ចង់បានកូនស្អាត សើចរួសរាយមិនមុខខ្មូរ ពេលពពោះគួរញ៉ាំអាហារទាំងនេះ
- 2019-09-04 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានកូនស្អាត សើចរួសរាយមិនមុខខ្មូរ ពេលពពោះគួរញ៉ាំអាហារទាំងនេះ
ចាស់បុរាណតែងមានជំនឿថា កូនដែលកើតមករួសរាយ ប្រជាប្រិយដាក់អ្នកដទៃនឹងនាំលាភដល់គ្រួសារ។ ដូច្នេះហើយ ទើបនៅពេលមានផ្ទៃពោះ អ្នកគ្រប់គ្នានៅក្នុងផ្ទះព្យាយាមបង្កើតតែភាពសប្បាយរីករាយ មិនឱ្យអ្នកម្ដាយគិតឬកើតទុក្ខច្រើនឡើយ។ បែរមកគិតតាមវិជ្ជាវេជ្ជសាស្ត្រ គ្រូពេទ្យជាច្រើនក៏តែងណែនាំអ្នកម្ដាយឱ្យធ្វើអារម្មណ៍ឱ្យធូរស្រាលដែរ ព្រោះតំណភ្ជាប់រវាងអារម្មណ៍ម្ដាយនិងគភ៌នៅក្នុងផ្ទៃពិតជាមានសារសំខាន់ណាស់។
ទន្ទឹមនឹងការធ្វើអារម្មណ៍អ្នកម្ដាយឱ្យស្រស់ស្រាយគ្រប់ពេល ចំណីអាហារក៏ដើរតួសំខាន់ក្នុងការបញ្ជូនសារធាតុចិញ្ចឹមទៅដល់គភ៌ និងជួយធ្វើឱ្យផ្លូវចិត្តធូរស្រាលបានដែរ។ លោកស្រី Zoe Bingley-Pullin អ្នកជំនាញផ្នែកចំណីអាហារ និងជីវជាតិបំប៉ន ក៏ជាអ្នកនិពន្ធសៀវភៅសុខភាពជាច្រើនក្បាលផងដែរនោះ បានមានប្រសាសន៍ឱ្យដឹងថា អាហារពិតជាអាចសម្រួលអារម្មណ៍ និងបង្កើតក្ដីសុខដល់មនុស្សបានមែន។ ដូច្នេះពេលមានផ្ទៃពោះ អ្នកម្ដាយគួរជ្រើសរើសអាហារដូចខាងក្រោមនេះដើម្បីឱ្យកូនមានអារម្មណ៍ធូរស្បើយទៅតាមនោះដែរ។
សូកូឡាខ្មៅ
តាមការចុះផ្សាយរបស់ទស្សនាវដ្ដី Pregnancymagazine និងការស្រាវជ្រាវរបស់ប្រទេសហ្វាងឡង់បានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលចូលចិត្តញ៉ាំសូកូឡាខ្មៅជាអាហារសម្រន់នោះ តែងតែមិនសូវមានអារម្មណ៍ស្មុគស្មាញ ឬតឹងតែងឡើយ។ មិនតែប៉ុណ្ណោះ ពេលកូនកើតមកច្រើនតែរួសរាយ ពូកែសើច គួរឱ្យស្រលាញ់។ នៅក្នុងសូកូឡាខ្មៅមានផ្ទុក Tryptophan ដែលជាប្រភេទអាស៊ីតអាមីណូជំនួយដល់រាងកាយក្នុងការផលិតប្រូតេអ៊ីន និងសារធាតុមានប្រយោជន៍ផ្សេងទៀតជំនួយដល់ខួរក្បាល។
ក្រៅពីនេះ សមាសធាតុដែលផ្សំឡើងក្នុងសូកូឡាខ្មៅក៏ជំនួយផងដែរដល់ការបង្កើនបរិមាណអរម៉ូនអង់ដូភីន (Endorphin) នៅក្នុងខួរក្បាល ជួយស្ត្រីមានផ្ទៃពោះឱ្យមានអារម្មណ៍ស្រស់ស្រាយ។ តែយ៉ាងណាក៏ដោយ អាហារសម្រន់មួយនេះ មានផ្ទុកជាតិកាហ្វេអ៊ីនដែលអ្នកម្ដាយគួរតែកំណត់បរិមាណនៃការញ៉ាំឱ្យបានត្រឹមត្រូវ។
អង្ករសម្រូប
អង្ករសម្រូបមានសារធាតុចិញ្ចឹមច្រើនដែលល្អខ្លាំងសម្រាប់ការលូតលាស់របស់គភ៌នៅក្នុងផ្ទៃដូចជា វីតាមីន B ផូស្វ័រ សេលេញ៉ូម ម៉ាញេស្យូម ប៉ូតាស្យូម និងម៉ង់កាណែស។ នេះជាអាហារកំពូលមួយក្នុងចំណោមអាហារដទៃដែលជួយសម្រួលផ្នែកផ្លូវអារម្មណ៍បានល្អប្រសើរ។ នេះបើតាមការចុះផ្សាយរបស់វិបសាយសុខភាព drhealthbenefits។
ការសិក្សាជាច្រើនបានរកឃើញថា នៅក្នុងអង្ករសម្រូបមានទំនាក់ទំនងពិសេសរវាងកាបូហាយដ្រាត និងសេរ៉ូតូនីន (ជាអរម៉ូនដែលកាត់បន្ថយអារម្មណ៍តានតឹង និងការពារការកើតជំងឺបាក់ទឹកចិត្ត) ហេតុនេះហើយ កាលណាស្ត្រីមានផ្ទៃពោះញ៉ាំបាយដាំចេញពីអង្ករសម្រូប ឬអាហារដែលមានជាតិអង្ករសម្រូបអាចមានផលល្អច្រើនដល់គភ៌ដូចគ្នា។
ចុចអាន៖ អាហារតាមត្រីមាសនីមួយៗ អ្នកម្ដាយមិនគួររំលង បើចង់ឱ្យកូនកើតមកស្អាត ឆ្លាត គ្រប់លក្ខណៈ
ផ្លែបឺ
ក្នុងចំណោមអាហារល្អទាំង៥ដែលអាចធ្វើឱ្យអារម្មណ៍មនុស្សល្អបាន ផ្លែបឺក្នុងស្ថិតក្នុងបញ្ជីផងដែរ។ នៅក្នុងផ្លែបឺមួយផ្លែមានសារធាតុទីរ៉ូស៊ីនដែលជាប្រភេទអាមីណូអាស៊ីតជំនួយដល់ខួរក្បាល និងរាងកាយ ធ្វើឱ្យខួរក្បាលបានសម្រាក និងមិនសូវគិតច្រើន។ ក្រៅពីនេះ ផ្លែឈើមួយប្រភេទនេះមានវីតាមីន B អាស៊ីតហ្វូលីក អូមេហ្កា៣ ដែលមានប្រយោជន៍ដល់ទាំងម្ដាយនិងគភ៌សម្រាប់ការលូតលាស់។
ផ្លែចេក
ចេកមានសារធាតុ Tryptophan ដែលជំនួយដល់ការផលិតប្រូតេអ៊ីន និងសម្រួលប្រព័ន្ធសរសៃប្រសាទឱ្យដំណើរការស្រួល។ ហេតុនេះហើយ អ្នកអាចសង្កេតដោយខ្លួនឯងបាន ការញ៉ាំផ្លែចេកក្រោយមានអារម្មណ៍ស្ត្រេសអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលឡើងវិញ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកជាតិប៉ូតាស្យូម ដែលសំខាន់ដល់ការលូតលាស់របស់គភ៌ និងទ្រទ្រង់សុខភាពមាតាឱ្យរឹងមាំ ក្នុងពេលពពោះ។
ចុចអាន៖ ប៉ាម៉ាក់សម្បុរស្រអែមក៏កូនអាចកើតមកស្បែកស៊ីជម្ពូរ ឱ្យតែពេលពពោះញ៉ាំអាហារទាំង៦មុខ
ដូង
ការសិក្សាមួយចំនួនបានបង្ហាញថា ដើម្បីកាត់បន្ថយស្ត្រេស ក្លិនអាចដើរតួនាទីក្នុងការងារនេះបាន។ ក្នុងនោះដែរ ក្លិនឈ្ងុយរបស់ផ្លែដូង ឬប្រេងដូង ឬសូម្បីតែការញ៉ាំដូងតែម្ដងអាចធ្វើឱ្យអ្នកបាត់អស់ទុក្ខកង្វល់ និងធូរស្បើយពីអារម្មណ៍តានតឹងនានា៕