មុខចេះតែឡើងមុនមិនឈប់ អស់ចម្ងល់ទៀតហើយ បើបានដឹងពីមូលហេតុទាំងនេះ

  • 2019-07-12 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​កើត​មុន ត្រូវ​បាន​​ចាត់​ទុក​ជា​​បញ្ហា​ស្បែក​មួយ​ ដែល​កើត​ឡើង​សឹង​​តែ​គ្រប់​វ័យ​ទាំង​អស់។ កាល​ណា​មុខ​កើត​មុន​ហើយ វា​មិន​ងាយ​ស្រួល​ទេ ក្នុង​ការ​ព្យាបាល។ អ្នក​ខ្លះ​វិញ ខំ​រិះរក​វិធី​ច្រើន​យ៉ាង​ដែរ ក៏​នៅ​តែ​មិន​បាត់ ហើយ​ឆ្ងល់​ថា​មក​ពី​មូលហេតុ​អ្វី។ មុន​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា និង​មាន​វិធី​ព្យាបាល​តាម​ប្រភេទ​និមួយ​ៗ។ បើ​អ្នក​​ដឹង​ពី​មូលហេតុ​​នៃ​ការ​កើត​មុន​​នៅ​លើ​មុខ​របស់​ខ្លួន ​បាន​ច្បាស់លាស់​ នោះ​អ្នក​នឹង​ងាយ​ស្រួល​ក្នុង​ការ​រក​វិធី​​ការពារ​និង​ព្យាបាល​ ដែល​មាន​ប្រសិទ្ធភាព​បំផុត។

មូល​ហេតុ​ផ្សេង​ៗ​គ្នា​​ ដែល​អាច​បណ្តាល​ឲ្យ​កើត​មុន​

មុន អាច​កើត​ឡើង​ដោយសារ ការ​រោល​រលាក​របស់​ក្រពេញ​ប្រេង​ម្យ៉ាង​ឈ្មោះ​ថា Sebaceous។ អ្នក​អាច​ឃើញ​ក្រពេញ​នោះ​រីក​ប៉ោង នៅ​កន្លែង​មួយ​ចំនួន​ដូច​ជា មុខ ទ្រូង និង​ខ្នង។ ឯ​អ្នក​​ខ្លះ​ទៀត អាច​កើត​នៅ​លើ​ស្មា ដើម​ដៃ ដែល​ជា​កត្តា​កម្រ។

១. មុន​អ័រម៉ូន ​​ ការ​កើន​​ឡើង​​នៃ​កម្រិត​អេនដ្រូជែន (Androgen) ពេល​វ័យ​ជំទង់ ជា​ពិសេស​​ចំពោះ​មនុស្ស​ប្រុស ជា​​មូល​ហេតុ​នាំ​ឲ្យ​កើត​មុន​ជាង​វ័យ​ផ្សេង​ទៀត។ អ័រម៉ូន​នេះ អាច​ធ្វើ​ឲ្យ​ក្រពេញ​ជាតិ​ប្រេង (Sebaceous) រីក​កាន់​តែ​ធំ ស្ទះ​រន្ធ​រោម មាន​មុន​កប់​ក្នុង​សាច់។ សម្រាប់​មនុស្ស​ស្រី​វិញ ងាយ​នឹង​រង​បញ្ហា​នេះ​បំផុត មុន​ពេល​មក​រដូវ។

២. ស្រ្តេស

ពេល​អ្នក​កើត​ទុក្ខ​ពិបាក​ចិត្ត​ច្រើន​រហូត​ដល់​ស្រ្តេស រាង​កាយ​​បាន​ផលិត​អ័រម៉ូន​ក័រទីសុល (Coltisol) ដែល​ធ្វើ​ឲ្យ​កោសិកា​ស្បែក​បញ្ចេញ​ជាតិ​ប្រេង បណ្តាល​ឲ្យ​ឡើង​មុន។

៣. តំណ​ពូជ

បើ​ប្រវត្តិ​ក្រុម​គ្រួសារ​ ធ្លាប់​មាន​មុន និង​​​មាន​ប្រភេទ​ស្បែក​​ប្រេង អ្នក​​អាច​នឹង​មុន​ជៀស​មិន​ផុត។ ដោយ​សារ​ស្បែក​ប្រេង មាន​រន្ធ​ញើស​ធំ រឹង​គ្រើម ជាតិ​កង្វក់​ងាយ​ទុំ​ជាប់ ធ្វើ​ឲ្យ​កើត​មុន​​យ៉ាង​លឿន។

៤. ការ​ឆ្លង​បាក់តេរី

ប្រភេទ​​មុន​ដែល​មាន​ឈ្មោះ​ថា P.Acne អាច​កើត​ឡើង​​​ដោយ​សារ សារធាតុ​មីក្រូប្យ៉ូម (Microbiome) នៅ​លើ​ស្បែក​គ្មាន​តុល្យភាព។ នៅ​ពេល​មីក្រូម្យ៉ូម មាន​តុល្យភាព​ វា​​មាន​តួនាទី​​ការពារ​ស្បែក​​របស់​អ្នក មិន​ឲ្យ​ចុះ​​ខ្សោយ ឆាប់​ឆ្លង​បាក់តេរី​ផ្សេងៗ។

៥. ប្រើ​ប្រាស់​គ្រឿង​សម្អាង​ឬ​ផលិតផល​ថែរក្សា​ស្បែក

វា​ជា​មូលហេតុ​មួយ ដែល​បណ្តាល​ឲ្យ​មាន​មុន​កប់​ក្នុង​សាច់ មុន​រោល​រលាក​លើ​ស្បែក ជា​ពិសេស​​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម។ ដោយសារ​គ្រឿង​សម្អាង​ឬ​ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន មាន​ធាតុផ្សំ​មិន​ល្អ មាន​ជាតិ​ប្រេង ដែល​​បង្ក​ទៅ​ជា​​ស្ទះ​រន្ធ​ញើស។

៦. ចំណី​អាហារ

​​តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ទេ​ថា នៅ​ពេល​ញ៉ាំ​ចំណី​អាហារ​មួយ​ចំនួន​ មុខ​បែរ​ជា​កើត​មុន​លឿន​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​នោះ​រួម​មាន​ អាហារ​ប្រៃ​ឬ​ហឹរ​​ខ្លាំង មាន​ជាតិ​ស្ករ​ច្រើន​​ ឬ​ប្រើ​ប្រេង​​ច្រើន​ជា​ដើម។ អាហារ​អាច​ធ្វើ​ឲ្យ​អ្នក​ចេញ​មុន​២​ប្រភេទ​ខុស​គ្នា។

  • ទី១៖ ជា​ប្រភេទ​មុន​មាន​រាង​មូល​តូច រឹង ពណ៌​ស ដែល​​អាច​មើល​ឃើញ​ នៅ​ពេល​ទាញ​ស្បែក​ឲ្យ​តឹង​ ឬ​​ច្របាច់។
  • ទី​២៖ ជា​ប្រភេទ​មុន​ដែល​មាន​រាង​តូច​ មាន​​ជាតិ​ទឹក​ឬ​ខ្ទុះ រឹង អាច​ញេច​បាន​ និង​មាន​ក្រ​ម៉​​​ខ្មៅ​ពី​លើ។

វិធី​ការពារ​

  • សម្អាត​ខ្លួន​ប្រាណ​និង​មុខ ឲ្យ​បាន​ស្អាត​ល្អ​ជា​ប្រចាំ ប៉ុន្តែ​មិន​​ត្រូវ​លាង​ឬ​ខាត់​​ស្បែក​មុខ​ញឹកញាប់​ពេក​ទេ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​តុល្យភាព។

  • ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ហើយ​ជៀសវាង​អាហារ​ដែល​ផ្អែម​ពេក​។

  • ហាត់ប្រាណ​ជា​ប្រចាំ សម្រាក​ឲ្យ​បាន​ច្រើន។

  • ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​​ស្រស់​ថ្លា កុំ​កើត​ទុក្ខ​ខ្លាំង​ពេក។

  • ជ្រើស​រើស​ផលិតផល​ ដែល​ត្រូវ​​នឹង​ប្រភេទ​ស្បែក ជា​ពិសេស​គ្រឿង​សម្អាត​និង​​ផលិត​ផល​ថែរក្សា​ប្រចាំ​ថ្ងៃ។

**ប្រភេទ​មុន​និមួយៗ​គឺ​ខុស​ៗ​គ្នា។ ការ​ជ្រើសរើស​វិធី​ត្រឹម​ត្រូវ​និង​ប្រឹក្សា​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ ទើប​អាច​ទទួល​បាន​ប្រសិទ្ធភាព​ កែ​ប្រែ​បញ្ហា​ស្បែក​មុខ​បាន​ល្អ​ប្រសើរ​៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម