៤ វិធីងាយៗ ជួយឲ្យក្រចកដុះស្អាតរឹងមាំ មានសុខភាពល្អ
- 2019-08-20 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធីងាយៗ ជួយឲ្យក្រចកដុះស្អាតរឹងមាំ មានសុខភាពល្អ
សម័យនេះ មិនមែនត្រឹមនិយមលេងតែម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះទេ សូម្បីតែក្រចកដៃ ក៏ផ្លាស់ប្តូរពណ៌ឬម៉ូដផ្សេងៗជាញឹកញាប់។ សារធាតុគីមីក្នុងថ្នាំក្រចក ជាហេតុបណ្តាលឲ្យក្រចកប្រែក្លាយជាលឿង ស្លេក ឆាប់ផុយបាក់មិនរឹងមាំ។ ហេតុនេះហើយ ថ្ងៃនេះវេសាយ "កញ្ញា” សូមបង្ហាញពីវិធីងាយៗ ដើម្បីជួយការពារនិងធ្វើឲ្យក្រចកស្អាត មានសុខភាពល្អឡើងវិញ។
១. ត្រាំទឹកក្រូចឆ្មារ
ដំបូងគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ ដាក់ចូលក្នុងចានចង្កឹះ ហើយយកក្រចកទៅត្រាំ ឲ្យបានប្រហែល១០នាទី ចាំលាងទឹកចេញ។ មិនត្រូវត្រាំយូរពេកទេ ព្រោះក្នុងទឹកក្រូចឆ្មារសម្បូរជាតិអាស៊ីដ។ បន្ទាប់មកត្រូវលាបឡេ ឬគ្រីមសម្រាប់លាបប្រអប់ដៃ ដើម្បីជួយឲ្យស្បែកដៃទន់មានសំណើម។ វិធីនេះ អាចធ្វើឲ្យក្រចកដុះបានល្អ និងការពាររឹងមាំ។
២. ប្រេងដូង
អ្នកអាចប្រើប្រេងដូងលាបម៉ាស្សាថ្នមៗទាំងលើប្រអប់ដៃនិងក្រចកដៃ។ ប្រេងដូង អាចជួយឲ្យក្រចករឹង ជម្រុះកោសិកាចាស់ៗ ជាពិសេសស្បែកដែករឹងៗនៅជុំវិញក្រចក។
៣. ប៉េងប៉ោះ
ធ្វើជាម្ហូបក៏បាន ថែមទាំងអាចជួយថែរក្សាក្រចកទៀត ព្រោះក្នុងផ្លែប៉េងប៉ោះ មានវីតាមីន A វីតាមីន C និងបាយអូទីន (biotin) ធ្វើឲ្យក្រចករឹង។ វិធីងាយៗគ្រាន់តែយកទឹកប៉េងប៉ោះទៅលាយជាមួយប្រេងអូលីវ ហើយដាក់ត្រាំក្រចកឲ្យបានប្រហែល១០នាទី ទើបលាងទឹកចេញជាការស្រេច។
៤. ស្រាបៀ
មិនមែនយកទៅផឹកទេណា កុំច្រឡំ។ ដើម្បីធ្វើឲ្យក្រចករឹងស្អាត ត្រូវចាក់ស្រាបៀប្រមាណកន្លះកូនចានចង្កិះ ដាក់ប្រេងអូលីវចូលបន្តិច បន្ថែមទឹកខ្មេះបន្តិច ហើយត្រាំក្រចកពី១០-១៥ នាទី ទើបលាងទឹកចេញ។ គួរធ្វើឲ្យបាន១-២ដង ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។
ចុចអានបន្ត៖ អាថ៌កំបាំងពិសេសធ្វើឲ្យចិញ្ចើមដុះក្រាស់ដូចធម្មជាតិពីខ្ទឹមក្រហមនិងខ្ញី