៤ សំណួរជួយឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ លែងរសាត់អណ្តែតតទៅទៀត

  • 2019-09-02 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​​មាន​ក្តី​សុបិន​​ធំ​ដែរ​ទេ​? បើ​មាន​មែន តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ ដើម្បី​សម្រេច​វា​ឱ្យ​បាន? ពេល​ខ្លះ​ខំ​ព្យាយាម​ណាស់​ដែរ ​ប៉ុន្តែ​នៅ​មិន​អាច​ទៅ​រួច ដោយ​សារ​តែ​អ្នក​ហាក់​ដូច​​នៅ​វិល​វល់​ មិន​ដឹង​ថា​គួរ​ផ្តោត​លើ​​​អ្វី​មុន​ និង​ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​ណា​។

អារម្មណ៍​រសាត់​អណ្តែត​​អាច​បណ្តាល​មក​ពី​​ហេតុ​ផល​មួយ​ចំនួន​​ដូច​ជា ភាព​មមាញឹក​​ខ្លាំង​ពេក ​ការ​ធុញ​ថប់ គ្មាន​ភាព​ច្បាស់​លាស់​ក្នុង​ជីវិត ឬ​សូម្បី​ពេល​ធម្មតា​ក៏​​មាន​អារម្មណ៍​ហត់​​នឿយ​ដែរ។ អារម្មណ៍​បែប​នេះ​ ពិត​ជា​​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ថែម​ទាំង​អាច​​រារាំង​មិន​ឲ្យ​​អ្នក​ឈាន​ទៅ​ដល់​គោលដៅ​ទៀត​ផង។

ចង់​សម្រេច​ក្តី​សុបិន​​ លុះ​​ត្រា​តែ​អ្នក​ចេះ​​តម្រង់​ទិស​ឲ្យ​បាន​ជាក់​លាក់​ ហើយ​កុំ​ភ្លេច​សួរ ៤ ​សំណួរ​នេះ​ ​ដើម្បី​ស្គាល់​ពី​ខ្លួន​ឯង​កាន់​តែ​​ច្បាស់។

សំណួរ​ទី​១៖ តើ​​ខ្ញុំ​ជា​នរណា?

វា​​អាច​បញ្ជាក់​ពី​ភាព​វៃ​ឆ្លាត នៅ​ពេល​ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ខ្លួន​ឯង​ជា​នរណា​ពិត​ប្រាកដ។ បើ​សូម្បី​តែ​ខ្លួន​​ឯង​ អ្នក​មិន​ដឹង​ផង ធ្វើ​ម៉េច​អាច​វែក​ផ្លូវ​ត្រូវ​បាន បើ​ភព​ផែនដី​ធំ​ធេង​ម្ល៉ឹង​ៗ? មាន ៣ ​ចំណុច​ធំៗ ដែល​អាច​ជួយ​ឲ្យ​អ្នក​ស្វែង​រក​ការ​ពិត​ពី​ខ្លួន​ឯង​ ក្នុង​នោះ​រួម​មាន បុគ្គលិក​លក្ខណៈ​ ជំនាញ​ និង​ទេព​កោសល្យ​របស់​អ្នក។ កាល​ណា​អ្នក​​ដឹង​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន វា​​នឹង​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​​ឯង​ពេញ​ចិត្ត ​​ មិន​បង្ខិត​បង្ខំ​ធ្វើ​តាម​គេ​។ ពេល​ដែល​អ្នក​​ចេះ​ប្រើ​ជំនាញ​​និង​ទេពកោសល្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ កិច្ចការ​អ្វី​ក៏​រីក​ចម្រើន​រលូន​​ទៅ​មុខ​ដែរ​។

សំណួរ​ទី​២៖ ហេតុ​អ្វី​ខ្ញុំ​​ដើរ​មក​ដល់​ត្រង់​ចំណុច​នេះ​?

នេះ​ជា​សំណួរ​ដើម្បី​ក្រើន​រំឭក​​នូវ​គោល​បំណង​ដែល​អ្នក​មាន​។ ជ្រុល​តែ​បោះ​​ជំហាន​មក​ដល់​ចំណុច​នេះ​ហើយ គ្មាន​ផ្លូវ​ត្រូវ​ដើរ​បក​ក្រោយ​វិញ​ដាច់​ខាត​ទោះ​​បី​ត្រូវ​ជួប​ឧបសគ្គ​ធំ​យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​​មុន​ពេល​​ធ្វើ​ការ​សម្រេច​ចិត្ត មនុស្ស​ម្នាក់ៗ​​សុទ្ធ​​តែ​មាន​ហេតុផល​និង​គោល​ដៅ​​រៀង​ៗ​ខ្លួន​។

សំណួរ​ទី​៣៖ តើ​ខ្ញុំ​ធ្វើ​វា​ដើម្បី​អ្នក​ណា?

ប្រសិន​បើ​​ជា​អ្នក​រកស៊ី សំណួរ​មួយ​នេះ​ពិត​ជា​សំខាន់​ណាស់ ដើម្បី​នាំ​អ្នក​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគ​ជ័យ​។ គ្មាន​នរណា​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ឡើយ សំខាន់​អ្នក​អាច​តម្រូវ​ចិត្ត​ មនុស្ស​ដែល​ឲ្យ​តម្លៃ​និង​ផល​ចំណេញ​​ដល់​អ្នក​។

សំណួរ​ទី​៤៖ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វី​បន្ត​ទៀត?

​ទោះ​បី​ជា​អ្នក​​ទទួល​បាន​លទ្ធផល​ល្អ និង​អាច​​ឈាន​ទៅ​ដល់​គោលដៅ​របស់​ខ្លួន​ក៏​ដោយ​ មិន​ត្រូវ​បណ្តែត​បណ្តោយ​បាន​ឡើយ។ ពុំ​ដូច្នោះ​ទេ​អ្នក​អាច​នឹង​បាត់​បង់​​ឱកាស​ ខាត​បង់​ពេល​វេលា និង​ខ្វះ​ការ​តាំង​ចិត្ត​ជាក់​ជា​មិន​ខាន​។ អ្នក​ត្រូវ​ថ្លឹង​ថ្លែង ថា​​តើ​គួរ​ធ្វើ​អ្វី​បន្ត​ទៀត ដើម្បី​រក្សា​លំនឹង​ឲ្យ​បាន​គង់​វង្ស​បាន​យូរ​។

អ្នកអាចម្រេចក្តីសុបិនបាន កាលណាអ្នកឈប់​គិត​រវើរវាយខ្លាំងពេក ហើយងាកមកផ្តោតលើទង្វើ​ឲ្យ​បាន​ច្រើន​​ទើបប្រសើរ​៕

ចុចអានបន្ត៖ មាន​រឿង​ ១២​យ៉ាង ដែល​អ្នក​ត្រូវ​ត្រៀម​ចិត្ត ពេល​ទើប​ចូល​ធ្វើ​ការ​ដំបូងៗ

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម