ចង់ឲ្យបរទេសស្គាល់និងអភិរក្សម្ហូបខ្មែរ ចុងភៅនារីម្នាក់ខំធ្វើរឿងច្រើនយ៉ាងគួរឲ្យរំភើបចិត្ត (វីដេអូ)
- 2019-09-18 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យបរទេសស្គាល់និងអភិរក្សម្ហូបខ្មែរ ចុងភៅនារីម្នាក់ខំធ្វើរឿងច្រើនយ៉ាងគួរឲ្យរំភើបចិត្ត (វីដេអូ)
អ្នកស្រី រស់ រតនៈ ជាចុងភៅខ្មែរម្នាក់ដែលតែងទៅក្រៅប្រទេសញឹកញាប់។ ប៉ុន្តែពេលទៅដល់បរទេសម្ដងៗ ជនជាតិគេស្គាល់ម្ហូបរបស់ប្រទេសផ្សេងៗយ៉ាងច្បាស់ សូម្បីម្ហូបនៅជុំវិញប្រទេសជិតខាងយើងដូចជាថៃ វៀតណាមជាដើម ក៏បរទេសជាច្រើនស្គាល់ដែរ។ ដោយឡែកម្ហូបខ្មែរហាក់ឯកោ មិនសូវមានអ្នកណាស្គាល់នោះឡើយ។
ឃើញដូច្នេះ ចុងភៅរូបនេះបានសាកល្បងធ្វើម្ហូបខ្មែរឲ្យបរទេសភ្លក់ ហើយពួកគេលាន់មាត់ថាឆ្ងាញ់និងប្រាប់ថារសជាតិពិសេសបែបនេះ កន្លងមកពួកគេមិនធ្លាប់ហូបទាល់តែសោះ។ ពួកគេសរសើរថា ម្ហូបខ្មែរឆ្ងាញ់ថ្មីស្រស់ គួរឲ្យចង់ទទួលទានណាស់។ ដោយសារតែមិនចង់បាត់បង់ម្ហូបខ្មែរ និងចង់អភិរក្សម្ហូបខ្មែរឲ្យមានគេស្គាល់ច្រើន ដូច្នេះចុងភៅរតនៈ សម្រេចចិត្តចងក្រងសៀវភៅមានឈ្មោះថា "ញ៉ាំ" ដែលប្រមូលម្ដុំដោយម្ហូបខ្មែរច្រើនមុខ។ អ្នកស្រី ខំស្រាវជ្រាវហើយជួបការលំបាកច្រើនដោយសារពិបាករកឯកសារ។ ទម្រាំសរសេរមួយមុខម្ហូបឡើងគឺស្មុគស្មាញ មិនថាទាំងគ្រឿងផ្សំ រង្វាស់រង្វាល់គ្រឿងផ្សំ ការរចនា រូបភាព និងស្វែងរកអ្នកជំនាញឲ្យត្រួតពិនិត្យជាដើម។
ចំណាយពេលជាង២ឆ្នាំ ឆ្លងកាត់ការលំបាកជាច្រើនទាំងថវិកានិងកម្លាំងញើសឈាម ជួនកាលរហូតស្រក់ទឹកភ្នែកទៀត ចុងភៅរតនៈ បានសម្រេចបោះពុម្ពផ្សាយសៀវភៅនេះឡើង ដោយទទួលបានការគាំទ្រច្រើន សូម្បីនៅក្រៅប្រទេសដោយលក់អស់ជាងពីរពាន់ក្បាល ពិសេសនៅអាមេរិកនិងអូស្ត្រាលីលក់ដាច់ជាងគេ។ លើសពីនេះ តាមរយៈការទិញសៀវភៅ "ញ៉ាំ" អ្នកស្រីបានទុកមួយចំណែកសម្រាប់ការបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដែលលោកអ្នកអាចទិញបាននៅតាមបណ្ណាគារផ្សេងៗ។
ចុងភៅសម្បូរវោហារសព្ទបន្តថា ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរឲ្យពិភពលោកបានស្គាល់កាន់តែទូលាយ អ្នកស្រីក៏បានបង្កើតបេសកកម្មមួយ ក្នុងការលើកស្ទួយនិងថែរក្សារូបមន្តម្ហូបខ្មែរ ។ ដោយជាក់ស្ដែងអ្នកស្រីក៏ជួយរកកម្រៃដើម្បីស្រាវជ្រាវមុខម្ហូបខ្មែរ លើស ១៥,០០០ ដុល្លារដោយទទួលបានជោគជ័យលើសការរំពឹងទុក។
សម្រាប់សៀវភៅ "ញ៉ាំ" លោកអ្នកអាចទិញបានក្នុងតម្លៃ ២៩ដុល្លារ ក្នុង១ក្បាល។ សម្រាប់ប្រិយមិត្ត Kanha និង Sabay នឹងទទួលបានតម្លៃពិសេស ត្រឹមតែ ២៥ដុល្លារ ប៉ុណ្ណោះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ម្យ៉ាងទៀត ថវិកា ១ ,៥០ ដុល្លារ ពីការទិញសៀវភៅ "ញ៉ាំ" នឹងបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា។ លោកអ្នកអាចទិញសៀវភៅមុខម្ហូបនេះតាមរយៈតំណ Link នេះ ៕
ចុចអាន៖ និស្សិតស្រីម្នាក់ប្រាប់គុណសម្បត្តិរៀនជំនាញដែលខ្លួនស្រលាញ់ ទោះក្នុងថ្នាក់មានស្រីតែម្នាក់ក៏ដោយ