អាយុ​២៨​ឆ្នាំ មាន​លុយ​សន្សំ​តែ​៥០០​ដុល្លារ និង​ភាព​រសាត់អណ្ដែត​របស់​យុវវ័យ​បច្ចុប្បន្ន

  • 2019-07-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​អាច​នឹង​ប្រឈម​ជាមួយ​ឧបសគ្គ អ្នក​អាច​នឹង​មិន​មើល​ឃើញ​ផ្លូវ អ្នក​ក៏​អាច​បាក់​ទឹក​ចិត្ត​នៅ​ពេល​ណា​មួយ។ តែ​ឲ្យ​តែ​អ្នក​​រក្សា​ចិត្ត​ឲ្យ​មុតមាំ អ្នក​នឹង​មិន​បរាជ័យ​ឡើយ។

ម្សិល​មិញ ខ្ញុំ​និង​មិត្តភ័ក្ដិ​អង្គុយ​និយាយ​គ្នា។ នាង​ប្រាប់​ខ្ញុំ​ថា ចេញ​ពី​សាលា​ធ្វើ​ការ​បាន​៧​ឆ្នាំ អាយុ​២៨​ឆ្នាំ តែ​គណនី​សន្សំ​របស់​នាង​មាន​ត្រឹម​ប្រហែល​៥០០​ដុល្លារ​ប៉ុណ្ណោះ។

៥០០​ដុល្លារ​គឺ​ជា​ចំនួន​ទ្រព្យ​សម្បត្តិ​ទាំង​ស្រុង​ដែល​មាន​នៅ​ក្នុង​ដៃ​របស់​នាង។ ចំនួន​ទឹក​ប្រាក់​នេះ​ធ្វើ​ឲ្យ​នាង​ស្លន់ស្លោរ។ នាង​អស់​សង្ឃឹម​នឹង​ខ្លួន​ឯង ហើយ​គិត​ថា​២៨​ឆ្នាំ​មក​នេះ តើ​នាង​គ្មាន​បាន​ការ​ដល់​ថ្នាក់​នេះ​ឬ? ឪពុកម្ដាយ​វា​ចិញ្ចឹម​វា​រៀន​សាកល លុយ​សាលា​មួយ​ឆ្នាំ​ៗ ​៥០០​ដុល្លារ​នេះ គឺ​មិន​គ្រប់​អ្វី​ទាំង​អស់​ បែប​មិន​គ្រប់​សម្រាប់​មួយ​ឆមាស​ផង។ នាង​ប្រាប់​ខ្ញុំ​ថា មួយ​ជីវិត​នាង នាង​ជួប​មនុស្ស​ពូកែ​ជា​ច្រើន។ ឃើញ​គេ​ហើយ មើល​ខ្លួន​ឯង​វិញ មាន​តែ​ភាព​អស់​សង្ឃឹម។

ពេល​ខ្លះ ខំ​ស្រែក​ប្រាប់​ខ្លួន​ឯង​ថា ត្រូវ​តែ​ស៊ូ​ឡើង តែ​ពេល​ខ្លះ វា​គ្រាន់​តែ​ដឹង​ថា វា​អស់​កម្លាំង​ហើយ។ កាល​ពី​មុន វា​ធ្វើ​ការ​គ្រប់​ការងារ តាំង​ពី​រត់​តុ ធ្វើ​​អ្នក​ទទួល​ភ្ញៀវ លក់​ស៊ីម​ទូរសព្ទ លក់​ធានារ៉ាប់រង មើល​កូន​ឲ្យ​គេ។ វា​បាន​ឆ្លង​កាត់​អស់​ហើយ តែ​វា​នៅ​តែ​មិន​អាច​សល់​លុយ​បាន។ វា​មិន​បាន​ទាមទារ​អ្វី​ច្រើន​ឡើយ គឺ​សុំ​ត្រឹម​តែ​ចិញ្ចឹម​ខ្លួន​រស់ និង​ជួយ​រំលែក​អម្រែក​គ្រួសារ​បន្តិច​ប៉ុណ្ណោះ។

តែ​សួរ​ថា នេះ​គឺ​ជា​កំហុស​របស់​វា​ដែរ​ទេ ដែល​វា​កើត​មក​ក្រ ហើយ​មិន​សល់​លុយ​នោះ? សួរ​ថា​វា​បាន​ចាយ​លុយ​ដែល​វា​រក​បាន​ទាំង​អស់​ទេ? គឺ​មិន​បាន​សូម្បី​តែ​ពាក់​កណ្ដាល​ផង។ តាំង​ពី​ប្អូន តាំង​ពី​បង​វា គឺ​វា​ជា​អ្នក​ទំនុក​បម្រុង​ទាំង​អស់។

ប្រសិនបើ​វា​មិន​សន្សំសំចៃ ប្រហែល​ជា​សូម្បី​តែ​៥០០​ដុល្លារ នៅ​ពេល​នេះ ក៏​ប្រហែល​ជា​មិន​សល់​ផង។ ក្នុង​ចំណោម​មិត្ត​ទាំង​អស់​ដែល​ខ្ញុំ​ស្គាល់ គឺ​មាន​តែ​វា​នេះ​ហើយ ដែល​ជា​អ្នក​តស៊ូ​បំផុត។ តែ​ចំពោះ​មនុស្ស​មួយ​ចំនួន ភាព​តស៊ូ មិន​ដើរ​ទន្ទឹម​នឹង​ជោគជ័យ​នោះ​ឡើយ។ តែ​គ្រាន់​តែ​ចង​ចាំ​ថា ដរាប​ដែល​អ្នក​មិន​បាត់បង់​ការ​តស៊ូ​ទេ អ្នក​មិន​បរាជ័យ​ឡើយ។ ទោះ​មាន​លុយ​សន្សំ​តែ​៥០០​ដុល្លារ ក៏​មិនមែន​ជា​បញ្ហា​ចោទ​ដែរ៕

ចុចអាន៖ ​ ទម្លាប់គិតវិជ្ជមានឲ្យបានច្រើន ដូចកំពុងបង្កើតកំណប់ទ្រព្យសម្រាប់ជីវិតខ្លួនឯង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម