វិធីលត់ដំចិត្ត ឲ្យចេះស្កប់ស្កល់ មិនច្រណែនពេលឃើញអ្នកដទៃល្អជាង

  • 2019-07-31 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ងាក​មើល​ទៅ​មនុស្ស​ជុំវិញ​​ខ្លួន​ ឃើញ​សុទ្ធ​តែ​អ្នក​ដែល​ល្អ​ជាង​ខ្ញុំ គេ​មាន​លុយ​ទិញ​របស់​ទំនើប​ប្រើ មាន​ប្រាក់​ខែ​ខ្ពស់ មាន​ជំនួញ​កាន់​ក្នុង​ដៃ​ទាំង​វ័យ​ក្មេង ឯ​ខ្ញុំ​វិញ​ហាក់​បី​ដូច​ជា​អន់​ដល់​ហើយ។

ពេល​ខ្លះ​ខ្ញុំ​ព្យាយាម​មិន​ចង់​គិត​ប្រៀបធៀប​បែប​នេះ​ឡើយ ប៉ុន្តែ​មាន​កូន​ចិត្ត​មួយ​ ចេះ​តែ​លួច​ច្រណែន​តូច​ចិត្ត​មិន​ស្កប់​ស្កល់​​ ពេល​ឃើញ​ជីវិត​អ្នក​ដទៃ​ នៅ​លើ​ចំណុច​ខ្ពស់​ជាង​ខ្លួន​។ យូរ​ៗ​ទៅ​ វា​កាន់​តែ​ធ្វើ​ឲ្យ​ខួរក្បាល ច្របូកច្របល់​ស្មុគស្មាញ ហើយ​កាន់​តែ​មិន​ពេញ​ចិត្ត​នូវ​​អ្វី​ដែល​កំពុង​មាន​សព្វ​ថ្ងៃ ទោះ​បី​ជា​គ្រប់​គ្រាន់​ល្មម​ហើយ​ក៏​ដោយ​។

តាម​ការ​សិក្សា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​​​របស់​​ចិត្តវិទូ​ ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​មួយ​នេះ​​គឺ​សាមញ្ញ​បំផុត។ ដំបូង​បង្អស់ អ្នក​ត្រូវ​តែ​ដក​ឫស​គល់​នៃ​ភាព​ច្រណែន​ ដែល​ដក់​ជាប់​ក្នុង​ខួរក្បាល​​មក​​ជា​យូរ ដោយ​ឈប់​គិត​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត បំបាត់​ភាព​លោភលន់ ខឹង និង​ការ​​ឈ្លក់​វង្វេង​​ហួស​ប្រមាណ។ បើ​​ចេះ​តែ​បណ្តោយ​ ចិត្ត​ច្រណែន​នឹង​កាន់​តែ​ចាក់​ឫស​ជ្រៅ​ទៅ​ៗ ធ្វើ​ឲ្យ​អ្នក​មិន​អាច​បន្ត​ដំណើរ​បាន​វែង​ឆ្ងាយ ដោយ​សារ​រវល់​តែ​ខ្វល់​ខ្វាយ​ពី​រឿង​​គេ​ខ្លាំង​ពេក។

បើ​មាន​នរណា​ធ្វើ​អ្វី​មួយ​ឲ្យ​អ្នក​ឈឺចាប់ ត្រូវ​បង្វិល​ខួរក្បាល​ ទៅ​គិត​រឿង​ផ្សេង ដែល​មិន​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក។ កុំ​គិត​ច្រើន​ នាំ​ឲ្យ​ខ្លួន​ឯង​ រឹត​តែ​ហ្មងសៅ​លើស​ដើម។ គ្រប់​យ៉ាង​ស្ថិត​នៅ​លើ​ចិត្ត​គំនិត​របស់​អ្នក​​។ ពេល​អ្នក​អាច​គ្រប់​គ្រង​វា ឲ្យ​ល្អ​ត្រឹម​ត្រូវ​ ក្តី​សុខ​ ភាព​ស្កប់ស្កល់ សុភមង្គល នឹង​កើត​ឡើង​​ឯង​ៗ ដោយ​ពុំ​ចាំ​បាច់ ហត់​ទាំង​កាយ​ហត់​ទាំង​ចិត្ត​ ស្ទើរ​អស់​ខ្យល់​ម្តងៗ។

ព្យាយាម​បង្រៀន​បេះដូង ឲ្យ​ចេះ​ទទួល​ស្គាល់​​នូវ​ការ​​ខិត​ខំ​​ប្រឹង​ប្រែង​ ដោយ​​សមត្ថភាព​ផ្ទាល់​ខ្លួន ហើយ​កុំ​ពូកែ​​​ប្រៀប​ធៀប ជាមួយ​នឹង​អ្នក​ផ្សេង​ដែល​ល្អ​លើស​​លប់​ជាង​ខ្លួន​​ខ្លាំង​ពេក ព្រោះ​វា​នាំ​ឲ្យ​ចិត្ត​វិលវល់​។ អ្នក​ដើរ​ផ្លូវ​របស់​អ្នក គេ​ដើរ​ផ្លូវ​​របស់​គេ ហើយ​ចំណុច​ល្អ​​ក៏​មាន​ខុស​ៗ​គ្នា​ដែរ​៕

ចុចអានបន្ត៖ ខ្ញុំ​ស្ងប់ស្ងាត់​មិន​និយាយ​ មិន​មែន​​មាន​ន័យ​ថា​ល្ងង់​នោះ​ទេ តែ​ជា​ការ​ផ្ដល់​តម្លៃ​ឲ្យ​អ្នក

អត្ថបទ៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម