៩ ជំហាននាំអ្នកឲ្យស្គាល់ "ក្តីសុខ" ច្រើន​ជាង​ទុក្ខ

  • 2019-08-12 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ម្នាក់​ៗ​កើត​មក​​តែង​ចង់​ស្គាល់ ក្តី​សុខ ច្រើន​ជាង​ ក្តី​ទុក្ខ ប៉ុន្តែ​គួរ​​ធ្វើ​បែប​​ណា​ទៅ​ ទើប​អាច​ឈាន​ទៅ​ដល់​ចំណុច​​នោះ។ អាន​​ជំហាន​ទាំង ៩ ខាង​ក្រោម​នេះ យឺត​ៗ​ និង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​អនុវត្ត​ហ្វឹក​ហាត់​ចិត្ត​គំនិត ចាប់​ពី​ពេល​នេះ​ត​ទៅ​។

ជំហាន​ទី​១

ផ្តោត​សំខាន់​​លើ​កិច្ច​ការ​​ណា ដែល​ចាំ​បាច់​មុន​គេ​បង្អស់ ប្រសើរ​ជាង ធ្វើ​រឿង​ច្រើន​យ៉ាង​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​​ចុង​ក្រោយ​យក​ជា​ការ​មិន​​បាន​គ្រប់​មុខ​។

ជំហាន​ទី​២

ដើរ​សន្សឹម​ៗ នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ ត្រូវ​​ចេះ​ត្រិះរិះ​ពិចារណា ថ្លឹងថ្លែង​ពី​​សកម្មភាព​​ អូស​ទាញ​ខ្លួន​ឯង​​ឲ្យ​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្នកាល ទើប​អាច​ការពារ​ខ្លួន​ មិន​ឲ្យ​ដើរ​ថយ​ក្រោយ​វិញ​បាន។

ជំហាន​ទី​៣

ទុក​ទូរសព្ទ​រួម​ទាំង​ឧបករណ៍​អេឡិចត្រូនិក​ទំនើប​ផ្សេងៗ នៅ​មួយ​ឡែក​សិន ប្រសិន​បើ​អ្នក​ចង់​​​សម្រាក​លំហែ​កាយ​ឲ្យ​ស្រឡះ​ខួរក្បាល និង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ពិត​ប្រាកដ ដោយ​មិន​ខ្វល់​ពី​បណ្តាញ​សង្គម​មួយ​រយៈ។

ជំហាន​ទី​៤

បង្ហាញ​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់ ព្រួយ​បារម្ភ ពី​ក្រុម​គ្រួសារ មិត្ត​ភ័ក្តិ និង​មនុស្ស​គ្រប់​គ្នា​នៅ​ជុំ​វិញ​ខ្លួន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ទំនាក់​ទំនង​កាន់​តែ​ល្អ​ជាមួយ​ពួកគេ និង​រស់​នៅ​ប្រកប​ដោយ​ភាព​កក់​ក្តៅ ខ្វល់​ខ្វាយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

ជំហាន​ទី​៥

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន ចំណុច​អាក្រក់​គួរ​តែ​បោះ​ចោល​ឲ្យ​អស់។ ពេល​ទំនេរ​កុំ​សំងំ​គេង​តែ​នៅ​ក្នុង​បន្ទប់ ដើរ​ចេញ​ក្រៅ​​ផ្ទះ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ជិះ​កង់ ហែល​ទឹក ឬ​ធ្វើ​រឿង​ផ្សេងៗ ដែល​​អាច​នាំ​ឲ្យ​អ្នក​បន្ធូរ​អារម្មណ៍​បាន​។

ជំហាន​ទី​៦

ពេល​ញ៉ាំ​អាហារ ត្រូវ​ទំពា​មួយៗ ដើម្បី​ដឹង​ពី​រសជាតិ មិន​មែន​ប្រឹង​​ញាត់​ចូល​មាត់​ ឲ្យ​តែ​ពេញ​ៗ​ពោះ គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​នោះ​ទេ​។ ធ្វើ​បែប​នេះ​ពិត​ជា​បំផ្លាញ​​សុខភាព ជាពិសេស​គឺ​ប្រព័ន្ធ​រំលាយ​អាហារ។

ជំហាន​ទី​៧

ពេល​បើក​បរ​ឬ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ត្រូវ​បន្ថយ​ល្បឿន និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​បញ្ចៀស​ពី​គ្រោះ​ថ្នាក់​ចៃដន្យ​​ណា​មួយ ដោយ​សារ​តែ​ការ​ធ្វេសប្រហែស អារម្មណ៍​មិន​មូល​។

ជំហាន​ទី​៨

សប្បាយ​រីករាយ នឹង​រឿង​តូច​តាច​​ដែល​អ្នក​​កំពុង​ធ្វើ របស់​ដែល​អ្នក​​មាន ប៉ុន្តែ​កុំ​ភ្លេច​ព្យាយាម​បោះ​ជំហាន​ទៅ​មុខ ជាមួយ​នឹង​ក្តី​សង្ឃឹម​និង​ស្នាម​ញញឹម​។

ជំហាន​ទី​៩

កាត់​បន្ថយ​ភាព​ស្រ្តេស ដោយ​ការ​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ ដើម្បី​ឲ្យ​សួត​​អាច​ស្រូប​យក​ខ្យល់​គ្រប់គ្រាន់ ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្បើយ និង​រាង​កាយ​ធូរ​ស្រាល​ មិន​តាន​តឹង​ខ្លាំង​ពេក​៕​​

ចុចអានបន្ត៖ នៅ​​ម្នាក់​ឯង​​​​ក៏​មិន​ឯកា​​​​​ដែរ ឲ្យ​​តែ​​​​​ចេះ​​វិធី​ទាំង​​នេះ

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម