មិន​ខ្វះ​ទេ​អ្នក​ស្រលាញ់ ឲ្យ​តែ​អ្នក​ចេះ​រៀប​ចំ​ខ្លួន​​បាន​ប៉ុន្មាន​ចំណុច​នេះ

  • 2019-07-11 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផ្លាស់​ប្ដូរ​​ទម្លាប់ និង​លក្ខណៈ​ខាង​ក្រៅ​របស់​ខ្លួន​ឯង​​គឺ​ជា​វិធី​ឆាប់​រហ័ស​បំផុត​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​រីក​ចម្រើន ហើយ​ជោគជ័យ​លើ​ទំនាក់ទំនង​​ផ្សេង​ៗ។ វា​អាច​ជា​ការ​បណ្ដាក់​ទុន​ដែល​ចំណាយ​ដើម​ទុន​តិច​ប៉ុន្តែ​ហុច​ផល​ខ្ពស់ (Low investment, High return)។ បើ​សិន​ជា​អ្នក​ចង់​បាន​ជោគជ័យ​​លើ​ទំនាក់ទំនង​នានា ហើយ​មាន​មនុស្ស​ស្រលាញ់​ឲ្យ​តម្លៃ​ច្រើន សូម​កុំ​មើល​រំលង​នូវ​ចំណុច​តូច​ៗ​ខាង​ក្រោម​នេះ៖

១. ​យក​ចិត្ត​ទុក​ដាក់​​ខ្លួន​ឯង មើល​ថែ​ទាំង​សម្រស់​ និង​អនាម័យ​ផ្ទាល់​ខ្លួន​ឲ្យ​ស្រស់​ថ្លា​ជានិច្ច ព្រម​ទាំង​ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ណា​ដែល​មាន​ប្រយោជន៍។

២. យក​ចិត្ត​ទុក​ដាក់​អ្នក​ដទៃ ហាត់​សង្កេត​មើល​អ្នក​នៅ​ជុំវិញ​ខ្លួន​ខ្លះ​ថា​ គេ​មាន​បញ្ហា​អី កំពុង​ទុក្ខ ឬ​សុខ ហើយ​ផ្ដល់​ក្ដី​ស្រលាញ់ និង​កម្លាំង​ចិត្ត​ឲ្យ​គេ​តាម​ការ​គួរ។

៣. ធ្វើ​ជា​អ្នក​ឲ្យ កាន់​តែ​ឲ្យ​ច្រើន អ្នក​កាន់​តែ​ទទួល​បាន​ច្រើន។ ការ​ផ្ដល់​ឲ្យ​មិន​មែន​​​ត្រឹម​តែ​ទ្រព្យ​សម្បត្តិ​របស់​របរ​នោះ​ទេ ប៉ុន្តែ​គឺ​អាច​ជា​ចំណេះដឹង ការ​សរសើរ ដែល​សុទ្ធ​តែ​​ជា​ការ​ឲ្យ​ដ៏​មាន​តម្លៃ។

៤. មាន​ស្នាម​ញញឹម ស្នាម​ញញឹម​គឺ​ជា​របស់​ដំបូង​ដែល​យើង​ត្រូវ​ផ្ដល់​ឲ្យ​អ្នក​ដទៃ ព្រោះ​វា​​បញ្ជាក់​ពី អារម្មណ៍​ល្អ និង​មិត្តភាព​របស់​អ្នក​ចំពោះ​គេ។ ស្នាម​ញញឹម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ស្រស់​ថ្លា​គ្រប់​ពេល។

៥. សម្លៀក​បំពាក់​សមរម្យ ការ​តែង​ខ្លួន​មិន​​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្លួន​យើង​មើល​ទៅ​ស្រស់​ស្អាត​នោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​ពី​អ្វី​ផ្សេង​ៗ​ទៀត​ដែរ ដូច​ជា​​ការ​ផ្ដល់​កិត្តិយស​ឲ្យ​ខ្លួន​ឯង និង​​អ្នក​​ដទៃ​ជុំវិញ​ខ្លួន។

៦. ធ្វើ​មុខ ធ្វើ​សក់ ផ្ទៃ​មុខ និង​សក់​ចាត់​ទុក​ថា​ជា​ផ្នែក​សំខាន់ ដែល​យើង​ត្រូវ​ថែ​រក្សា​​ឲ្យ​ដិតដល់ និង​ត្រូវ​រៀប​ចំ​វា​ឲ្យ​បាន​ស្អាត​ជានិច្ច។

៧. សាង​មន្តស្នេហ៍​ឲ្យ​ខ្លួន​ឯង វិធី​ដែល​អាច​បង្កើត​មន្តស្នេហ៍​បាន​ងាយ​គឺ ការ​ដែល​យើង​និយាយ​ស្ដី​ពីរោះពិសា គិត​វិជ្ជមាន​ពី​អ្នក​ដទៃ ​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ​ដោយ​ស្នាម​ញញឹម​ជាដើម។

៨. មើល​កាលៈទេសៈ អ្វី​ដែល​សំខាន់ មិន​ថា​អ្នក​ធ្វើ​អ្វី គឺ​ត្រូវ​គិត​មុន​គូរ​ជានិច្ច ថា​វា​ត្រូវ​ពេល ត្រូវ​វេលា ត្រូវ​កន្លែង ដែល​ត្រូវ​ធ្វើ​ឬ​ក៏​អត់។

៩. កិរិយាមារយាទ ការ​ដែល​យើង​មាន​មារយាទ​ល្អ​នោះ​គឺ​ចាត់​ទុក​ថា​មាន​ជោគជ័យ​ពាក់​កណ្ដាល​ហើយ។ បើ​ទោះ​បី​​ពេល​ខ្លះ យើង​មិន​អាច​​បង្ហាញ​វា​​ចេញ​មក​ដោយ​ផ្ទាល់ ប៉ុន្តែ​អ្នក​នៅ​ជុំវិញ​ខ្លួន​នឹង​អាច​យល់​បាន បើ​សិន​អ្នក​ពិត​ជា​​មនុស្ស​ល្អ​ពិត​មែន។

១០. ចេះ​ដាក់​ខ្លួន ចំណុច​នេះ​បើ​មាន គឺ​ចាត់​ទុក​ថា​មាន​ប្រៀប​មួយ ព្រោះ​ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​​ដែល​អ្នក​ដទៃ​ស្រលាញ់​ចូល​ចិត្ត​ហើយ វា​ក៏​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ចង់​ទាក់ទង ចង់​រាប់អាន​ថែម​ទៀត។

១១. ឥរិយាបថ​ល្អ មិន​ថា​ការ​ដើរ ការ​អង្គុយ ការ​ឈរ។ អ្វី​ទាំង​នេះ​គឺ​សុទ្ធ​តែ​សំខាន់​ខ្លាំង ព្រោះ​នៅ​ពេល​អ្នក​មាន​ឥរិយាបថ​ល្អ មិន​ថា​អ្នក​ធ្វើ​អ្វី ក៏​មើល​ទៅ​ទំនង មាន​​រាសី​ជានិច្ច។

១២. គ្មាន​គំនិត​អាក្រក់ មិន​និយាយ​អាក្រក់ មិន​គិត​អាក្រក់ មិន​បៀតបៀន ឬ​ចាំ​យក​ប្រៀប​អ្នក​ដទៃ ទាំង​កាយ​ វាចា​ ចិត្ត។

១៣. ​យក​ចិត្ត​ទុក​ដាក់​​ចាប់​ពី​រឿង​តូច​ៗ​ ដូច​ជា​​ការ​ហុច​ក្រដាស​ជូត​មាត់​ឲ្យ​មិត្តភ័ក្ដិ​ពេល​ញ៉ាំ​អាហារ ដួស​អាហារ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់... រឿង​ទាំង​អស់​នេះ​ គឺ​ជា​ការ​បន្ថែម​មន្តស្នេហ៍ឲ្យ​ខ្លួន​អ្នក​បាន​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ឡើយ។

១៤. ខ្សែ​ភ្នែក មិន​មែន​តែ​ពាក្យ​សម្ដី​ទេ​ដែល​អាច​បញ្ជាក់​ពី​អារម្មណ៍​របស់​យើង​ចំពោះ​គេ ប៉ុន្តែ​ខ្សែ​ភ្នែក​គឺ​អាច​បង្ហាញ​ឲ្យ​គេ​ដឹង​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត។ ព្យាយាម​សម្លឹង​កែវភ្នែក​គេ​ឲ្យ​បាន​ច្រើន​នៅ​ពេល​អ្នក​និយាយ​ជាមួយ​នរណា​ម្នាក់ ប៉ុន្តែ​ជា​ខ្សែ​ភ្នែក​ដែល​បង្ហាញ​ពី​មិត្តភាព និង​ការ​ចាប់​អារម្មណ៍ មិន​មែន​សម្លឹង​សំឡក់​ឡើយ។​

១៥. ធ្វើ​ជា​ខ្លួន​ឯង ត្រូវ​រស់​នៅ​តាម​របៀបរបប​របស់​ខ្លួន​​ឯង ដោយ​មិន​ចាំបាច់​ធ្វើ​តាម​អ្នក​ណា។ ធ្វើ​អ្វី​ក៏​ដោយ​​ដែល​យើង​គិត​ថា​ល្អ មាន​ប្រយោជន៍ ហើយ​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃ។

១៦. មើល​ឃើញ​តម្លៃ​ខ្លួន​ឯង ជីវិត​គ្រប់​គ្នា​សុទ្ធ​តែ​មាន​តម្លៃ ដូច្នេះ​យើង​ត្រូវ​មើល​ឃើញ​តម្លៃ​របស់​ខ្លួន និង​​មាន​មោទនភាព​នឹង​ខ្លួន​ឯង។ នៅ​ពេល​មើល​ឃើញ​តម្លៃ​របស់​ខ្លួន​ យើង​នឹង​អាច​ធ្វើ​អ្វី​ដែល​មាន​តម្លៃ​ឲ្យ​ខ្លួន​ឯង​បាន។

១៧. ធ្វើ​អ្វី​ត្រូវ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត នៅ​ពេល​ដែល​យើង​ដាក់​ចិត្ត​ថា​ធ្វើ​អ្វី​ហើយ សូម​ធ្វើ​វា​ឲ្យ​អស់​ពី​សមត្ថភាប កុំ​ធ្វើ​លំៗ ឲ្យ​រួច​ពី​ដៃ​ពី​ជើង ព្រោះ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​គឺ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ខ្លួន​យើង​ថា​ជា​មនុស្ស​បែប​ណា ៕

ចុចអាន៖

ប្រភព៖ Sanook ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម