ផល​ប៉ះ​​ពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​រាង​កាយ បណ្ដាល​ឲ្យ​ការ​ផលិត​ទឹក​ដោះ​ចុះ​ខ្សោយ។ ​ម្ល៉ោះ​ហើយ​អ្នក​ម្ដាយ​មិន​ត្រូវ​សម្រក​ទម្ងន់​ដោយ​ការ​ញ៉ាំ​ថ្នាំ​ឡើយ។ ​ប្រសិន​ជា​​​ខ្លាច​ឡើង​ទម្ងន់ ​គួរ​ងាក​មក​ប្រើ​វិធី​សម្រក​ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ​បន្លែ និង​ផ្លែ​ឈើ​វិញ​ល្អ​ជាង។

-កុំ​លាប​ឡេ​លើ​ចុ​ង​សុ​ដន់

​ក្លិន​របស់​ឡេ​ដែល​អ្នក​លាប​នឹង​ឆួរ​ច្រមុះ​របស់​ទារក​ពេល​កំពុង​បៅ ដែល​ធ្វើ​ឲ្យ​ទារក​ពិបាក​បៅ។ ​ម្យ៉ាង​ទៀត ​ក៏​អាច​ងាយ​នឹង​ចម្លង​ការ​ប្រតិ​កម្ម​ដល់​ទារក​ផង​ដែរ ។

ទាំង​នេះ​ជា​គោល​សំខាន់​ៗ​ ដែល​អ្នក​ម្ដាយ​ទាំង​អស់​គួរ​យល់​ដឹង​ ​ចៀស​វាង​បង្កើត​បញ្ហា​ដោយ​ចៃ​ដន្យ​ពេល​បំបៅ​ទារក។ បើ​អ្ន​ក​​ម្ដាយ​​យល់​ដឹង​បាន​ល្អ នោះ​​ទារក​នឹង​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់​ពេល​បំបៅ ​ដែល​ជួយ​ឲ្យ​គេ​លូត​លាស់​​ និង​ឆាប់​ធំ​ធាត់៕

​ចុចអាន៖ ​​ ចង់​បាន​កូន​ស្អាត សើច​រួសរាយ​មិន​មុខ​ខ្មូរ ពេល​ពពោះ​គួរ​ញ៉ាំ​អាហារ​​ទាំង​នេះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា