គ្រាន់តែឱបគ្នាសោះ អ្នកនឹងទទួលបានអត្ថប្រយោជន៍ ៥ យ៉ាងនេះ​

  • 2019-07-15 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ការ​​ឱប អត្ថបទ​​មួយ​នេះ​គឺ​ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​អ្នក។ តាម​ការ​សិក្សា​ស្រាវជ្រាវ បាន​បង្ហាញ​ថា ការ​ឱប​គ្នា​ជា​ប្រចាំ ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​សម្រាប់​សុខភាព​ដែរ។ ៥ ​ចំណុច​ខាង​ក្រោម​នេះ ជា​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​​ឱប​គ្នា។

១. កាត់​បន្ថយ​ក្តី​បារម្ភ​និង​ភាព​ភ័យ​ខ្លាច

បើ​អ្នក​កំពុង​តែ​មាន​ភាព​ភ័យ​ខ្លាច ព្រួយ​បារម្ភ​ច្រើន ការ​ឱប​អាច​ជា​​ផ្នែក​មួយ​នៃ​ដំណោះ​ស្រាយ។ នៅ​ពេល​ឱប​ អ្នក​បាន​បង្កើន​ភាព​ស្និទ្ធស្នាល​​និង​​​ប៉ះពាល់​រូប​រាង​កាយ ដែល​អាច​ធ្វើ​អ័រម៉ូន អុកស៊ីតូស៊ីន (oxytocin) កើន​ឡើង។ ឬ​​អាច​ហៅ​ម្យ៉ាង​ទៀត​ថា "អ័រម៉ូន​នៃ​ក្តី​ស្រលាញ់" ដែល​​ដើរ​តួនាទី ជា​ថ្នាំ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​ផ្សេងៗ​រួម​មាន ការ​​បារម្ភ​ភ័យ​ខ្លាច កណ្តោចកណ្តែង​ ឯកោ។

យោង​តាម​ការ​អះអាង​របស់​ បណ្ឌិត Mercola ជា​អ្នក​និពន្ធ​ដ៏​​ល្បី​ប្រចាំ​ New York Times បាន​បញ្ជាក់​ថាការ​ឱប​ក៏​អាច​ជួយ​ជំរុញ ដូប៉ាមីន (dopamine) នៅ​ក្នុង​ខួរ​ក្បាល​ផង​ដែរ។ វា​ជា​ប្រភេទ​អ័រម៉ូន ដែល​ជួយ​ឲ្យ​អារម្មណ៍​រីករាយ​ស្រស់​ថ្លា មាន​ក្តី​សុខ។

២. ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ឡើង

អ័រម៉ូន អុកតូស៊ីន មិន​មែន​សំដៅ​ទៅ​លើ​ក្តី​ស្រលាញ់​តែ​មួយ​មុខ​ឡើយ វា​ក៏​ជា​ម៉ូលេគុល​ម្យ៉ាង​ដែល​​​ធ្វើ​ឲ្យ​ទំនាក់ទំនង​​កាន់​តែ​រឹងមាំ។ អុកតូស៊ីន មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ផ្សារភ្ជាប់​អ្នក​ទៅកាន់​មនុស្ស​ដទៃ​ទៀត និង​បង្កើន​ទំនុក​ចិត្ត​ទៅ​វិញ​ទៅ​មក។ មិន​ថា​ជា​មិត្តភាព អាជីព​ការងារ​ ឬ​ស្នេហា​នោះ​​ទេ ការ​ឱប​​តែង​តែ​ធ្វើ​ឲ្យ​ការ​ប្រាស្រ័យ​ទាក់ទង​​ប្រសើរ​ឡើង។

៣. កាត់បន្ថយ​ស្រ្តេស​និង​ហានិភ័យ​​​នៃ​ការ​ឆ្លង​មេរោគ

នៅ​ពេល​ជួប​រឿង​មិន​ល្អ​ក្នុង​ជីវិត កើត​ទុក្ខ​ច្រើន អ្នក​នឹង​ស្រ្តេស​គិត​អី​លែង​ចេញ។ ខណៈ​ពេល​ដែល​តានតឹង​ខ្លាំង សម្រាក​មិន​បាន​គ្រប់​គ្រាន់ អ្នក​ងាយ​នឹង​ផ្ដាសាយ​​បំផុត។ ដោយ​សារ​តែ​ស្រ្តេស បង្ក​ផល​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ ដូច្នេះ​ហើយ​​ទើប​អាច​ចម្លង​មេរោគ​ផ្សេងៗ​ចូល​ក្នុង​រាងកាយ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​ចិត្ត​វិទ្យា​​បាន​បង្ហាញ​ថា ការ​​ឱប​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​បំបាត់​ស្រ្តេស និង​កាត់​បន្ថយ​​ការ​ឆ្លង​ជំងឺ​ផ្តាសាយ។

៤. ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ

ការ​ឱប​អាច​ជួយ​បន្ថយសម្ពាធ​ឈាម​និង​កាត់​បន្ថយ​​​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ នៅ​ពេល​ឱប ប្រេកង់​កើន​ឡើង​ខ្ពស់​ ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ​មូលដ្ឋាន​នៃ​សម្ពាធ​ឈាម​ថយ​ចុះ

៥. ធ្វើ​ឲ្យអារម្មណ៍​ល្អ

ក្រោយ​ពី​មាន​បញ្ហា​ឬ​ជម្លោះ​​នានា​ជាមួយ​​អ្នក​ទៃ អ្នក​នឹង​​មាន​អារម្មណ៍​មួម៉ៅ​មិន​ល្អ។ ក្នុង​ស្ថាន​ភាព​បែប​នេះ អ្នក​ជំនាញ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​មាន​ការ​ឱប ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ធូរ​ស្បើយ​ឡើង​វិញ។

មិន​ថា​អ្នក​ឱប​មិត្តភ័ក្តិ ក្រុម​គ្រួសារ មិត្ត​រួម​ការងារ សង្សារ​ឬ​ប្តីប្រពន្ធ សុទ្ធ​តែ​អាច​ទទួល​បាន​​អត្ថប្រយោជន៍​ទាំង​អស់​។ កុំ​ថា​ឡើយ​មនុស្ស​ សូម្បី​តែ​សត្វ​ ដូច​ជា​ឆ្កែ​ ឆ្មា​...​ក៏​ត្រូវ​ការ​ភាព​កក់​ក្តៅ​បែប​នេះ​ដែរ៕

ចុចអានបន្ត៖ សញ្ញា​​៦​យ៉ាង​បញ្ជាក់​ថាមនុស្ស​ប្រុស​ស្រ​លាញ់​អ្នក​ពិត​​ប្រាកដ

ប្រភព៖ entitymag ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម