រៀនពូកែ អត្តចរិតល្អ ជម្រុញឲ្យនិស្សិតស្រីខ្មែរជាប់អាហារូបករណ៍ដ៏កម្រទៅបារាំង

  • 2019-08-13 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែន​ជា​រឿង​ស្រួល​ទេ​សម្រាប់​និស្សិត​ស្រី​ខ្មែរ​យើង ដែល​តែង​មាន​ក្ដី​ស្រមៃ ទម្រាំ​មាន​ឱកាស​សិក្សា​បន្ត​នៅ​បរទេស ជាពិសេស​ថ្នាក់​អាហារូបករណ៍​តាម​ជំនាញ​ផ្សេង​ៗ​គ្នា។

ក្នុង​បទ​សម្ភាស​មកកាន់ គេហទំព័រ កញ្ញា និស្សិត​ស្រី​ឆ្នើម​ម្នាក់​ ដែល​បាន​ទទួល​អាហារូបករណ៍ នៅ​សិក្សា​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប ជំនាញ​ឱសថ​សាស្ត្រ​បាន​ប្រាប់​ពី​គន្លឹះ​ខ្លីៗ និង​អត្ថប្រយោជន៍​នៃ​ការ​បន្ត​ថ្នាក់​អនុបណ្ឌិត​នៅ​ប្រទេស​បារាំង​។

កញ្ញា ផល ដាណេ មាន​ស្រុកកំណើត​នៅ​បាត់ដំបង​ និង​ជា​និស្សិត​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​កាល​ពី​ឆ្នាំ​ ២០១៧ ផ្នែក​ឱសថសាស្ត្រ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​កម្ពុជា។ សព្វថ្ងៃ​ខ្លួន​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​​អនុបណ្ឌិត​នៅ​ប្រទេស​បារាំង។

រំលឹក​ទៅ​អតីតកាល ផល ដាណេ គឺ​ជា​សិស្ស​ស្រី​រៀន​ពូកែ​តាំងពី​តូច​ និង​មាន​ការ​តស៊ូ​ស្វិតស្វាញ រហូត​ទទួល​បាន​អាហារូបករណ៍​ដ៏​កម្រ​ ពោល​គឺ​ក្នុង​ឆ្នាំ​សិក្សា​២០១៨ មាន​តែ​កញ្ញា​ម្នាក់​គត់​ពី​កម្ពុជា ដែល​បាន​ទៅ​រៀន​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ឱសថ​នៅ​ប្រទេស​បារាំង។

អ្វី​ដែល​កាន់​តែ​ពិសេស ​ឱកាស​អាហារូបករណ៍​នេះ​ផ្ដល់​ឲ្យ​ពីរដ្ឋាភិបាល​បារាំង​ ​គឺ​សម្រាប់​និស្សិត​កម្ពុជា​ដែល​ផ្ដោត​ពិសេស និង​ទាមទារ​ឲ្យ​និស្សិត​ទាំង​នេះ​ មាន​ពិន្ទុ​ប្រចាំ​ឆ្នាំ​ខ្ពស់ ឬ​ហៅថា (GPA)។ ក្រៅ​ពី​នេះ​និស្សិត​ដែល​អាច​ទទួល​បាន​ក៏​ត្រូវ​មាន​អត្តចរិត​ល្អ ចំណេះដឹង​ទូទៅ​ទូលំទូលាយ រួម​និង​ចំណេះដឹង​ភាសា​បារាំង​ខ្ពស់ ​ដែល​ឆ្លង​កាត់​ការ​ប្រឡង​សមត្ថភាព ទៅ​តាម​ដំណាក់កាល​នីមួយៗ។

បច្ចុប្បន្ន និស្សិត​ស្រី​ខ្មែរ​រូប​នេះ កំពុង​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត តាម​រយៈ​អាហារូបករណ៍ នៅ​សកលវិទ្យាល័យ (University of Aix-Marseille) ក្នុង​ប្រទេស​បារាំង ​ផ្នែក​ឱសថ​ និង​ផលិតផល​សុខាភិបាល​ ផ្ដោត​សំខាន់​ទៅលើ​ផលិតផល​ប្រើប្រាស់​នៅ​លើ​ស្បែក។

ក្រៅ​ពី​​បំពេញ​ក្ដី​ស្រមៃ​រៀន​ជំនាញ​ ដែល​ខ្លួន​ស្រឡាញ់ យុវតី​រូប​នេះ​បាន​ប្រាប់​ពី​អត្ថប្រយោជន៍​ជាច្រើន​ អំឡុង​ពេល​សិក្សា​នៅ​ប្រទេស​បារាំង​ និង​ជា​គន្លឹះ​ល្អ​ៗ សម្រាប់​និស្សិត​ដែល​មាន​បំណង​ទៅ​រៀន​នៅ​ទីនេះ​ត្រូវ​ដឹង​មាន​៥ចំណុច៖

១. យល់​ដឹង​ពី​ប្រព័ន្ធ​អប់រំ​ផ្នែក​សុខាភិបាល​នៅ​បារាំង

ចំណុច​ដែល​បេក្ខជន​ត្រូវ​ដឹង គឺ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​បារាំង​មិន​មាន​សាលា​ឯកជន​ឡើយ មាន​តែ​សាលា​រដ្ឋ​តែ​ប៉ុណ្ណោះ។ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​មុខ​ជំនាញ​ឱសថ ​គឺ​ត្រូវ​សិក្សា​រយះ​ពេល​៦​ឆ្នាំ ដោយ​នៅ​ឆ្នាំ​ទី ៥ និង ៦ គ្រូ​នឹង​ឲ្យ​សិស្ស​រើស​​មុខជំនាញ​ឲ្យ​កាន់​តែ​ច្បាស់លាស់​ សម្រាប់​អ្នក​ដែល​មាន​បំណង​ចូល​ធ្វើការ​នៅ​តាម​ឱសថ​ស្ថាន ​ឬ​ធ្វើការ​នៅ​គ្លីនិក​ឯកជន។ មួយ​វិញ​ទៀត​ក៏​អាច​មាន​ជំនាញ និង​អាច​ចេញ​ធ្វើការ​នៅ​តាម​ពេទ្យ​រដ្ឋ ឬ​ធ្វើការ​នៅ​តាម​មន្ទីរ​ពិសោធន៍ និង​រោងចក្រ​ផលិត​ថ្នាំ​ផង​ដែរ។

២. ការ​ប្រាស្រ័យ​ទាក់ទង

​វា​មាន​ប្រយោជន៍​ណាស់​ក្នុង​ការទាក់ទង ព្រោះ​បើ​យើង​មក​រៀន​ស្ងាត់​ឈឹង​មិន​មាន​ទំនាក់​ទំនង​ជាមួយ​គ្រូ និង សិស្ស​អន្តរជាតិ​ជាមួយគ្នា​នោះ​ យើង​អាច​ដាច់​ទំនាក់ទំនង​ជាមួយ​គេ​និង​សង្គម។ ក្រៅ​ពី​ការ​សិក្សា ការ​ចេះ​សួរនាំ​ អាច​​ធ្វើឲ្យ​យើង​យល់​ដឹង​ពី​គ្នា​ ក៏ដូចជា​ការប្រើប្រាស់​ភាសា​បារាំង​ច្រើន​កាន់​តែ​ឆាប់​រហ័ស។

៣. ចែក​រំលែក​វប្បធម៌

ចំណុច​នេះ​កញ្ញា ​ដាណេ បាន​ប្រាប់​ថា បើ​ត្រឹម​តែ​ប្រាប់​ថា​​ខ្លួន​ជា​និស្សិត​មក​ពី​ប្រទេស​កម្ពុជា​គឺ​ប្រហែល​មិន​សូវ​មាន​អ្នក​ស្គាល់​ទេ។ ការ​ចែក​រំលែក​វប្បធម៌​​ដែល​ឆ្លាត​វៃ គឺ​និស្សិត​ស្រី​រូប​នេះ ​បាន​ប្រាប់​គេ​ថា នាង​មក​ពី​ប្រទេស​មួយ​ដែល​មាន​អង្គរវត្ត គឺ​ហៅថា​ឈ្មោះ​ប្រទេស​កម្ពុជា ពោល​គឺ​គ្រប់​ៗ​គ្នា​សុទ្ធ​តែ​ស្គាល់។

ដូច្នេះ​មិនថា​មាន​កម្មវិធី​សាលា​ នាង​តែង​នាំ​យក​ប្រពៃណី សិល្បៈ ភាសា​របស់​ខ្មែរ​យើង​ ចែករំលែក​ទៅវិញ​​ឲ្យ​និស្សិត​បរទេស​កាន់​តែ​ស្គាល់​ច្រើន​ពី​ខ្មែរ។

​៤. ការ​សម្រប​ខ្លួន​ឲ្យ​កាន់​តែ​លឿន

ការ​រស់​នៅ ចំណី​អាហារ​ គឺ​ជា​កត្តា​សំខាន់​ខ្លាំង​ពេល​ទៅ​បរទេស​ ពិសេស​ទម្លាប់​នៃ​ការ​រស់​សម្រប​ខ្លួន​ទៅ នឹង​អាហារ​តាមតំបន់។ អ្វីៗ​គឺ​ត្រូវ​មាន​ការ​រៀបចំ​ទុក​មុន​។ ឧទាហរណ៍ នៅ​ទី​នេះ​ប្រសិនបើ​យើង​ចង់​បាន​អ្វី​មួយភ្លាមៗ​ គឺ​ថ្លៃ ម្ល៉ោះហើយធ្វើ​អី​ត្រូវ​កក់​មុន ដូចជា​សំបុត្រ​ឡាន យន្តហោះ មុន​មាន​គម្រោង​ហោះហើរ ​ទៅ​ធ្វើការ ឬ​ដើរលេង។ រីឯ​អាកាស​ធាតុ​វិញ នៅ​ទីនេះ​មាន ៤​រដូវ ហើយ​មិន​មាន​រដូវ​ប្រាំង​ រដូវវស្សា​ដូច​យើង​ទេ ដូចនេះមុន​ទៅ​ណា​គេ​មើល​ឧតុនិយម​ ហើយ​ឧតុនិយម​នៅ​ទី​នេះ​គឺ​ច្បាស់​ណាស់។

៥. ​ទទួល​បាន​សេវាកម្ម​សុខភាព​ជាច្រើន​យ៉ាង

សេវា​សុខភាព​ គឺ​មាន​សិទ្ធិ​ស្មើគ្នា​ទាំង​ស្រី​ ទាំង​ប្រុស ចាស់​ក្មេង ទៅ​ពេទ្យ​រដ្ឋ​មិន​អស់​លុយ​ទេ។ ​ដោយ​យើង​គ្រាន់​តែ​មាន​កាត​ វីតាល់​ (ហៅ​តាម​ភាសា​បារាំង) ដើម្បី​បង្ហាញ​គេ​ពី​ព័ត៌មាន​​ក្នុង​នាម​ជា​អ្នកជំងឺ។

មួយវិញទៀត បើ​យើង​ឈឺ​តិចតួច​ យើង​ត្រូវ​មាន​គ្រូ​ពេទ្យ​ផ្ទាល់​ខ្លួន​សម្រាប់​ប្រឹក្សា​យោបល់ ហើយ​រឹតតែ​ពិសេស​ពី​លើ​បណ្ណ​សុខភាព​នោះ យើង​នឹង​ទទួល​បាន​ប្រាក់​មកវិញ​ពេល​ដែល​យើង​ទិញ​ថ្នាំ​ដោយ​រដ្ឋ​ជាអ្នក​ផ្តល់​ជូន​លុយ​របស់​យើង​មក​វិញ។

រូបថតទាំងអស់ផ្តល់ឲ្យដោយ៖ កញ្ញា ផល ដាណេ

ចុចអាន៖ ​​ នាវ នារីបញ្ចពិសី ស្រ្តីកម្ពុជាដំបូងឆ្លងកាត់ភ្នំអាល់វែងជាងគេនៅតំបន់អឺរ៉ុបដោយម៉ូតូ

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម