៦ ហេតុផលធ្វើឲ្យមនុស្សស្រីលង់ស្នេហ៍បុរសម៉ឺងម៉ាត់ មិនសូវចេះនិយាយសាំញ៉ាំច្រើន
- 2019-07-09 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ហេតុផលធ្វើឲ្យមនុស្សស្រីលង់ស្នេហ៍បុរសម៉ឺងម៉ាត់ មិនសូវចេះនិយាយសាំញ៉ាំច្រើន
មានហេតុផលច្រើនណាស់ ដែលនាំឲ្យមនុស្សស្រី លង់ស្រលាញ់បុរសម៉ឺងម៉ាត់មិនសូវមាត់ក ជាងអ្នកដែលចូលចិត្តនិយាយលេងសាំញ៉ាំឥតប្រយោជន៍។ ដោយសារតែមនុស្សប្រុស មិនចេះនិយាយច្រំដែល ភាគច្រើនមានម្ចាស់ការលើខ្លួនឯង ចូលចិត្តសង្កេត គិតពិចារណា ច្បាស់លាស់ គួរឲ្យទុកចិត្ត អាចរក្សាទំនាក់ទំនងស្នេហា មិនសូវមានមិត្តរញ៉េរញ៉ៃ ចេះស្តាប់ហេតុផល រួមទាំងហេតុផលសំខាន់ៗជាច្រើនទៀត ដែលធ្វើឲ្យនារីៗ បាក់ចិត្តទប់អារម្មណ៍មិនស្រលាញ់មិនបាន។
១. យល់ថាមានសុវត្ថិភាព
មនុស្សប្រុសម៉ឺងម៉ាត់ មិនធ្វើឲ្យនាងព្រួយបារម្ភច្រើនឡើយ ព្រោះគាត់មិនចូលចិត្តបង្ហាញអារម្មណ៍ទៅកាន់អ្នកដទៃផ្តេសផ្តាស ហើយក៏មិនចង់បានចំណាប់អារម្មណ៍អីដែរ។ គាត់ចូលចិត្តធ្វើច្រើនជាងអួតអាងតាមពាក្យសម្តី។ នេះហើយទើបជាភាពទាក់ទាញពិតប្រាកដ ថែមទាំងធ្វើឲ្យមនុស្សស្រីទុកចិត្ត យល់ថាមានសុវត្ថិភាព មិនខ្លាចក្នុងការប្រគល់ក្តីស្រលាញ់ទៅឲ្យ។
២. ស្មោះត្រង់
បុរសដែលពុំសូវចេះនិយាយសាំញ៉ាំ ភាគច្រើនមានភាពស្មោះត្រង់។ គាត់ស្គាល់ខ្លួនឯងច្បាស់ ដឹងពីចំណុចខ្លាំងនិងខ្សោយរបស់ខ្លួន ចេះឲ្យតម្លៃនិងអាចទំនាក់ទំនងបានយ៉ាងល្អ។ គាត់ស្មោះត្រង់ចំពោះអ្វីដែលកំពុងធ្វើ កំពុងគិត រួមទាំងការឲ្យយោបល់ផងដែរ។ សម្រាប់មនុស្សស្រីដែលមានគំនិតចាស់ទុំ នាងត្រូវការបែបនេះខ្លាំងណាស់ ព្រោះមិនថាជាសង្សារឬជាប្តីប្រពន្ធនឹងគ្នាក៏ដោយ ភាពរ៉ូមែនទិកតែមួយមុខមិនគ្រប់គ្រាន់ឡើយ។ មានតែការចេះជួយកែលម្អ ផ្តល់យោបល់ត្រង់ៗតែប៉ុណ្ណោះ ទើបអាចបន្តដំណើរទៅមុខបានវែងឆ្ងាយ។
៣. ចេះស្តាប់ហេតុផល
តាមពិតមានគូស្នេហ៍ច្រើនណាស់ ដែលនៅជាមួយគ្នាមិនសុខ ដោយសារតែមានៈមិនចេះស្តាប់ហេតុផលនេះឯង។ ប៉ុន្តែសម្រាប់បុរសមិនសូវនិយាយស្តីវិញ ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ គាត់នៅតែព្យាយាមអត់ធ្មត់ ស្តាប់និងត្រិះរិះ ដើម្បីរកដំណោះស្រាយ និងយល់ពីដៃគូ។
៤. ច្បាស់លាស់
ពិតណាស់ នរណាក៏ចង់មានដៃគូដែលចេះលេងសើចសប្បាយរីករាយដែរ ប៉ុន្តែត្រូវមានភាពច្បាស់លាស់មកជាមួយ។ គាត់ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ គិតគូពីគោលដៅក្នុងជីវិត អាចសាងគ្រួសារដ៏កក់ក្តៅរឹងមាំមួយ។ គាត់ម៉ត់ចត់ពេលនៅកន្លែងធ្វើការ អាចធ្វើជាឪពុកល្អពេលនៅក្បែរកូន និងមានភាពផ្អែមល្ហែមពេលនៅជាមួយប្រពន្ធ។ គាត់ហ៊ានពុះពារគ្រប់ឧបសគ្គ មិនចុះចាញ់ទន់ជ្រាយ គ្រប់ស្ថានការណ៍លំបាកក្នុងជីវិត។
៥. របៀបនិយាយស្តី ស្តាប់ទៅចូលត្រចៀក
មនុស្សប្រុសបែបនេះ ទោះមិនសូវនិយាយច្រើន ប៉ុន្តែមួយម៉ាត់ៗចេញមក គួរឲ្យចូលចិត្តចង់ស្តាប់ យកជាការបាន។ បើពេលលេងសើចវិញក៏ទំនងមិនភ្លាវឥតប្រយោជន៍ និងច្រំដែលទេ។ គាត់លេងសើចច្រើនតែជាមួយមនុស្សសំខាន់ក្នុងបេះដូងប៉ុណ្ណោះ ឯអ្នកផ្សេងគឺធម្មតាៗ។ ហេតុនេះហើយ ទើបអាចធ្វើឲ្យនារី មានអារម្មណ៍ពិសេសម្យ៉ាងពេលនៅក្បែរគាត់។
៦. អាចជួយអភិវឌ្ឍអ្នកឲ្យមានភាពប្រសើរឡើង
គាត់មិនមែនព្យាយាមចង់ផ្លាស់ប្តូរអ្នកទេ មានតែការលើកទឹកចិត្ត ជួយកែតម្រូវ ដើម្បីឲ្យអ្នកមានការរីកចម្រើនអភិវឌ្ឍទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ គាត់មិនបន្ថែមសម្ពាធឲ្យអ្នក ព្រោះតែចង់ផ្គាប់ចិត្តខ្លួនឯងឡើយ។ ផ្ទុយទៅវិញ គាត់តែងតែនៅក្បែរ ជួយជ្រោមជ្រែង ដើម្បីឲ្យមនុស្សដែលគាត់ស្រលាញ់ អាចសម្រេចក្តីសុបិនផ្ទាល់ខ្លួន៕
ចុចអានបន្ត៖ បណ្តាំលោកយាយមកកាន់ចៅស្រីមុនពេលរៀបការ