កំហុសឆ្គងដែលស្រីៗតែងធ្វើពេលងូតទឹក រាល់ថ្ងៃដោយមិនដឹងខ្លួន

  • 2019-08-26 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ងូត​ទឹក​ចាត់​ទុក​ជា​ដំណាក់​កាល​ដ៏​សំខាន់​មួយ​សម្រាប់​សុខភាព​និង​សម្រស់ ដែល​អ្នក​មិន​គួរ​មើល​រំលង។ ពេល​ខ្លះ​ស្រី​ៗ​គ្នា​យើង បាន​​បំផ្លាញ​ស្បែក​ដោយ​មិន​ដឹង​ខ្លួន ក្នុង​ខណៈ​ពេល​កំពុង​ងូត​ទឹក​នេះ​ឯង។ ដើម្បី​ការពារ​និង​បញ្ចៀស​ពី​បញ្ហា​ទាំង​ឡាយ មាន​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​​មិន​គួរ​រំលង​ដាច់​ខាត។

១. ងូត​ទឹក​ក្តៅ​យូរ​ពេក

ដោយ​សារ​តែ​ការ​ងូត​ទឹក​ក្តៅ អាច​ជួយ​ឲ្យ​សម្រួល​ដល់​​រាង​កាយ​និង​​​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ប៉ុន្តែ​បើ​អ្នក​ងូត​លើស​ពី​ ៧​នាទី​ វា​នឹង​បណ្តាល​ឲ្យ​ស្បែក​ស្ងួត រហូត​​ដល់​រោល​រលាក​ក៏​មាន​។ បើ​ចូល​ចិត្ត​​ងូត​ទឹក​ក្តៅ គួរ​កម្រិត​ក្នុង​សីតុណ្ហភាព​ក្តៅ​ល្មម​ និង​មិន​ត្រូវ​ងូត​ញឹក​ញាប់​ពេក ហើយ​​គួរ​លាប​ឡេ​ផ្តល់​សំណើម​ផង ដើម្បី​ការពារ​សុខភាព​ស្បែក​។

២. កក់​សក់​រាល់​ថ្ងៃ

មេឃ​ក្តៅ​ផង ហុយ​ដី​ ផ្សែង​ធូលី​ បែក​ញើស​ផង ធ្វើ​ឲ្យ​អ្នក​នៅ​មិន​សុខ​ក្នុង​ខ្លួន​ ចង់​តែ​កក់​សក់​រាល់​ថ្ងៃ ព្រោះ​​ស្អុះ​ស្អាប់​ហើយ​បារម្ភ​ខ្លាច​ធំ​ក្លិន​លើ​គេ​ទៀត​។​ យ៉ាង​​ណា​មិញ​ ការ​ធ្វើ​បែប​នេះ ប្រៀប​បាន​ដូច​ជា​អ្នក​ កំពុង​ដុះ​ខាត់​ស្បែក​ក្បាល​មិន​លោះ​ពេល ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ក្បាល ប្រែ​ទៅ​ជា​ស្ងួត​ កើត​អង្គែ​ជា​ដើម​។ អ្នក​អាច​កក់​រំលង​១-២​ថ្ងៃ​ម្តង ទើប​មិន​បង្ក​បញ្ហា​។

៣. ងូត​ទឹក​លឿន​ពេក​

មនុស្ស​ស្រី​មួយ​ចំនួន ចូលចិត្ត​គេង​ស្ពឹក​ហើយ​ភ្ញាក់​ឡើង​ប្រញាប់​ប្រញាល់​ងូត​ទឹក​តែ​មួយ​ភ្លែត​ក៏​ហើយ​បាត់​ ទាំង​ពេល​ខ្លះ​​នៅ​មាន​ពពុះ​​សាប៊ូ​ជាប់​ស្បែក​នៅ​ឡើយ។ ពពុះ​សាប៊ូ​ទាំង​នោះ សុទ្ធ​សឹង​តែ​ជា​បណ្តុំ​នៃ​បាក់តេរី ដែល​អាច​បណ្តាល​ឲ្យ​ស្បែក​រោល​ រមាស់ និង​កើត​មុន​ដោយ​សារ​ ជាតិ​កខ្វក់​បាន​ទុំ​ជាប់​លើ​រន្ធ​ញើស។ គួរ​ចេះ​ប្រុង​ប្រយ័ត្ន​និង​ងូត​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​ស្អាត​ល្អ​។

៤. ប្រើ​ស្រ្កាប់​ខាត់​ស្បែក​​រាល់​ថ្ងៃ​

ឡេ​ឬ​សាប៊ុ​សម្រាប់​​ស្ក្រាប់​ មាន​តួនាទី​ដើម្បី​ដុស​ខាត់​ជម្រុះ​កោសិកា​ចាស់​ៗ​​ចេញ​ពី​ស្បែក​ពិត​មែន ប៉ុន្តែ​បើ​អ្នក​​ប្រើ​​រាល់​ថ្ងៃ​ពេក ក៏​មិន​ល្អ​ដែរ។​ វា​នឹង​បណ្តាល​ឲ្យ​ស្បែក​កាន់​តែ​ឡើង​ប្រេង ធ្វើ​ឲ្យ​បាក់​តេរី​និង​សារធាតុ​ពុល​ផ្សេងៗ​ងាយ​​នឹង​សម្រុក​ចូល​។​

៥. ប្រើ​សាប៊ូ​ដុស​ខ្លួន​មាន​ពពុះ​ច្រើន​

មនុស្ស​ជា​ច្រើន​​គិត​ថា សាប៊ូ​ដុស​ខ្លួន​ដែល​មាន​ពពុះ​ច្រើន អាច​ជួយ​សម្អាត​ជាតិ​កខ្វក់​​នៅ​លើ​ស្បែក​បាន​​​ស្អាត​ល្អ តាម​ការ​ពិត​​​សាប៊ូ​ប្រភេទ​នេះ ក៏​មាន​ផ្ទុក​សារធាតុ​គីមី​ច្រើន​ណាស់​ដែរ។ ហើយ​វា​នឹង​ចូល​ទៅ​បំផ្លាញ​​សំណើម​លលើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​ទៅ​ៗ។ គួរ​ជ្រើស​រើស​សាប៊ូ​ដុស​ខ្លួន​ណា ដែល​ស្រាល​ស្រទន់​ល្មម មិន​បែក​ពពុះ​ស្គុល​ខ្លាំង​ពេក​។

៦. ប្រើ​កន្សែង​ជូត​យូរ​ថ្ងៃ​

​ស្រី​ៗ​ដែល​​តែង​ប្រើ​កន្សែង​​ជូត​ជា​ប្រចាំ ហើយ​ខ្ជិល​បោក​គក់​នោះ គួរ​ប្រយ័ត្ន​ប្រយែង​ផង។ រាល់​ពេល​​ដែល​អ្នក​ជូត​មុខ​ឬ​ដង​ខ្លួន​ម្តង​ៗ កោសិកា​ងាប់ៗ​នៅ​​លើ​ស្បែក​ រួម​ទាំង​បាក់​តេរី​ផ្សេងៗ​តែង​មក​តោង​ស្អិត​ជាប់​នឹង​កន្សែង​។ ហេតុ​នេះ​ហើយ បើ​មិន​ចង់​ឲ្យ​បាក់​តេរី​ទាំង​នោះ​មក​ទុំ​ជាប់​ជាមួយ​ស្បែក​របស់​អ្នក​ម្តង​ទៀត គួរ​​យក​ទៅ​បោក​គក់​បន្ទាប់​​ប្រើ​បាន​ពី​ ២-៣​ដង​៕

ចុចអានបន្ត៖ តើអ្វីជាកូឡេស្តេរ៉ុល? តើវាមានគ្រោះថ្នាក់យ៉ាងណាចំពោះសុខភាពអ្នក?

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម