រៀនបើកចិត្តទទួលយក ព្រោះជីវិតត្រូវមានគ្រប់រសជាតិបែបនេះ

  • 2019-08-12 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជា​ម្ចាស់​របស់​ជី​វិត​ខ្លួន​ឯង ដូច្នេះ​គួរ​រៀន​ស្រប​តាម​សេចក្ដី​ប្រាថ្នា​និង​ក្តី​សុបិន​របស់​ខ្លួន​ឯង។ ជួន​កាល​រឿង​តែ​មួយ តែ​អ្នក​ខ្លះ​អាច​ទទួល​យក​បាន ខ្លះ​មិន​អាច​។

ជាក់​ស្ដែង​ដូច​​ជា​ មេឃ​ក្ដៅ​​ហែង​រាល់​ថ្ងៃ តែ​ថ្ងៃ​នេះ​ស្រាប់​បង្អុរ​ភ្លៀង​ជោគ​ជាំ។ កសិករ​សប្បាយ​ចិត្ត​ព្រោះ​​អាច​ស្រោច​ស្រព​ដំណាំ ដែល​ធ្លាប់​តែ​ដី​​ប្រេះ​ក្រហែង។ ប៉ុន្តែ​អ្នក​នៅ​ទី​ក្រុង​កំពុង​ជិះ​កង់​ម៉ូតូ អត់​សប្បាយ​ចិត្ត​ឡើយ​ព្រោះ​ធ្វើ​ឲ្យ​គេ​សើម​ជោគ​ពេល​ជិះ​តាម​ផ្លូវ។ ចំណែក​ពេល​យប់​​ពេញ​បូរមី ​ព្រះ​ច័ន្ធ​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច នេះ​ជា​វេលា​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​​ដេញ​ពិន​តែង​កំណាព្យ។ ​តែ​សម្រាប់​ក្រុម​ចោរ​​​វិញ មិន​ចូលចិត្ត​ឡើយ ព្រោះ​មេឃ​ភ្លឺ​ដូច​បើក​អំពូល​ពេក ​គេ​មិន​អាច​លួច​អ្វី​បាន​។

​សូម្បី​តែ​ព្រះ​អាទិត្យ​និង​ព្រះ​ច័ន្ទ ​​​​ត្រូវ​គេ​ចាត់​ទុក​ជា​របស់​សំខាន់​មិន​អាច​ខ្វះ​បាន​​សម្រាប់​​ផែន​ដី​នេះ ក៏​​នៅ​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន ​​នៅ​មាន​អ្នក​ខ្លះ​សប្បាយ​ចិត្ត ​ខ្លះ​ស្អប់​មិន​ចូល​ចិត្ត។ ចុះ​ទម្រាំ​យើង​គ្រាន់​ជា​មនុស្ស​សាមញ្ញ​ម្នាក់ ​ធ្វើ​ម៉េច​​អាច​គេច​ផុត​ពី​ការ​តិះ​ទៀន​របស់​គេ​បាន។

ជីវិត​របស់​មនុស្ស​តែង​ជួប​រឿង​ខ្លះ​ល្អ ​ខ្លះ​អាក្រក់ ​​ត្រូវ​រៀន​ចេះ​សម្រាល​ទុក្ខ​ចេញ​ពី​ខ្លួន​ឯង​ ។​​​​ ​នៅ​ពេល​ដែល​អ្នក​អស់​កម្លាំង​តែល​តោល ​គង់​តែ​មាន​របង​ដ៏​កក់​ក្ដៅ​មួយ​​ជា​របាំង។ ​នៅ​ពេល​អ្នក​ស្រេក​ទឹក ​គង់​តែ​ប្រទះ​ឃើញ​ទឹក​ជ្រោះ​ធ្លាក់​ពី​លើ​​ភ្នំ។ នៅ​ពេល​អ្នក​រងា គង់​តែ​​ជួប​ចង្ក្រាន​កម្ដៅ​មួយ​មិន​ខាន។ ​​​ ​​​​ ​ សម្រាប់​ជីវិត​របស់​អ្នក​វិញ ​មនុស្ស​ដែល​មាន​ឥទ្ធិពល​បំ​ផុត​គឺ​ជា​ខ្លួន​អ្នក។​ មនុស្ស​ដែល​អាច​សម្រេច​ចិត្ត​ថា អ្នក​គួរ​តែ​​រីក​រាយ​ ឬ​ឈឺ​ចាប់ ​ក៏​ជា​អ្នក​ដ​ដែរ។ ​បើ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ទេ គ្មាន​រឿង​អ្វី​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ឬ​កើត​ទុក្ខ​បាន​​ឡើយ។

ម្ល៉ោះ​ហើយ ​គ្មាន​អ្នក​ណា​អាច​ទាញ​សុភមង្គល​ចេញ​ពី​អ្នក​បាន​ទេ ។ ​​អ្នក​ដែល​អាច​យក​ស្នាម​ញញឹម​របស់​អ្នក​បាន មាន​តែ​អ្នក​ម្នាក់​ប៉ុណ្ណោះ ព្រោះ​អ្នក​ព្រម​ឲ្យ​វា​ទៅ​អ្នក​ដទៃ​។ ត្រូវ​ចាំ​ថា​ អ្នក​មិន​អាច​ឃាត់​ទឹក​ជំនន់​បាន​ឡើយ ​តែ​អ្នក​អាច​សង់​ទូក​ប្រណីត​មួយ​ជិះ​បណ្ដែត​លេង​តាម​ផ្ទៃ​ទឹក យ៉ាង​សប្បាយ​រីក​រាយ៕

ចុចអាន៖ ​​ ចង់បានសុភមង្គលសម្រាប់ជីវិតខ្លួនឯង លុះត្រាទម្លាប់គិតអ្វីមិនស្មុគស្មាញ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម