ធ្វើការកុំគិតតែពីប្រាក់ខែ អនុវត្ត ៦ ជំហាននេះ ដើម្បីជោគជ័យធំទៅថ្ងៃមុខ

  • 2019-07-30 04:35:00
  • ចំនួនមតិ 13 | ចំនួនចែករំលែក 103

តើ​អ្នក​​ធ្លាប់​មាន​អារម្មណ៍​ថា​ធុញ​ដែរ​ទេ ឲ្យ​តែ​ពេល​ភ្ញាក់​បើក​ភ្នែក​ឡើង ដល់​ម៉ោង​ត្រូវ​ទៅ​ធ្វើ​ការ​ឲ្យ​គេ​ទៀត​ហើយ? អ្នក​អាច​នឹង​​គិត​ថា ស៊ី​ប្រាក់​ខែ​ពី​គេ​មិន​ដឹង​ថ្ងៃ​​ណា ទើប​ក្លាយ​​ជា​អ្នក​មាន​បាន​នោះ​ទេ។

បើ​នៅប្រកាន់​គំនិត​អវិជ្ជមាន​បែប​នេះ ទោះ​​ចង់​ធ្វើ​អ្វី​​ផ្សេង​ក៏​​មិន​ងាយ​ឈាន​ទៅ​ដល់​គោលដៅ​​ដែរ។ មុន​ពេល​អាច​មាន​របស់​ធំ​កាន់​ក្នុង​ដៃ លុះ​ត្រា​តែ​អ្នក​ឆ្លង​កាត់​ចំណុច​តូច​ៗ​ជា​ច្រើន​សិន។

រឿង​មុខ​តំណែង ប្រាក់​ខែ មិន​មែន​មិន​សំខាន់​ទេ ប៉ុន្តែ​ត្រូវ​បែងចែក​ទុក​មួយ​ឡែក​សិន ហើយ​ងាក​មក​ផ្តោត​លើ​លទ្ធផល​​ការងារ ដើម្បី​ឲ្យ​​ប្រាកដ​ថា អ្នក​អាច​សម្រេច​ដល់​គោល​ដៅ​ដែល​បាន​​គ្រោង​ទុក​។

មិន​ខ្វះ​ទេ​មនុស្ស​ជោគជ័យ ដែល​​ធ្លាប់​ឆ្លង​កាត់​​បទពិសោធន៍​ធ្វើ​ការ​ឲ្យ​គេ​ រហូត​ទទួល​បាន​ផ្លែ​ផ្កា មាន​មុខ​មាត់​​និង​កិត្តិយស​គួរ​ឲ្យ​យក​គំរូ​តាម។ មនុស្ស​ប្រភេទ​នេះ​ មិន​មែន​ប្រើ​ចំណេះ​ដឹង​តែ​មួយ​មុខ​ឡើយ​លើ​ការងារ ប៉ុន្តែ​មាន​គន្លឹះ​សំខាន់ៗ​ផ្សេង​ទៀត​ ទម្រាំ​អាច​​ទទួល​បាន​​ជោគជ័យ​ធំ​​នៅ​ក្នុង​ដៃ។

១. រីករាយ​នឹង​ធ្វើ​ការងារ រហូត​ដល់​ចប់​រួច​រាល់

ជំនួស​ឲ្យ​ការ​ស្រ្តេស អ្នក​គួរ​រីករាយ​ ធ្វើ​ការ​​ឲ្យ​អស់​ពី​ចិត្ត ពោរពេញ​ដោយ​ថាមពល ទើប​ការងារ​អាច​ដើរ​រលូន​ទៅ​មុខ។ ធ្វើ​ការ​​ ៨ ម៉ោង​រាល់​ថ្ងៃ អ្នក​អាច​នឹង​ឆាប់​ធុញ​ទ្រាន់ គ្មាន​អារម្មណ៍​រក​នឹក​អ្វី​ថ្មីៗ ដូច្នេះ​ហើយ​គួរ​ចេះ​វិធី​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។ ត្រូវ​មាន​ក្តី​សង្ឃឹម​ជានិច្ច​ ​ហើយ​​គិត​ថា​ការងារ​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក។ ពេល​ជួប​បញ្ហា​ កុំ​ព្យាយាម​​គេចវេះ​ ត្រូវ​តែ​ហ៊ាន​ប្រឈម​និង​រក​វិធី​ដោះ​ស្រាយ ទើប​ហៅ​ថា​​ជា​មនុស្ស​ខ្លាំង មោះមុត​ជាមួយ​ការងារ។

២. មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ

ក្រៅ​ពី​​ភាព​រីករាយ​​ជាមួយ​នឹង​ការងារ​​ប្រចាំ​ថ្ងៃ​ហើយ ចំណុច​សំខាន់​មិន​អាច​ខ្វះ​បាន​ គឺ​ការ​តាំង​ចិត្ត ផ្លាស់ប្តូរ​មតិ​យោបល់​ល្អ​​ជាមួយ​មិត្ត​រួម​ការងារ និង​​​ចេះ​បង្កើត​គំនិត​ថ្មីៗ​ ដើម្បី​ឲ្យ​ការងារ​រីកចម្រើន។ ស្វាគមន៍​​រាល់​ឧបសគ្គ​ទាំង​ឡាយ ដែល​កើត​មាន​ចំពោះ​មុខ ហើយ​ខិត​ខំ​​តតាំង​ជាមួយ​វា​ឲ្យ​ដល់​ទី​បំផុត។ នៅ​ពេល​អាច​ធ្វើ​បាន នេះ​ហើយ​ជា​ចំណុច​អស្ចារ្យ​របស់​អ្នក។

៣. មាន​ភាព​អំណត់​​តស៊ូ ចង់​ចេះ​ចង់​ដឹង​បន្ថែម

ទោះ​​បី​ជា​​ពេល​ខ្លះ ការងារ​ពិត​ជា​​លំបាក​​បន្តិច​មែន ប៉ុន្តែ​​​​ត្រូវ​មាន​​ភាព​អំណត់​​តស៊ូ មិន​បោះបង់​ចោល​ដាច់​ខាត។ ការងារ​ប្រៀប​បាន​ជា​បទពិសោធន៍​​ដល់​ល្អ​សម្រាប់​ជីវិត និង​ជា​ការអនុវត្ត​ជាក់​​​ស្តែង លើស​ពី​អ្វី​​ដែល​ជាមេរៀន​នៅ​ក្នុង​សាលា​។ យ៉ាង​ណា​មិញ កុំ​​សំងំ​ធ្វើ​​ការ​ដដែល​ៗ​យូរ​ខ្លាំង​​ពេក គួរ​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ បាន​ប្រឡូក​គ្រប់​ជ្រុង​ ដើម្បី​​អាច​ស្គាល់​​និង​រៀន​សូត្រ​​នូវ​អ្វី​ដែល​ថ្មី​។

៤. កុំ​ស្រ្តេស​ពេក ហើយ​ត្រូវ​ចេះ​​កំណត់​​គោលដៅ​ឲ្យ​បាន​ច្បាស់​លាស់

អ្នក​ដែល​ពូកែ​ស្រេ្តស កើត​ទុក្ខ​ ចូល​តួ នឹង​ធ្វើ​ឲ្យ​គុណភាព​ការងារ​ថយ​ចុះ​ ដោយ​សារ​គ្មាន​កម្លាំង​កាយ​និង​ចិត្ត​គ្រប់គ្រាន់។ ដំណោះ​ស្រាយ​ល្អ​បំផុត​គឺ ត្រូវ​ធ្វើ​អារម្មណ៍​ឲ្យ​ធូរ​ស្រាល សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​សើច​ឲ្យ​បាន​ច្រើន។ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​​ចេះ​កំណត់​គោលដៅ មាន​​យុទ្ធសាស្ត្រ​ច្បាស់​លាស់ ក្នុង​ការ​ជំរុញ​ឲ្យ​ការងារ​ដើរ​ទៅ​មុខ។​

៥. មាន​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង

មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង តែង​​ជឿជាក់​លើ​សមត្ថភាព​ដែល​ខ្លួន​មាន ប៉ុន្តែ​គេ​ក៏​មិន​​មើល​រំលង​ពី​​ចំណុច​ខ្វះ​ខាត​ ដើម្បី​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ដែរ។ ភាព​ខ្លាំង​រឹង​មាំ​ចំពោះ​ការងារ ស្ថិត​លើ​​ទំនួល​ខុស​ត្រូវ​ ការ​តាំង​ចិត្ត​ ភាព​ក្លាហាន ហ៊ាន​ជម្នះ​នឹង​បញ្ហា រួម​ទាំង​គោរព​និង​ជឿជាក់​លើ​ខ្លួន​ឯង​ជានិច្ច​​។

៦. មាន​អត្តចរិត​ និង​ទំនាក់​ទំនង​ល្អ​ នៅ​កន្លែង​ការងារ

​អត្តចរិត​ និង​ទំនាក់​ទំនង​ល្អ ជាមួយ​មិត្ត​រួម​ការងារ អាច​ជួយ​ឲ្យ​អ្នក​រីក​រាយ​​នឹង​មក​ធ្វើការ​ បង្កើត​ក្តី​ស្រលាញ់ អនុស្សាវរីយ៍​ល្អៗ ចេះ​ចែក​រំលែក នោះ​ការងារ​ក៏​ទទួល​បាន​ប្រសិទ្ធភាព​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ គួរ​ញញឹម​ឲ្យ​បាន​ច្រើន មាន​ទឹក​ចិត្ត​ល្អ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក អត់​ឱន​អធ្យាស្រ័យ បំភ្លេច​ចោល​នូវ​​កំហុស​​អចេតនា​ទាំង​ឡាយ​ មិន​​ច្រណែន​ឈ្នានីស បើក​ចិត្ត​ទូលាយ និង​ប្រកាន់​គំនិត​វិជ្ជមាន នោះ​បរិយាកាស​នៅ​កន្លែង​ការងារ​ នឹង​ស្រស់ស្រាយ​រាល់ថ្ងៃ។

សង្ឃឹម​ថា​​គន្លឹះ​ខ្លី​ៗ​​ខាង​លើ​ អាច​នាំ​អ្នក​ទៅ​កាន់​​​ភាព​ជោគ​ជ័យ ទោះ​មិន​មែន​ឃើញ​លទ្ធផល​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​នា​ថ្ងៃ​មុខ​ អ្នក​អាច​ទទួល​បាន​ជោគជ័យ​ធំ​លើស​ពី​ការ​រំពឹង​ទុក​​ទៅ​ទៀត​៕

ចុចអានបន្ត៖ ៨ សញ្ញា​បញ្ជាក់​ថា​អ្នក​អស់​អារម្មណ៍​ចង់ធ្វើការរៀនសូត្រ

អត្ថបទ៖ ដេត ឈុនអ៊ី