៨ សញ្ញា​បញ្ជាក់​ថា​អ្នក​អស់​អារម្មណ៍​ចង់ធ្វើការរៀនសូត្រ

  • 2019-07-30 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាចជារឿងធម្មតាទៅហើយដែលពេលខ្លះចេះតែចង់គេចទៅនេះទៅនោះ ចង់សម្រាក ចង់នៅម្នាក់ឯង អស់អារម្មណ៍ប្រកួតប្រជែង។ ជារឿងខាងក្នុងចិត្ត តែអាចមានផលដល់ការធ្វើការរៀនសូត្រប្រចាំថ្ងៃ ជាពិសេសអ្នកនៅជុំវិញខ្លួនអ្នកទៀតផង។

១. ចង់​គេច​ទៅ​ដើរ​លេង​គ្រប់​ពេល​

អារម្មណ៍​ចង់​ទៅ​ដើរ​លេង​លំហែ​កាយ​ ជា​រឿង​ធម្មតា​នោះ​ទេ​ តែ​បើ​សិន​លោក​អ្នក​ចេះ​តែ​នឹក​ចង់​ទៅ​គ្រប់​ពេល​មិន​ថា​ថ្ងៃ​ធ្វើ​ការ​ធម្មតា​ឬ​ថ្ងៃ​ឈប់​សម្រាក​ នោះ​អាច​ជា​សញ្ញា​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ។​ ព្រោះ​អ្នក​អាច​កំពុង​ធុញ​ទ្រាន់​នឹង​ការងារ​ដែល​កំពុង​ធ្វើ​រាល់​ថ្ងៃ​ក៏​ថា​បាន។​

២. មិន​សូវ​គិត​វែង​ឆ្ងាយ​ ចង់​តែ​គេង​ឲ្យ​ផុត​មួយ​ថ្ងៃ​ៗ​

ភ្ញាក់​ឡើង​មិន​ក្រោក​ពី​គ្រែ​ ក្រោក​ហើយ​ក៏​មិន​ចង់​ចេញ​ទៅ​ណា​ ពេល​ធ្វើ​ការ​ឬ​រៀន​ក៏​មិន​សូវ​ចង់​ធ្វើ​ មិន​គិត​ថា​ខ្លួន​ឯង​កំពុង​ដើរ​ដល់​ចំណុច​ណា​ អនាគត​ចង់​ធ្វើ​អី​ឲ្យ​ប្រាកដ។​ មួយ​ថ្ងៃ​ៗ​គ្រាន់​តែ​មួយ​រស់​ ប្រញាប់​បញ្ចប់​ការ​ងារ​ រង់​ចាំ​តែ​ពេល​ទៅ​ផ្ទះ​ នឹក​តែ​គ្រែ​គេង​មួយ​មុខ​ជា​ដើម។​

៣. ព្យា​យាម​យ៉ាង​ណា​ក៏​មិន​បាន​ដូច​ចិត្ត​

ធ្លាប់​មាន​កម្លាំង​ចិត្ត​ធ្វើ​ការ​រាល់​ថ្ងៃ​ ហើយ​គិត​ថា​ថ្ងៃ​ណា​មួយ​គង់​បាន​សម្រេច​ តែ​ពេល​កន្លង​ទៅ​នៅ​តែ​មិន​ទាន់​បាន​ដូច​ចិត្ត​ នៅ​តែ​ជួប​ការ​ងារ​ដែល​មិន​ពេញ​ចិត្ត​ រហូត​ចាប់​ផ្ដើម​ជឿ​ថា​ខ្លួន​ឯង​ជា​មនុស្ស​បរាជ័យ។​

៤.ចាប់​ផ្ដើម​ចេះ​ច្រណែន​អ្នក​ជុំ​វិញ​ខ្លួន​

ពី​មុន​មិន​ចេះ​ខ្វាយ​ខ្វល់​ច្រើន​ទេ​ តែ​ពេល​យូរ​ៗ​ទៅ​ឃើញ​គេ​កាន់​តែ​រីក​ចម្រើន​ ឃើញ​គេ​ឧស្សាហ៍​បាន​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​ ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ច្រណែន​ គិត​ថា​ជីវិត​ខ្លួន​ឯង​មិន​សូវ​រលូន​ល្អ​ជា​ដើម។​

៥. យល់​ថា​អ្វី​ដែល​កំពុង​ធ្វើ​មិន​មាន​ប្រយោជន៍​

ការ​ងារ​ក៏​ល្អ​ តំណែង​ក៏​ល្អ​ តែ​មិន​ថា​ធ្វើ​ការ​អ្វី​ ធ្វើ​ការ​ច្រើន​ប៉ុណ្ណា​ហើយ​ក្ដី​ ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​មែន​ជា​ខ្លួន​យើង​ដដែល។​ ពេល​ខ្លះ​អាច​ចេះ​តែ​មាន​អារម្មណ៍​ថា​ អ្វី​ដែល​កំពុង​ធ្វើ​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ ខ្លួន​ឯង​មិន​រីក​ចម្រើន​ មិន​អភិវឌ្ឍន៍​ជា​ដើម។​

៦. ធុញ​ទ្រាន់​គ្រប់​ពេល​

ធ្វើ​ការ​ក៏​ធុញ​ នៅ​ផ្ទះ​ក៏​ធុញ​ អ្វី​ដែល​ធ្លាប់​ចូល​ចិត្ត​បែរ​ជា​ធុញ​ទ្រាន់​នឹង​ធ្វើ​ ធ្វើ​អ្វី​ក៏​មិន​រីក​រាយ​គ្រប់​យ៉ាង។​ បើ​លោក​អ្នក​ចេះ​តែ​មាន​អារម្មណ៍​បែប​នេះ​ អាច​មក​ពី​មាន​បញ្ហា​ក្នុង​ចិត្ត​ អាច​នៅ​ជាប់​ជំពាក់​រឿង​ណា​មួយ​ដែល​មិន​ទាន់​ដោះ​ស្រាយ​ចេញ​ទើប​ធ្វើ​ឲ្យ​ការ​ធ្វើ​ការ​ងារ​ថ្មី​ៗ​មិន​សូវ​រីក​រាយ។​

៧. សុខ​ចិត្ត​នៅ​តែ​ក្នុង​ផ្ទះ​ជា​ជាង​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្ត​ភក្តិ​

មិន​មែន​អត់​មាន​ពួក​ម៉ាក​ទេ​ តែ​គ្រាន់​តែ​ក្រោក​ពី​គេង​មក​ក៏​ហត់​អស់​កម្លាំង​បាត់​ទៅ​ហើយ​ ទើប​មិន​ចង់​ចេញ​ទៅ​ណា​ ទៅ​ណា​តិច​តួច​រក​តែ​មក​ផ្ទះ​វិញ​ ចង់​តែ​គេង​ស្ងៀម​មួយ​កន្លែង។​

៨. ចូល​ចិត្ត​ប្រើ​លេស​ថា​ គ្មាន​ពេល​

ចង់​ធ្វើ​នេះ​ ធ្វើ​នោះ​ ចង់​អភិវឌ្ឍ​ខ្លួន​ ចង់​ធ្វើ​អ្វី​ឲ្យ​មាន​ប្រយោជន៍​ តែ​ចុង​ក្រោយ​អត់​បាន​ធ្វើ​អ្វី​ទាំង​អស់​ព្រោះ​តែ​ពាក្យ​ថា​គ្មាន​ពេល។​ តាម​ពិត​អាច​មិន​មែន​មក​ពី​គ្មាន​ពេល​ទេ​ តែ​មក​ពី​មិន​ចង់​ប្រើ​ពេល​លើ​ការ​ងារ​ទាំង​នោះ​ច្រើន​ជាង។​

សម្រាប់​លោក​អ្នក​ដែល​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​ អាច​មិន​មែន​ជា​បញ្ហា​រយៈ​ពេល​វែង​អ្វី​នោះ​ទេ​ គ្រាន់​តែ​លោក​អ្នក​ព្យា​យាម​ចេញ​ពី​វដ្ដ​ការ​រស់​នៅ​បែប​ដដែល​ៗ​ ហើយ​សាក​ល្បង​ចេញ​ទៅ​ក្រៅ​ធ្វើ​អ្វី​មួយ​ដោយ​មិន​ចាំ​បាច់​គ្រោង​ទុក​ បើក​ចិត្ត​ឲ្យ​ទូ​លាយ​ បំភេ្លច​គោល​ដៅ​ ការ​ងារ​ទម្លាក់​អម្រែក​លើ​ស្មា​មួយ​ភ្លែត​សិន។​ ព្រោះ​ផ្លូវ​ដើរ​ថ្មី​ៗ​ ស្ថាន​ការ​ថ្មី​ៗ​ ទោះ​បី​អាច​ដើរ​ផ្លូវ​កាត់​ឬ​ផ្លូវ​វាង​ក៏​ដោយ​ អាច​ឲ្យ​យើង​បាន​ឃើញ​ទេសភាព​ប្លែក​ភ្នែក​ បាន​ស្រូប​ក្លិន​ផ្កា​ក្រអូប​ប្លែក​ និង​មាន​អារម្មណ៍​ស្រឡះ​ល្អ​ឡើង​វិញ​បាន៕​

ចុចអាន៖ ​​ ៧​ វិធី​ប​ញ្ឃ​ប់​ខ្លួន​ឯង​កុំ​ឲ្យ​គិត​ច្រើន​ យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​លែង​ខ្វល់​ខ្វាយ​ច្រើន​

ប្រភព៖ BrandThink | Digital Information World ប្រែ​សម្រួល៖ Sokchea Heng