បើមិនចង់ឲ្យកូនចេះនិយាយកុហក ម្តាយឪពុកគួរដឹងរឿង ៩ យ៉ាងនេះ

  • 2019-06-19 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រ​មាន​នរណា​ដែល​មិន​ចេះ​កុហក​សោះ ក្នុង​មួយ​ជីវិត​នេះ។ គ្រប់​គ្នា​តែង​តែ​ជួប​មនុស្ស​ពូកែ​និយាយ​មិន​ពិត​​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​គ្មាន​ឪពុក​ម្តាយ​ណា​ ចង់​ឲ្យ​កូន​ៗ​របស់​ខ្លួន ក្លាយ​ទៅ​​ជា​បែប​នោះ​ដែរ​ទេ។ បើ​មិន​ចង់​ឲ្យ​កូន​ចេះ​តែ​និយាយ​កុហក​ឥត​ឈប់​ឈរ អ្នក​គួរ​ដឹង​ពី​​មូល​ហេតុ​មួយ​​ចំនួន​សិន​។

១. កូន​ខ្លាច​ត្រូវរំពាត់

ក្មេងៗ​ភាគ​ច្រើន​​យល់​ថា បើ​ប្រាប់​ការ​ពិត អ្នក​នឹង​វាយ​គេ​មិន​ខាន​ឡើយ។ ហេតុ​នេះ​ហើយ គូរ​ព្យាយាម​លើក​ទឹក​ចិត្ត​ឲ្យ​គេ​និយាយ​ត្រង់​វិញ​ប្រសើរ​ជាង។ លើក​ក្រោយៗ កូនៗ​​នឹង​លែង​ភ័យ​ខ្លាច​ក្នុង​ការ​ប្រឈម​ជាមួយ​ការ​ពិត​ដូច​មុន​ទៀត​ហើយ។

២. កូន​មិន​ចង់​ឃើញ​អ្នក​ពិបាក​ចិត្ត

កូន​ៗ​ស្រលាញ់​អ្នក​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ចង់​ឲ្យ​អ្នក​ពិបាក​ចិត្ត​ដែរ។ បើ​សិន​ជា​ពេល​ប្រាប់​ការ​ពិត អ្នក​មិន​សូវ​មាន​ប្រតិកម្ម ខឹងសំបារ​ខ្លាំង ពួក​គេ​នឹង​ចង់​និយាយ​ត្រង់​ជាង​កុហក។​

៣. ពេល​ខ្លះ​កូន​មិន​មែន​កុហក​ទេ​ គ្រាន់​តែ​ចូល​ចិត្ត​ស្រមើស្រមៃ

ក្មេង​ខ្លះ​ចូលចិត្ត​ស្រមើស្រមៃ​ លើស​ពី​ការ​ពិត ដូច្នេះ​អ្នក​តែងតែ​​ឮ​​ពាក្យ​កុហក​ចេញ​ពី​មាត់​របស់​ពួក​គេ​ជា​រឿយៗ។ យ៉ាង​ណា​ក្តី កុំ​ទាន់​អាល​បារម្ភ​អី ព្រោះ​បញ្ហា​បែប​នេះ នឹង​បាត់​ទៅ​វិញ​​បន្តិច​ម្តង​ៗ ពេល​ដែល​ពួក​គេ​កាន់​តែ​ធំ​។

៤. កូន​និយាយ​កុហក​ព្រោះ​ពួក​គេ​មិន​ចងចាំ​នូវ​អ្វី​ដែល​បាន​កើត​ឡើង

ក្នុង​ស្ថានភាព​ខ្លះ​ កូនៗ​និយាយ​កុហក​ដោយ​អចេតនា ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា​វា​ជា​ការ​ពិត ម្យ៉ាង​វិញ​ទៀត​គេ​អាច​នឹង​ភ្លេច​នូវ​អ្វី​ដែល​បាន​កើត​ឡើង។ គ្មាន​អ្វី​ត្រូវ​បារម្ភ​ទេ ត្រូវ​ព្យាយាម​ស្តាប់​និង​ពន្យល់​ពួក​គេ​ឲ្យ​បាន​ល្អ ប្រសើរ​ជាង​ការ​គំរាម​ឬ​សម្លុត​ នាំ​ឲ្យ​បាក់​ស្មារតី។

៥. កូន​​គិត​ថា​ការ​កុហក​គឺ​ជា​រឿង​គួរ​សម

​​​ជួន​កាល​កូន​ៗ គិត​ថា​ការ​កុហក​គឺ​ជា​រឿង​ត្រឹម​ត្រូវ​បំផុត ព្រោះ​ពេល​ប្រាប់​ការ​ពិត​មាន​តែ​ រឿង​ច្របូក​ច្របល់​ស្មុគស្មាញ។ ទង្វើ​របស់​កូន​ៗ​ មាន​តែ​​ឪពុក​ម្តាយ​​ប៉ុណ្ណោះ ដែល​អាច​បត់​បែន​កែប្រែ​បាន។

៦. ម្តាយ​ឪពុក​ចង់​ឲ្យ​កូន​ៗ ឆ្លើយ​ចំៗ​ពេក

ពេល​ខ្លះ​អ្នក​សួរ​តែ​មួយ​សំណួរ​គត់ ហើយ​ចង់​បាន​ចម្លើយ​ចំៗ​​ទៀត។ ឧទាហរណ៍ នៅពេល​កូន​មិន​ចូលចិត្ត​ម្ហូប​ដែល​អ្នក​ធ្វើ ហើយ​អ្នក​បែរ​ជា​សួរ​ថា “ឆ្ងាញ់​ឬ​អត់​?” ។ ក្នុង​ករណី​នេះ បើ​មិន​ចង់​ឲ្យ​គេ​កុហក​ទេ គួរ​សួរទៅ​វិញ​ថា "តើ​កូន​ចង់​ញ៉ាំ​អី​ទៅ?” ទើប​ជា​សំណួរ​ដ៏​ល្អ​។

៧. កូន​គិត​ថា ការ​កុហក​ធ្វើ​ឲ្យ​គេ​ មើល​ទៅ​​នៅ​តែ​ជា​ក្មេង​ល្អ

កូន​ៗ​ខ្លាច​មិន​ហ៊ាន​ប្រាប់​ការពិត ព្រោះ​គេ​យល់​ថា​ សម្តី​កុហក​អាច​ធ្វើ​ឲ្យ​គេ​នៅ​តែ​ជា​មនុស្ស​ល្អ កូន​ល្អ​ក្នុង​ក្រសែ​ភ្នែក​របស់​អ្នក។ ក្នុង​នាម​ជា​ម្តាយ​ឪពុក​​ គួរ​ពន្យល់​ទៅ​កូន​ថា មនុស្ស​ល្អ​តែង​តែ​រៀន​ពី​កំហុស មាន​តែ​មនុស្ស​អាក្រក់​ទេ​គេចវេះ​មិន​ទទួល​ស្គាល់​ការពិត។

៨. ម្តាយ​ឪពុក​ចូលចិត្ត​និយាយ​កុហក​កូន​មុន

កូន​​ៗ​ចាំ​តែ​ចម្លង​ពី​ម្តាយ​ឪពុក​របស់​គេ​ទេ។ បើ​រស់​នៅ​ក្នុង​ផ្ទះ ពោរពេញ​ដោយ​មនុស្ស​ពូកែ​​កុហក ក្មេង​ៗ​ក៏​គ្មាន​ថ្ងៃ ចេះ​និយាយ​ត្រង់​ដែរ។ មាន​តែ​ភាព​ស្មោះត្រង់​ទេ ទើប​អាច​ធ្វើ​ជា​គំរូ​ល្អ​បាន។

៩. កូន​ៗ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួន​ឯង

បើ​មាន​បញ្ហា​អី​តិច​តួច​ អ្នក​ចូល​ចិត្ត​តែ​ស្រែក​គំហក​ដាក់ ស្តី​បន្ទោស​ ពួក​គេ​នឹង​មិន​​អាច​ដឹង​ថា​អ្វី​ល្អ អ្វី​អាក្រក់​ ហើយ​ក៏​មិន​ចង់​ប្រាប់​ការ​ពិត​ដែរ។

ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ល្អ ពន្យល់​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​ខុស​តាម​សម្រួល។ វិធី​នេះ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​គំនិត​លូត​លាស់​ទៅ​មុខ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យកូន​ៗ​ ដឹង​ថា​​ការ​និយាយ​ពាក្យ​ពិត​មាន​សារសំខាន់​ធំ​ធេង​យ៉ាង​ណា៕

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម